ទស្សន៍ទាយបុគ្គលិកលក្ខណៈ តាមរយៈឆ្នាំកំណើតទាំង ១២ តាមក្បួនតម្រាខ្មែរ

យោងតាមក្បួនតម្រាខ្មែរទស្សន៍ទាយជោគជតារាសី និងចរិតលក្ខណៈអ្នកឆ្នាំកំណើតទាំង ១២ តាមក្បួនខ្មែរ ដែលមើលតាមខែកំណើតនីមួយៗនៃឆ្នាំទាំង ១២។

Cover Copy

១. ទំនាយបុគ្គលកើតឆ្នាំជូត ៖ ឆ្នាំជូត​ (សត្វកណ្តុរ)​ ធាតុទឹក​ ពង្សាកំណេីតជាទេព្តាប្រុស ត្រូវត្រង់កាលដែលនាយសារថីនាំព្រះតេមិយទៅកប់​។ បុគ្គលអ្នកកេីតឆ្នាំជូតមូលព្រលឹងនៅនឹងដេីមដូង​ និងដេីមចេក​ ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកដាំដេីមដូង​ និងដេីមចេកឱ្យមានក្នុងភូមិស្ថាន​ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ កណ្តុរមាស​ ធាតុទឹកទន្លេ​ ជាកណ្តុរពាំកែវ​ នឹងមានបុណ្យវាសនា។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ កណ្តុរតូចៗ​ ប្រឹងសុីចំណី​ ធាតុទឹកដែលមនុស្សអាស្រ័យនៅ​ ចរចារពាក្យសាប​ មិនបានជាទីកោតសរសេីរ​ តែចិត្តជាបុណ្យ។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ កណ្តុរអត់ចំណីងាប់​ ធាតុទឹកក្នុងព្រៃ​ រកចិញ្ចឹមខ្លួនបានដោយកម្រ​ ទឹកចិត្តក្លាហានហេីយកាចមួម៉ៅ។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន កណ្តុរផេីម​ នៅដោយភ្លឺស្រែ​ ធាតុទឹកក្នុងជ្រលងអូរ​ ជាកណ្តុរមានភ្នែកសម្លក់ធំៗ​ ជាមនុស្សមានកូនច្រេីន​ ចិត្តជាបុណ្យ​ ធន់ស៊ូណាស់​។

២. ទំនាយបុគ្គលកើតឆ្នាំឆ្លូវ​ ៖ ឆ្នាំឆ្លូវ​ (សត្វគោ)​ ធាតុដី​ ពង្សារកំណេីតជាមនុស្សប្រុស​ ត្រូវត្រង់កាលដែលព្រះមហាជនកលាព្រះមាតាទៅរកគ្រូអាចារ្យ ហេីយក៏ធ្លាយសំពៅ​កណ្តាលសាគរ ប៉ុន្តែជាកុសលកម្មបាននាងមេខលាជាអាទិទេពសមុទ្រហោះទៅស្រង់យកទៅទុកក្នុងសួនឧទ្យាន​។ បុគ្គលអ្នកកេីតឆ្នាំឆ្លូវមូលព្រលឹងនៅនឹងដេីមត្នោត​ ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​ត្នោត​ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ជាគោព្រៃ​ ធាតុដីឆ្អិន​ ជាគោឡេីងបូក​ កាត់ពូជសាសន៍ច្រេីន​ ពិបាកប្រេី​ ចិត្តកាច​ ចិត្តរឹង​ទទឹង​ តែកាលនៅពីតូចជាក្មេងល្អ។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ជាគោមនុស្សភ្ជួរស្រែ​ ធាតុដីស្ងោរ​ ចរចាមិនរាបសារ​ ច្រេីនពោលពាក្យ​ខ្ជាន់ៗ​ ចិត្តរឹង​ គំនិតរុះរេីច្រេីន។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ​ គោសំគម​ បាក់ជេីង​ ធាតុដីកំពូលភ្នំ​ ជាគោនៅក្នុងរោង​ ឬក្រោល​ ពិបាករកសុី​ តែចិត្តជាបុណ្យ។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន គោឧសភរាជ​ គោព្រះរាជាចិញ្ចឹម​ ធាតុដីក្រៀម​ ស្ងួត​ ជាគោទំពារអៀង​ ឧត្តម​ល្អ​ មានវាសនាជាអ្នកមានទ្រព្យធន។

