សុំទោសម្នាក់ទៀតហើយ!! សឿ សុធារ៉ា ប្រកាសសុំទោសជំទាវ ស្រីអយ ទាំងយប់ព្រោះរឿងច្រលំថាជំពាក់លុយ……..

ជឿថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រាកដជាបានជ្រាបហើយថា នៅលើបណ្ដាញសង្គមថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងការជំពាក់លុយតុងទីនរវាងតារាសម្ដែង សឿ សុធារ៉ា និង តារាកំប្លែង ខ្ញុង ដោយកាលពីដើមចមដំបូង សឿ សុធារ៉ា បានប្រកាសក្ដែងៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា អតីតតារាកំប្លែង ជំទាវ ស្រីអយ បានជំពាក់លុយនាងពាក់ព័ន្ធនឹងលុយតុងទីន។

 

រឿងរ៉ាវអាស្រូវលុយកាក់ខាងលើបានផ្ទុះកាន់តែខ្លាំង និង មានមន្ទិលសង្ស័យជាច្រើនថា តើការពិតយ៉ាងណា ក៏ព្រោះតែអ្នកនាង សឿ សុធារ៉ា បានប្រកាសថា ជំទាវ ស្រីអយ ជំពាក់លុយតុងទីនខ្លួន តែងាកទៅមើលជំទាវ ស្រីអយ វិញ បានបដិសេធចេញមុខទាមទារយុត្តិធម៌ និង កិត្តិយសរបស់នាងមកវិញ។

 

ជាក់ស្តែងនៅយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារគួរឱ្យភ្ញាក់ផ្អើល និង ហួសចិត្តទាំងយប់ ដោយលើកឡើងថា ជំទាវ ស្រីអយ មិនបានជំពាក់លុយខ្លួនទេ គឺជំទាវ ស្រីអយ បានសងនាងរួចរាល់តាំងពីខែមុនមកម្ល៉េះ តែនាងមានការធ្វេសប្រហែស យល់ច្រឡំថ្ងៃខែ។

 

សារបង្ហោះទាំងយប់នោះ អ្នកនាង សឿ សុធារ៉ា រៀបរាប់ថា៖ «សូមជម្រាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី ៦ ខ្ញុំបានផុសហ្វេសប៊ុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ ) ឱ្យបងប្អូនបានឃើញទាំងអស់គ្នា។ នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់ឱ្យនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រួចរាល់អស់ហើយ។ ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះ ដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា។ ជាពិសេស គឺសុំអភ័យទោសអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ហើយធ្វើឱ្យបងប្អូនមានការយល់ច្រលំដល់គាត់»៕