ប្រទេសឥណ្ឌាកំពុងធ្វើការសាកល្បងប្រើប្រាស់ដ្រូនដែលអាចហោះហើរបានឆ្ងាយសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងកូវីដ ១៩ ទៅក្នុងតំបន់ដាច់ស្រយាល

ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ប្រាប់ថា ឥណ្ឌាកំពុងធ្វើតេស្តសាកល្បងក្នុងការប្រើប្រាស់ដ្រូនដែលអាចហោះហើរបានយូរនិង អាចហោះហើរបានឆ្ងាយសម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។ ការធ្វើតេស្តសាកល្បងនេះត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា ហើយទីតាំងគោលដៅដែលគេគ្រោងនឹងប្រើប្រាស់ដ្រូនសម្រាប់ចែកចាយវ៉ាក់សាំងនេះទៅតំបន់ដាច់ស្រយាលដោយគេមិនអាចបើករថយន្តចូលទៅដល់ ខណៈក្រុមបុគ្គលិកសុខាភិបាលដែលត្រូវចុះទៅចាក់វ៉ាក់សាំងក្នុងតំបន់នេះត្រូវធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទើបអាចចូលទៅដល់សហគមន៍ដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋ។

ក្នុងការធ្វើតេស្តសាកល្បងនេះគេបានយកដ្រូនចំនួន ២ ប្រភេទមកប្រើប្រាស់ ដោយដ្រូនទី ១ អាចដឹកវត្ថុដែលមានទម្ងន់ ១ គីឡូក្រាមនិងមានសមត្ថភាពអាចហោះហើរបានរយៈពេល ១ ម៉ោង ឬស្មើនឹងចម្ងាយផ្លូវ ២០ គីឡូម៉ែត្រ ខណៈដ្រូនទី ២ អាចផ្ទុកទម្ងន់បានចំនួន ២ គីឡូក្រាមតែមានសមត្ថភាពហោះហើរបានត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា បច្ចុប្បន្ននេះដ្រូនដែលគេអាចប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាគឺមានសមត្ថភាពអាចហោះហើរបានត្រឹមចម្ងាយ ៤៥០ ម៉ែត្រប៉ុណ្ណោះ ដូចនេះបើធ្វើការប្រៀបធៀបសមត្ថភាពរបស់ដ្រូនដែលគេធ្លាប់ប្រើប្រាស់និងដ្រូនដែលកំពុងសាកល្បងគឺដ្រូនដែលគេគ្រោងនឹងប្រើប្រាស់មានសមត្ថភាពខ្ពស់ជាងច្រើនណាស់ហើយវាក៏អាចជួយសម្រួលការងារមនុស្សបានយ៉ាងច្រើនផងដែរ៕

ប្រភព៖ Channel News Asia