លក្ខណៈពិសេស និងចំណុចសំខាន់ៗទាំង ៨ យ៉ាងរបស់សត្វសេះសមុទ្រ ដែលមនុស្សតិចណាស់បានដឹង

សេះសមុទ្រ ជាសត្វមួយប្រភេទមាននៅគ្រប់មជ្ឃដ្ឋានទឹក នៅតំបន់ត្រូពិចទាំងអស់គេដាក់ឈ្មោះវាថា “សេះសមុទ្រ” ដោយសារតែវាមានក្បាលស្រដៀងសត្វសេះ រួមជាមួយតួខ្លួន​ងរខ្ទឺត​ដូច​ក​សេះ​បេះដាក់។ តាម​ការ​ស្រាវជ្រាវ​កន្លងមកគេរកឃើញថា សេះសមុទ្រមាន ៤៧ ប្រភេទ ពួកវាមិនត្រឹម​តែ​មាន​រូបរាង​ទាក់ទាញទេ ថែមទាំងមានចំណុចពិសេសច្រើនទៀតដូចតទៅ៖

Cover Copy

១. សត្វ​ស្មោះ​ស្នេហ៍ ៖ សេះសមុទ្រមានតែដៃគូមួយគត់ប៉ុណ្ណោះ ទើបធ្វើឲ្យការបន្តពូជរបស់ពួកវាជោគជ័យពីរដូវមួយទៅរដូវមួយ។ លើសពីនេះ វារាក់ទាក់ដៃគូវាជារៀងរាល់ព្រឹក ដោយថ្ពក់កន្ទុយនឹងគ្នាបង្វិលមួយសន្ទុះយូរបំផុតមួយម៉ោង ដើម្បីបង្កើនការស្រលាញ់យូរអង្វែង។

២. សេះឈ្មោលមានផ្ទៃពោះ ៖ ពេលសេះសមុទ្របន្តពូជ សេះញីដាក់ពងនៅក្នុងបំពង់អូវែរបស់សេះឈ្មោល បន្ទាប់មកសេះឈ្មោលនឹងទៅសម្រាករាប់សប្ដាហ៍រាប់ខែទម្រាំសម្រាលកូនចេញមក ចំណែកឯកូនពួកគេវិញតូចៗទេតែអាចមានដល់ទៅ ១០០០ក្បាលឯណោះ។

៣. សេះសមុទ្រហែលទឹកកំពូលអន់ ៖ ឈ្មោះសុទ្ធតែសេះ ប៉ុន្តែហែលទឹកវើកៗព្រោះវាមានព្រុយតូចៗពេក ដូច្នេះហើយទើបសេះសមុទ្រខ្លះស្លាប់ពេលមានរលកធំៗឬព្យុះជាដើម។

5ea6abf1116ce2aeb9a34746f557e9ef

៤. មានភាពវៃឆ្លាត ៖ ទោះបីជាពួកវាមិនសូវពូកែហែលទឹកមែន តែសេះសមុទ្រអាចថ្ពក់កន្ទុយទៅនឹងវត្ថុឬសត្វដែលកំពុងធ្វើដំណើរដើម្បីទៅជាមួយគេដែរ។ ជាពិសេសវាចូលចិត្តថ្ពក់កន្ទុយជាមួយដៃគូវាកុំអោយបែកឆ្ងាយពីគ្នាទៀតផង។

៥. ពូកែលាក់ខ្លួន ៖ សត្រូវលេខមួយរបស់សេះសមុទ្រគឺសត្វក្ដាម វិធីយករួចខ្លួនពីក្ដាមគឺមានតែបន្លំខ្លួននឹងរុក្ខជាតិក្រោមទឹក។

៦. មានរបបអាហារត្រឹមត្រូវ ៖ អ្នកប្រហែលមិនដឹងទេថាសេះសមុទ្រអត់មានពោះនិងធ្មេញទេ ធម្មជាតិតម្រូវឱ្យវាស៊ីសាច់ជាប្រចាំដូចជា សត្វល្អិតក្នុងទឹក ត្រីតូច និងផ្លេកន៍តុនផ្សេងៗ។

281856fc08ef35ec38e352eb579add85

៧. សេះសមុទ្រគឺជាពពួកត្រី ៖ ពួកវាមានស្រកីសម្រាប់ដកដង្ហើម មានប្លោកនោមហែលទឹក និងរស់នៅក្នុងទឹក សំបកក្រៅរបស់សេះសមុទ្រពោរពេញដោយឆ្អឺងធ្វើឲ្យសត្វដទៃពិបាកស៊ីណាស់។

៨. សេះសមុទ្រត្រូវការជំនួយពីមនុស្ស ៖ ដូចគ្នានឹងសត្វសមុទ្រដទៃទៀតដែរ ពួកវាពឹងផ្អែកលើមនុស្សដើម្បីមានជីវិតល្អប្រសើរ។ ការគំរាមកំហែងដែលបង្កើតឡើងដោយមនុស្សដូចជា ការនេសាទហួសកម្រិត ការកេងប្រវ័ញ្ចហួសហេតុ និងជាច្រើនទៀតបណ្តាលឱ្យចំនួនសេះសមុទ្រទាំងនេះធ្លាក់ចុះយ៉ាងខ្លាំង។ ពួកវាមិនត្រូវបានចាត់ទុកថាជាសត្វជិតផុតពូជនោះទេ ប៉ុន្តែប្រសិនបើការគំរាមកំហែងដែលបង្កើតឡើងដោយមនុស្សទាំងនេះនៅតែបន្តរីករាលដាលទៀតនោះចំនួនរបស់ពួកគេនឹងថយចុះក្នុងពេលឆាប់ៗ។

លើសពីនេះ សេះសមុទ្រក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សដែរ។ ពួកវាត្រូវបានគេយកទៅធ្វើថ្នាំចិនដើម្បីព្យាបាលជំងៃហឺត អសមត្ថភាពផ្លូវភេទរបស់បុរស និងបំបាត់ការឈឺចាប់ជាដើម៕