៣. ទំនាយបុគ្គលកេីតឆ្នាំខាល ៖ ឆ្នាំខាល​ (ខ្លា)​ ធាតុឈេី​​ ពង្សាកំណេីតជាយក្ខិនី ត្រូវត្រង់កាលព្រះសុវណ្ណសាមទៅដងទឹកជាមួយហ្វូងសត្វ។ បុគ្គលអ្នកកេីតឆ្នាំខាលមូលព្រលឹងនៅនឹងដេីមរខ្នុរសំឡ​ និងដេីមរាំងភ្នំ ដូច្នេះគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតមកស្លៀកដណ្តប់ដេីមខ្នុរសំឡ​ ឬ​ ដេីមរាំងភ្នំ​ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ​ខ្លាធំ​ ធាតុឈេីស្ងួត​ ជាខ្លាអារក្សអ្នកតា​ ទឹកចិត្តទៀងទាត់​ ប៉ុន្តែក្រលំបាក។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ខ្លាត្រី​ ធាតុឈេីស្ទន់​ បានកូនជាមនុស្សមានបុណ្យ​ ហេីយនឹងជាទីពឹងពំនាក់​ ដោយសារភរិយា/ប្តីជា។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ខ្លារខិន​ ដេកស្ងៀម​ ធាតុឈេីក្រអូប​ មានទ្រព្យសម្បត្តិបរិបូណ៌​ ចរចាពាក្យពិតប្រាកដ។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ខ្លាបង្កង់​ សុីមនុស្ស​ ធាតុឈេីលេីកំពូលភ្នំ​ មានបញ្ញា​ឆ្លៀវឆ្លាត​ តែជាអ្នកលេងឫក។

៤. ទំនាយបុគ្គលកេីតឆ្នាំថោះ ៖ ឆ្នាំថោះ​ (សត្វទន្សាយ)​ ធាតុឈេី ពង្សាកំណេីតជាមនុស្សស្រី ត្រូវត្រង់កាលដែលព្រះនេមិរាជ​ ទៅពិនិត្យមេីលស្ថានសួគ៌​ និងស្ថាននរក។ បុគ្គលអ្នកកេីតឆ្នាំថោះមូលព្រលឹងនៅនឹងដេីមដូងនាឡិ​ (ដូងតាកែ)​ ឬដេីមល្មុត ដូច្នេះ​គួររកសំពត់ព្រែ​ពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​ដូងនាឡិ​ ឬដេីមល្មុតដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ទន្សាយក្នុងវង់ព្រះចន្ទ​ ធាតុឈេីស្ងួត​ លុះត្រាតែនឿយព្រួយគំនិត​ ទេីបបានជាអ្នកគ្រាន់​ជាបេី​ បេីនឹងប្រព្រឹត្តល្អទេីបបានបុណ្យកុសលហុចឱ្យរហ័ស។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ​ ទន្សាយបាក់ភ្លៅ​ ហេីយភ្នែកខ្វាក់​ទាំងសងខាង​ផង​ ធាតុឈេីស្ទន់​ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ជាប្រាកដ។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ទន្សាយស្គម​ ទ្រមយ៉ាងខ្លាំង​ ធាតុឈេីក្រអូប​ឈ្ងប់​ ច្រេីនរំខានចិត្ត​ អំពល់ព្រួយនឹងរោគចុកជេីងដៃ។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ​ ទន្សាយលោតហក់លេីកំពូលភ្នំ​ ធាតុឈេីប្រក្រតី​ មានបញ្ញាខ្ពស់​ ឆ្លាតវៀងវៃ​ ស្មារតីរឹងប៉ឹង។

