ជួយស៊ែរចែកគ្នាប្រុងប្រយ័ត្ន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយយកក្រដាស​ប្រាក់រៀលក្លែងក្លាយ ១៥លាន មកចរាចរ…

នគរបាលស្រុកស្វាយលើ បានឃាត់ខ្លួន ជនសង្ស័យ ២ នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប នៅពេលបុរសស្ត្រីនោះ បានធ្វើចរាចរក្រដាសប្រាក់រៀល ក្លែងក្លាយ ។

នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះថាៈ ជនសង្ស័យទាំងពីរនាក់ ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ ៣១ ឆ្នាំ និងឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ។ ទាំង២នាក់នេះ រស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ការឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ ប្តីប្រពន្ធនេះ គឺធ្វើឡើងតាម ពាក្យបណ្ដឹងរបស់ ប្រជាពលរដ្ឋ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាលស្រុកស្វាយលើបានដកហូត វត្ថុតាងបាន រួមមាន ក្រដាសប្រាក់ក្លែងក្លាយ ចំនួន ១៥.៧០០.០០០ រៀល ក្នុងនោះ ក្រដាស ៥០.០០០ រៀល ចំនួន ១៣.៩០០.០០០ រៀល, ក្រដាស ១០.០០០ រៀល ចំនួន ១.៨០០.០០០ រៀល និងប្រាក់រៀល (ប្រាក់សុទ្ធ) មួយចំនួនទៀត។ ក្រៅពីនោះ ឃើញមានអត្តសញ្ញាណប័ណ្ណ កាតធនាគារ ប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទ metfone និងកាតទូរស័ព្ទ smart មួយចំនួនទៀត។

ជនសង្ស័យ បានសារភាពថាៈ ពួកគេបានជិះម៉ូតូ ចេញពីខេត្តព្រះវិហារមកខេត្ត សៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយកក្រដាសប្រាក់ ក្លែងក្លាយ (ក្រដាសប្រាក់ ៥០.០០០ រៀល និង ១០.០០០ រៀល) មកចាយ នៅក្នុងភូមិសាស្ត្រ ឃុំស្វាយលើ ហើយក៍ត្រូវនគរបាល ចាប់ខ្លួនតែម្តង។ ជនសង្ស័យត្រូវបានកសាង សំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាការ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