កូនប្រុសច្បងរបស់ David Beckham ចាយលុយជាង១០លានដុល្លារ ទិញវីឡាដ៏ស្កឹមស្កៃមួយកន្លែង អបអរខួប ១ឆ្នាំ នៃការភ្ជាប់ពាក្យជាមួយគូដណ្តឹង

(អាមរិក)៖ កូនប្រុសច្បងរបស់កីឡាបាល់ទាត់ និងតារាសម្តែងល្បី David Beckham គឺលោក Brooklyn Beckham ដែលមានវ័យត្រឹម២២ឆ្នាំនោះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានថា លោកនឹងចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺរហូតដល់ជាង១០លានដុល្លារអាមេរិក ក្នុងការទិញវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង សម្រាប់អបអរគម្រប់ខួប១ឆ្នាំ នៃការភ្ជាប់ពាក្យជាមួយគូដណ្តឹង គឺ Nicola Peltz។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Property Reporter នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមការចេញផ្សាយពី E! News បានឲ្យដឹងថា តារាម៉ូដែលវ័យ២២ឆ្នាំ Brooklyn Beckham បានទិញផ្ទះវីឡា ដែលមានតម្លៃជាង១០លាន ដុល្លារអាមេរិកនោះ មានទីតាំងនៅ Beverly Hills ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដែលមានផ្ទៃដី ៧,០០០ម៉ែត្រការេ។ ក្នុងវីឡា ដែលហុំព័ទ្ធទៅដោយព្រៃព្រឹក្សា ជុំវិញនោះ គឺមានបន្ទប់គេង៥ មានផ្ទះបាយ អាងហែលទឹក កន្លែងស្ប៉ា បន្ទប់ដាក់ស្រាជាន់ក្រោមដី និងថែមទាំងមានទេសភាពពីលើភ្នំ គួរឲ្យចង់រស់នៅ ប្រកបដោយផាសុខភាពផងដែរ។

យ៉ាងណាមិញ Brooklyn Beckham និងគូដណ្តឹង មិនបានបញ្ជាក់អ្វី លំអិតនោះទេ ពីការទិញវីឡាមួយនេះ ខណៈវីឡានេះត្រូវបានសាងសង់ កាលពីឆ្នាំមុន រហូតមកដល់ពេលនេះ គឺត្រូវបានសាងសង់រួចរាល់ ហើយគេជឿជាក់ថា ទំនងជាអាចនឹងត្រូវប្រគល់ទៅឲ្យកូនប្រុសច្បង David Beckham រូបនេះ ក្នុងពេលឆាប់ៗផងដែរ៕