កោតសសើរ! យុវតីខ្មែរម្នាក់ប្រឹងរៀនរហូតទទួលបានអាហាររូបករណ៍ ១០០%នៅជប៉ុន ហើយសន្យាបែបនេះថា….

យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ

ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។ប៉ុន្តែក្រោយចូលរៀនជំនាញកុំព្យូទ័រ បាន ១ខែរួចមក យុវតីរូបនេះត្រូវបានជំរុញនិងលើកទឹកចិត្តដោយលោកគ្រូ គណិតវិទ្យា របស់ខ្លួនឱ្យសាកដាក់ពាក្យប្រលងយកអាហារូបករណ៍នៅប្រទេសជប៉ុន

ហើយជាលទ្ធផលគឺ ជាប់អាហាររូបករណ៍រហូតដល់ ១០០% និងជាសិស្ស ម្នាក់នៃសិស្ស ៨នាក់ដែលជាប់ក្នុងចំណោមអ្នកដាក់ពាក្យចន្លោះពី ២០០ ទៅ ៣០០នាក់។ដោយឡែកបើក្រលេកទៅមើលការរស់នៅក្នុងប្រទេសជប៉ុនវិញ យុវតី មួយជូ បានឱ្យដឹងថា មិនមានភាពងាយស្រួលនោះទេ

ព្រោះរូបនាងត្រូវបែកពីគ្រួសារ និងមិនចេះភាសាជប៉ុនពេលទៅដល់ទីនោះដំបូង តែទោះជាយ៉ាងណាក្ដី យុវតីរូបនេះ នៅតែតស៊ូជំនះ ដើម្បីម្ដាយរបស់នាងដែលតែងតែព្រួយបារម្ភ និងផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេល។

កញ្ញាបានបន្ថែមថា ក្នុងអំឡុងពេលសិក្សា និងរស់នៅជាង ៤ឆ្នាំមកនេះ កញ្ញាបានយល់ដឹង ក៏ដូចជារៀនសូត្របានច្រើនពីប្រទេសជប៉ុន ក្នុងនោះរូបនាងបានលើកឡើង ៣ចំណុចធំៗដែលនាងចូលចិត្តគឺ

ទី១ ទទួលបានព័ត៌មានច្រើន ដោយសារនៅប្រទេសជប៉ុនសំបូរទៅដោយហាងលក់សៀវភៅនិងមានតម្លៃថោក ហើយសៀវភៅខ្លះសឹងតែអានមិនគិតថ្លៃទៀតផង។ទី២ រៀនសូត្រពីជនជាតិជប៉ុនអំពីការរៀបចំពេលវេលា ដោយជនជាតិជប៉ុននៅពេលចង់ធ្វើអ្វីមួយគឺមានគម្រោងច្បាស់លាស់ និងកំណត់ពេលមុនហើយស្រាប់

និងទី៣ អាចស្គាល់ពីវប្បធម៌របស់ប្រទេសមួយផ្សេងទៀត ចំណុចមួយនេះ គឺជាចំណុចដែល មួយជូ ចូលចិត្តរៀននៅជប៉ុនខ្លាំងមែនទែន ដោយសារនៅក្នុងប្រទេសនេះ ប្រជាជនសុទ្ធតែសុភាពរាបសារ គោរពពេលវេលា និងជាមនុស្សខំប្រឹងប្រែង ដែលធ្វើឱ្យរូបនាងចង់ប្រឹងប្រែងដើរឱ្យទាន់នឹងគេ ដែលរស់នៅក្នុងសង្គមដ៏ល្អបែបនេះ។ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