ដោយសារតែជួបរឿងបែបនេះ ធ្វើឲ្យ អ្នកនាង សុឹម សូលិកា សម្រេចធ្វើតេស្តរហ័ស រកកូវីដ-១៩ ដោយខ្លួនឯង រួចភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “មួយថ្ងៃកន្លង មនុស្សដែលបានរួមការងារ នៅក្នុងបន្ទប់ស្ទូឌីយោនោះ មាន…”

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ អ្នកនាង សុឹម សូលិកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាពធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដោយខ្លួនឯង រួចភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

 

“ខ្ញុំតែងតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមបីការពារ បីកុំ តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមិនចង់រុកច្រមុះបែបនេះទេ ខ្ញុំខ្លាចណាស់ ខ្លាចឆ្លងCOVID-19 ខ្លាចបន្តការចម្លងដល់គ្រួសាររបស់ខ្ញុំ ជាពិសេសម្ដាយវ័យចាស់នៅផ្ទះដែលមានជំងឺស្រាប់ផង ខ្ញុំរឹតតែមិនចង់ផ្ដល់បន្ទុកលំបាកបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនោះទេ

បញ្ជាក់: ខ្ញុំបានធ្វើការនៅក្នុងបន្ទប់ស្ទូឌីយោម៉ាស៊ីនត្រជាក់ បិទជិត ជាច្រើនម៉ោង អ្វីដែលសំខាន់ ហើយខ្ញុំបារម្ភខ្លាចបំផុតនោះគឺ ភ្ញៀវដែលមកចូលរួមទាំងអស់ ត្រូវបានអ្នកផលិតកម្មវិធី មិនអោយពួកគេពាក់ម៉ាស់នោះទេ តើអ្នកណាអាចទទួលខុសត្រូវចំពោះរឿងនេះ ???

តើការដកដង្ហើម នៅក្នុងបន្ទប់ស្ទូឌីយោ រយ:ពេលច្រើនម៉ោង ហើយមានមនុស្សច្រើនមកពីគ្រប់ទិសទីបែបនេះ ហេតុអីក៏អស់លោកអ្នក នៅតែបំពាន ហ៊ានតតាំងជាមួយមេរោគ COVID-19 បែបនេះ ??? ខ្ញុំ និងក្រុមការងារមួយចំនួន ភ័យខ្លាចណាស់ ពេលជួបមនុស្សដែលមិនពាក់ម៉ាស់ មកឈរនិយាយនៅក្បែរ តែគ្មានជម្រើសទេ ។

ជាការពិតណាស់ មួយថ្ងៃកន្លង មនុស្សដែលបានរួមការងារ នៅក្នុងបន្ទប់ស្ទូឌីយោនោះ មានវិជ្ជមានកូវីដ-១៩ ហើយបានរកឃើញជាបន្តបន្ទាប់ បើសិនជាខ្ញុំបានដឹងមុន ខ្ញុំប្រាកដជាមិនហ៊ានទៅធ្វើការទេ តែពួកយើងសុទ្ធតែមិនដឹងដូចគ្នា សូម្បីតែអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគក៏គាត់ស្មានមិនដល់ថា គាត់មានឆ្លងមេរោគនោះឡើយ

ដូច្នេះនាងខ្ញុំ សូមជម្រាបដំណឹងនេះទៅដល់មិត្តសិល្បៈករទាំងអស់ ដែលមកច្រៀង នៅក្នុងកម្មវិធីកាលពីថ្ងៃ ១៣/១៤ កក្ដដា ២០២១ កន្លងទៅ មេត្តាជ្រាបជាដំណឹងផង ។ ដោយក្តីគោរព ស្រលាញ់បំផុត សូមបងប្អូនចូលរួម ៣ការពារ ៣កុំ”៕