៥. ទំនាយបុគ្គលកេីតឆ្នាំរោង ៖ ឆ្នាំរោង​ (នាគរាជ)​ ធាតុមាស​ ពង្សាកំណេីតជាទេព្តាប្រុស ត្រូវត្រង់កាលដែលព្រះមហោសថដោះស្រាយប្រស្នាឱ្យទេព្តាស្តាប់។ បុគ្គលអ្នកកេីតឆ្នាំរោងមូលព្រលឹងនៅនឹងដេីមរលួស​ ឬ​ ដេីមឬស្សី ដូច្នេះគួររកស្រោចទឹក​ ជ្រោយដីគុម្ពដេីម​រលួស ឬដាំដេីមឬស្សីដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ពស់នាគរាជ​ ធាតុមាសទង់ហ្វ៊ា​ ធ្វេីការរដ្ឋល្អ​ មានខ្ញុំកំដរច្រេីន​ សត្រូវប៉ងនឹង​ប្រទូស្តមិនបាន។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ពស់ថ្លាន់​ ខ្លួនធំ​ ធាតុមាសពណ៌ឆ្អិនឆ្អៅ​ កាលពីតូចមានសេចក្តីចង្អៀតចង្អល់ចិត្តច្រេីន​ លុះធំឡេីងមានចិត្តទូលាយគ្រប់ពេល។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ​ ពស់វែករនាម​ ធាតុមាសកប្បាស​ ចិត្តបុណ្យ​ ច្រេីនអាសូរដល់អ្នកក្រីក្រលំបាក​ ជាមនុស្សមានចិត្តធ្ងន់។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ពស់ថ្លាន់ភ្ញី​ ធាតុមាសប្រក្រតី ជាមនុស្សទៀងទាត់​ ធ្វេីការរដ្ឋគាប់ប្រសេីរ​ អ្នកផងគាប់ចិត្ត។

៦. ទំនាយបុគ្គលកេីតឆ្នាំម្សាញ់ ៖ ឆ្នាំម្សាញ់​ (សត្វពស់វែក)​ ធាតុភ្លេីង​ ពង្សាកំណេីតជាមនុស្សប្រុស ត្រូវត្រង់កាលដែលព្រះភូរិទត្តពែនលេីដំបូក​ អាយលម្ពាយចាប់យកទៅឃុំឃាំង​ ហេីយបង្ខំឱ្យរាំ។ បុគ្គលអ្នកកេីតឆ្នាំម្សាញ់មូលព្រលឹងនៅនឹងដេីមរាំងភ្នំ​ ឬដេីមឬស្សី​ ដូច្នេះ​គួររកសំពត់ព្រែ​ពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​រាំងភ្នំ ឬ​ ស្រោចទឹកជ្រោយគុម្ពឬស្សីដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ស្តេចពស់តូច​ធាតុភ្លេីងលេីមេឃ​ ជាមនុស្សចិត្តរាបសា​ គិតការអ្វីច្រេីនសម្រេច​ មាត់នោះលុះតែថាហេីយ​ នឹងបានកកេីតជាសាច់ការ​ ល្អណាស់។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ពស់តូច​ ជាពស់ថ្លាន់ភ្ញី​ ធាតុភ្លេីងភ្នក់​ ទិដ្ឋិរឹង​ ចិត្តមនោមានះ​ បញ្ញាខ្ជាប់ខ្ជួន​ មាត់អាក្រក់​តែចិត្តល្អ​ ទ្រព្យសម្បត្តិមធ្យម។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ពស់វែកស្រងែ​ ខ្លួនតូច​ ធាតុភ្លេីងក្នុងថ្ម​ ចិត្តទោរទន់​ សំដីតិច​ តែច្រេីនបានការ​ កិរិយាមាយាទសមសួនជាមនុស្សល្អ។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ពស់តូច​ ជាពស់តុកកែ​ ធាតុភ្លេីងក្នុងកែវ​ ចិត្តជាបុណ្យ​ ធន់ស៊ូក្នុងការងារ​ មិនជាសត្រូវនឹងគេ​ ចិញ្ចឹមខ្លួនបានដោយស្រួល។

