រំលែកទុក្ខដ៏ក្រៀមក្រំ! លោកទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានទទួលមរណ-ភាព ក្រោយត្រឡប់ពីព្យាបាលនៅក្រៅប្រទេស

ភ្នំពេញ៖ លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស មកដល់ប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងតាមបណ្តាញតេលេក្រាមរបស់ខុទ្ទកាល័យរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក។

លោក ហុក រិទ្ធី នាយកខុទ្ទកាល័យរបស់ លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក បានទទួលមរណភាពមែន នៅរសៀលថ្ងៃទី០១ ខែមិថុនានេះ ប៉ុន្តែលោកមិនបញ្ជាក់ថា ទទួលមរណភាពដោយរោគាពាធ ឬយ៉ាងណានោះទេ ដោយទុកជូនក្រុមគ្រួសារសពជូនដំណឹងជាផ្លូវការ។

លោក ត្រាំ អ៊ីវតឹក កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៨ ធ្លាប់បំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មុនត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ។ បច្ចុប្បន្នក្នុងតំណែងជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស លោក ត្រាំ អ៊ីវតឹក ក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។

មរណភាពរបស់លោក ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ លោក ជាចាស់ទុំដែលមានចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសាមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម៕