មហាជនភ្ញាក់ព្រឺត! ធ្លាយរឿងវត្តមួយចំនួននៅភ្នំពេញ បូជាសពមួយៗតម្លៃខ្ទង់ពាន់ដុល្លារ…

តាមរយៈគណនីផ្លូវការ ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះលោក និង គ្រួសារ បាន និង កំពុងជួបទុក្ខក្រៀមក្រំយ៉ាងខ្លាំង ក្រោយកូនស្រីជាទីស្រឡាញ់របស់លោកបានទទួលមរណភាព ។ជាមួយគ្នានឹងមរណភាពកូនស្រី ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ និង ក្រុមគ្រួសារមានការស្រណោះស្រណោកយ៉ាងខ្លាំង ។

ជាមួយនឹងក្តីទុក្ខក្រៀមក្រំនេះដែរ ឯកឧត្តម អ៊ឹម បុរិន្ទ ក៏បានរៀបរាប់ត្អូញត្អែររឿងរ៉ាវមួយចំនួនដែលលោកបានជួបប្រទះ និង មានពលរដ្ឋមួយចំនួនទៀតបានជួបប្រទះដូចលោកដែរ ទាក់ទងនឹងការធ្វើពិធីបុណ្យសព និង បូជាសពនៅតាមទីប៉ាឆាក្នុងវត្តមួយចំនួន នៅទីក្រុងភ្នំពេញ ដែលហាក់បានឆ្លៀតឱកាសធ្វើអាជីវកម្មលើមរណទុក្ខ ពីក្រុមគ្រួសារសាកសព ។

ដោយសារបានជួបផ្ទាល់ ឯកឧត្តមសាស្ត្រាចារ្យខាងលើ បានឱ្យដឹងថា ខណៈដែលលោកបានបាត់បង់កូនស្រីជាទីស្រឡាញ់ កាលពីនៅថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនោះ លោក និង ក្រុមគ្រួសារ បានដឹកសពទៅតម្កល់ធ្វើបុណ្យ និង បូជាសព នៅបរិវេណទីប៉ាឆា វត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមរយៈពិធីបុណ្យនោះ ឯកឧត្តមបានចំណាយអស់ថវិកាច្រើនសន្ធឹកផងដែរ ។

យ៉ាងណាមិញ រហូតដល់ថ្ងៃបុណ្យ ៧ ថ្ងៃរបស់កូនស្រី ស្រាប់តែមានលោកតាលោកយាយមកពីទីផ្សេងៗខ្លះៗ បាននិយាយទាក់ទងរឿងចំណាយក្នុងពិធីបូជាសពប្រាប់លោកថា «នៅវត្តគាត់ ការបូជាសពមួយថ្លៃ ១៥០០ ដុល្លារ ខ្លះទៀតថានៅវត្តគាត់មានតម្លៃដល់ទៅ ១៨០០ ដុល្លារឯណោះ ។

អ៊ីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញ គឺបូជាសពមួយៗមានតម្លៃខ្ពស់ណាស់ ស្ទើរគ្រប់វត្តទៅហើយ»។ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ឯកឧត្តម អ៊ឹម បុរិន្ទ ជុំវិញការចំណាយ នៅក្នុងពិធីបុណ្យសពកូនស្រីរបស់លោក ៖

– អំពីរថយន្តដឹកសព ចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរចម្ងាយ ១២០០ ម៉ែត្រ តម្លៃ ៨០ ដុល្លារអាមេរិកស្មើរនឹង (៣២៨ ០០០ ៛) – មេរុបូជាសព (មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប ៧០០ ដុល្លារអាមេរិក ស្មើនឹង ២ ៨៧០ ០០០ ៛ ក្នុងនោះមានក្ដារម្ឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព ។

– ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨ ០០០៛ ។ – ដោយឡែករួមមានលោកអាចារ្យយោគីពីរនាក់ និង យាយជី ៥ ទៅ ៦ នាក់ គាត់និយាយថាគាត់រស់នៅទីនេះរកស៊ីមុខរបរនឹង ២០ ឆ្នាំមកហើយ ។ ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខ និង សោកសង្រែងអាណិតកូនផង បង ឬ ប្អូនផង ចេះតែធ្វើតាមគាត់ទាំងអស់ ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក ។

– នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី ១ គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ ដុល្លារ ស្មើ ៣២៨ ០០០ ៛ ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ យើងខ្ញុំសង្កេតឃើញថាគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ ។ ទី ២ ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះ គាត់បានដើរប្រមូលក្រដាសមាសក្រដាសប្រាក់ដែលបាចនៅពេលហែសពជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត ។ – សម្រាប់លោកអាចារ្យយោគី យាយជី ការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល ៣០០ ដុល្លារទៀត» ។

ចូលក្រុមតេលេក្រាមដើម្បីទទួលបានពត៏មានទាន់ចិត្ត : ចុចដើម្បីចូលរួម