Cover Copy

៧. ទំនាយបុគ្គលអ្នកកេីតឆ្នាំមមី ៖ ឆ្នាំមមី​ (សត្វសេះ)​ ធាតុភ្លេីង​ ពង្សាកំណេីតជាទេព្តាស្រី ត្រូវត្រង់កាលដែលព្រះចន្ទកុមារ​ ត្រូវព្រាហ្មយកទៅបូជាយញ្ញ​ ទេព្តាមកជួយដោះស្រាយ​ទេីបបានផុតពីភយន្តរាយ។ បុគ្គលអ្នកកេីតឆ្នាំមមីមូលព្រលឹងនៅនឹងដេីមចាន់​ ឬដេីមចេក​ ដូច្នេះ​ចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែ​ពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​ចាន់​ ឬ​ រកដាំដេីមចេកក្បែរផ្ទះដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ)​ សេះអស្សរាជ​ ធាតុភ្លេីងកណ្តាលអាកាស​ មានបញ្ញាភ្លឺថ្លា​ ចិត្តទោរទន់​ រក្សាខ្លួនបានដោយប្រពៃ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ​ សេះទាល់ច្រក​ ធាតុភ្លេីងគប់​ មានចិត្តជាអ្នកលេង​ ច្រេីនថ្លោះធ្លោយមាត់​ ហាស្តីឡេីងនាំឱ្យគេមេីលងាយ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ​ សេះគេថែរក្សា​ ធាតុភ្លេីងថ្ម​ បេីទោះណាជាមានសម្បត្តិទ្រព្យស្តុកស្តម្ភ​ ក៏មិនបានជាឧត្តុងឧត្តមឡេីយ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន)៖​ សេះខ្ចកជេីង​ ធាតុភ្លេីងក្នុងកែវ​ មានយសសក្តិ​ នឹងបានជាធំ​ មានសម្បត្តិទ្រព្យបរិបូណ៌។

៨. ទំនាយបុគ្គលអ្នកកេីតឆ្នាំមមែ ៖ ឆ្នាំមមែ​ (ពពែ)​ ធាតុមាស​ ពង្សាកំណេីតជាទេព្តាស្រី ត្រូវត្រង់កាលដែលព្រហ្មនារទរែកមាសចុះមកស្ថានមនុស្សលោក​ ហេីយរក្សាសីល​។ បុគ្គលអ្នកកេីតឆ្នាំមមែមូលព្រលឹងនៅនឹងដេីមឫស្សីព្រៃ​ ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួរជីកដីជ្រោយគុម្ព​ និងស្រោចទឹកគល់ឫស្សីនោះ ​ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ពពែរកសុីដាច់សង្វែង​ ធាតុមាសទង់ហ្វ៊ា​ រៀនវិជ្ជាបានចេះដឹងល្មមចិញ្ចឹមខ្លួនឯងបាន​ តែស្វែងរកលាភទីឆ្ងាយមិនសូវបាន។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ពពែគេចិញ្ចឹម​ក្នុងភូមិ​ ធាតុមាសសស្រួយ​ មានសេចក្តីទុក្ខច្រេីន​ ទញ់ទាល់​គំនិ​ត​ ប៉ងនឹងទៅទីឆ្ងាយ​ មិនងាយនឹងបានទៅ។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ពពែខ្ចក់ជេីង​ ធាតុមាសស​ ច្រេីនឈេីដៃឈឺជេីង​ ចិត្តមុត​ មានសេចក្តីក្លាហាន​ មានបញ្ញាស្មារតីល្អ​ ចងចាំអ្វីបានមិនរលត់។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ពពែស្តេចចិញ្ចឹម​ ធាតុមាសទឹកដប់​ ចិត្តទន់​ ចិត្តជាបុណ្យ​ នឹងបានជាធំមានសម្បត្តិបរិបូណ៌។

