រកកន្លែងគេងទៅ! នៅសប្តាហ៍ក្រោយ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យធំមួយនៅអង្គរ រយៈពេល ៣ ថ្ងៃជាប់គ្នា

នៅមុននេះបន្តិច អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងដល់បងប្អូនទាំងអស់គ្នា ឱ្យបានដឹងថាអំពីការរៀបចំពិធីបុណ្យជាច្រើនថ្ងៃបន្តបន្ទាប់គ្នានៅទីក្រុងសៀមរាប ដែលបងប្អូនទាំងអស់គ្នាអាចចូលរួមបាន។ អាជ្ញាធរ នឹងរៀបចំប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ» នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ចំពោះការរៀបចំប្រារព្ធពិធីបុណ្យនេះ គឺប្រារព្ធឡើងដើម្បីចូលរួមអបអរសាទរខួបជិត ៣០ ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ដែល ជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និង សុខសន្តិភាព ហើយក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វបុរស និង បុព្វការីជនខ្មែរ គ្រប់ជំនាន់ផងដែរ។ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមផងដែរថា ពិធីបុណ្យនេះផងដែរក៍មានការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និង ការដាក់បាតព្រះសង្ឃ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

ចំពោះនៅថ្ងៃបើកពិធីបុណ្យ «រំលឹកគុណអង្គរ» នឹងមានការសម្តែងល្ខោនស្បែកធំ នាពេលយប់ ហើយនិង ការរៀបចំស្តង់ពិព័រណ៍សមិទ្ធផល និង សកម្មភាពការងារ របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាការបើកការទស្សនា ការដ្ឋានជួសជុលនានា ក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ផងដែរ។ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏នឹងមានការប្រារព្ធពិធីសាសនា និង ការសម្តែងសិល្បៈល្ខោនបាសាក់ ផងដែរ នៅថ្ងៃទី ១២ និង ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅបរិវេណ ប្រាសាទភ្នំបាខែង និង ទីលានជល់ដំរី ក្រុងអង្គរធំ។ចង់ជ្រាបច្បាស់សូមអានសេចក្ដីលម្អិតនៅខាងក្រោមនេះ៖