៩. ទំនាយបុគ្គលអ្នកកេីតឆ្នាំវក ៖ ឆ្នាំវក​ (ពានរ)​ ធាតុដែក​ ពង្សាកំណេីតជាយក្សា​ នោះកាលព្រះពិធូរ​ត្រូវអសុរនវយក្សចងដៃ​ភ្ជាប់នឹងកន្ទុយសេះ​ នាំឆ្ពោះទៅកាន់ស្ថានភុជង្គនាគ​ មូលព្រលឹងនៅដេីមខ្នុរ។ ដូច្នេះ​ចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែ​ពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមខ្នុរ​ ដេីម្បី​ជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ​ ស្វាពោធិសត្វ​ ធាតុដែកទន់​ ចិត្តទន់​ ធ្វេីគុណនឹងគេច្រេីនអសារបង់​ លុះគ្រាក្រោយទៅ​នឹងបានជាល្អវិញ។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ស្វាព្រៃ​ ធាតុមេដែក​ ចិត្តទៀងទាត់​ នឹងបានជាធំ​ បរិបូណ៌ដោយសម្បត្តិទ្រព្យ​ តែមិនចេះរក្សាទុកដាក់។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ស្វានៅក្នុងព្រៃស្មសាន​ ធាតុដែកល្អ​ ចិត្តក្លាហាន​ មានបរិវារខ្ញុំកំដរច្រេីន​ ចិត្តសប្បាយ​ និងមានសណ្តានចិត្តទូលាយ។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ស្វាព្រាហ្មណ៍​ ពិបាកចិញ្ចឹម​ ធាតុដែកថែប​ តែចិត្តជាបុណ្យ​ ចរចាពាក្យទៀងត្រង់​ ឬកពាសម​ នឹងរូបរាង្គ​។

១០. ទំនាយបុគ្គលអ្នកកេីតឆ្នាំរកា ៖ ឆ្នាំរកា​ (សត្វមាន់)​ ធាតុដែក​ ពង្សាកំណេីតជាយក្សា​ ត្រូវត្រង់កាលដែលព្រះវេស្សន្តរនាំមហេសី​ ព្រមទាំងបុត្រាបុត្រីទៅគង់នៅឯភ្នុំគិរីវង្គត​ សាងព្រឹទ្ធជាឥសី។ បុគ្គលអ្នកកេីតឆ្នាំរកាមូលព្រលឹងនៅនឹងដេីមចំបក់​ ឬដេីមកប្បាសទេស​ ដូច្នេះ​ចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែ​ពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​ចំបក់​ដេីម្បី​ ជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ មាន់គកគេចិញ្ចឹមបម្រុងទុកជល់​ ធាតុដែកទន់​ កាលនៅតូចច្រេីនលំបាកចិត្ត​ ចិត្តទន់​ ចិត្តជាបុណ្យ​ បេីជាស្រីច្រេីនអភព្វប្តី។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ​ មាន់ព្រៃ​ ធាតុមេដែក​ មានបុណ្យច្រេីន​ មានបញ្ញាច្រេីន​ ពាក្យពេចន៍ពិរោះ​ សន្តានចិត្តឆាប់ខឹង​ ប្រកាន់ខឹង។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ត្រូវចំលេីមាន់ងាប់​ ដេីរសព្វច្រកល្ហក​ ធាតុដែក​ល្អ​ មិនសូវមានបញ្ញា​ តែចិត្តជឿបុណ្យ​ និងបាប។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន មាន់ពោធិសត្វ ធាតុដែកថែប​ មានសម្បត្តិភោគច្រេីន​ ហេីយមានបញ្ញា​ រៀនវិជ្ជាចេះដឹងល្អប្រសេី។

១១. ទំនាយបុគ្គលអ្នកកេីតឆ្នាំច ៖ ឆ្នាំច​ (សុនខ)​ ធាតុដី​ ពង្សាកំណេីតជាយក្ខិនី​ ត្រូវត្រង់កាលដែលស្តេចបោរសាទដុះចង្កូម​ ត្រូវគេបណ្តេញចេញពីស្រុក។ បុគ្គលអ្នកកេីតឆ្នាំចមូលព្រលឹងនៅនឹងដេីមសំរោង​ ឬដេីមឈូកប្រក្រតី​ ដូច្នេះយគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីម​សម្រោង​ ឬដាំដេីមឈូកក្បែរលំនៅដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ឆ្កែ​មានម្ចាស់ថែរក្សា​ ធាតុដីឆ្អិន​ កាលនៅតូច​ចិត្តចង្អៀត​ ចង្អល់ណាស់​ លុះដល់ខ្លួនធំ​ ទេីបបានល្អវិញ។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ឆ្កែដេញសត្វ​ មានម្ចាស់ចិញ្ចឹម​ ធាតុដីស្ងោរ​ ចរចាតែពាក្យមានប្រយោជន៍​ច្រេីនមានបុណ្យ​ និងមានបញ្ញា។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ឆ្កែចចក​ ធាតុដីកំពូលភ្នំ​ ចិត្តរឹងក្លាហាន​ ជាមនុស្សស្រលាញ់វង់ត្រកូល។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ឆ្កែកណ្តាលផ្សារ​ ធាតុដីស្បាត់​ ចិត្តជាទាហាន​ ចិញ្ចឹមខ្លួនបានដោយងាយ​ ជាមនុស្សគ្រប់គ្រាន់ដោយទ្រព្យធន។

១២. ទំនាយបុគ្គលអ្នកកេីតឆ្នាំកុរ ៖ ឆ្នាំកុរ​ (សត្វជ្រូក)​ ធាតុទឹក​ ពង្សាកំណេីតកេីតជាមនុស្សស្រី ត្រូវត្រង់កាលដែលព្រះសុភមិត្តនាំនាងកែវក្រឹស្នាចូលក្នុងព្រៃ​។ បុគ្គលអ្នកកេីតឆ្នាំកុរមូលព្រលឹងនៅនឹងឈូករតន៍​ និងដេីមឈូកប្រក្រតី​ ដូច្នេះ​គួររកដេីមឈូករតន៍ដាំ​ដុះក្បែររបង​ ឬ​ អាចបូជាផ្កាឈូក​ដេីម្បីបានជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន​។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ​ ចេត្រ​ ពិសាខ​ ជេស្ឋ ជ្រូកស្តេចចិញ្ចឹម​ធាតុទឹកទន្លេ​ ជាមនុស្សមានវាសនាខ្ពស់​ មានសេចក្តីសុខច្រេីន​ គំនិតគិតអ្វីច្រេីនត្រូវ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ​ អាសាឍ​ ស្រាពណ៍​ ភទ្របទ ជ្រូកគេបំប៉ន​ ទំនុកបម្រុងដោយបាយក្នុងទ្រុង​ ធាតុទឹក​ដែលមនុស្សអាស្រ័យ​ ជាមនុស្សមានបុណ្យ​ មានគំនិតស្មោះត្រង់​ និងច្រេីនជាមនុស្សចូលចិត្តមេីលបំណាំ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ​ អស្សុជ​ កត្តិក​ មិគសិរ ជ្រូកអង្គែសុី​ ធាតុទឹកក្នុងព្រៃ​ ចិត្តធ្ងន់​ ធន់ស៊ូ​ ជាមនុស្សល្មោភពោលពាក្យច្រំដែល​ ត្រេកអរនឹងពាក្យសរសេីរចំពោះមុខ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ​ បុស្ស​ មាឃ​ ផល្គុន ជ្រូកព្រៃពាំកែវ​ ធាតុទឹកក្នុងស្ទឹង​ ចិត្តជាបុណ្យ​ មានបញ្ញាភ្លឺស្វាង​ គំនិតច្រេីនយល់ត្រូវនឹងផ្លូវប្រយោជន៍៕