តើវាជាការពិតដែរឬទេ ដែលគេថាស្នេហា​ដំបូង​ ​ច្រើនតែ​មិនអាច​ឈានដល់​គូជីវិត​ក្នុងថ្ងៃ​អាពាហ៍​ពិពាហ៍

ជឿថា មានមនុស្សមិនតិចនាក់ទេដែលធ្លាប់ខកចិត្តខ្លាំងលើស្នេហាដំបូងរបស់ខ្លួន។ ស្នេហាដំបូង ជាស្នេហាដែលយើង​ដាក់ការ​ស​ង្ឃឹម​ខ្ពស់ ទាំងក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការតាំងចិត្ត។ ការពិតការបរាជ័យលើស្នេហាមួយ​នេះមិនមែនជាកំហុស​រប​ស់​អ្នក​ណាម្នាក់ឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាអាចមានហេតុផលផ្សេងទៀត។

ស្នេហាដំបូងភាគច្រើនកើតឡើងក្នុងវ័យក្រោម ២០ ឆ្នាំ។ ក្នុងវ័យនេះ ជាវ័យដែលចង់ ចង់សាកនូវអ្វីដែលថ្មីៗ ដូច្នេះការមាន​ស្នេ​ហា​ដំ​បូង ​អាចគ្រាន់តែជាការចង់ទទួលបានអារម្មណ៍ស្នេហារបៀបណាមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វ័យនេះក៏ជាវ័យដែលមិត្តភ​ក្ដិ​ជុំ​វិញ​​ខ្លួនសុទ្ធតែមានសង្សារ ហេតុនេះក៏ចង់មានដែរ។ នៅពេលដែលអាយុនៅតិចពេក ពួកគេមិនទាន់មានការតាំង​ចិត្តឲ្យអ្វីពិតប្រា​ក​ដ​នោះទេ ព្រោះការស្រឡាញ់អាចទទួលឥទ្ធិពលច្រើនពីបរិបទជុំវិញខ្លួន។ ដោយសារតែខ្វះភាពច្បាស់លាស់បែបហ្នឹងហើយ ទើ​ប​ស្នេហា​ទីមួយកម្រជោគជ័យ។

ស្នេហាលើកដំបូងតែងបរាជ័យ ក៏ដោយសារម្នាក់ៗចូលចិត្តគិតច្រើនតែម្នាក់ឯង។ តាមពិតពេលខ្លះដៃគូម្ខាងស្រឡាញ់​គេខ្លាំង​ណា​ស់ ​ហើយក៏ចង់ច្បាស់លាស់ជាមួយគេ ប៉ុន្តែបែរជាចូលចិត្តពិចារណាពីចំណុច “មិនអាច”​ ច្រើនជាង “អាច”។ ពួកគេចូលចិត្ត​ស្មុគ​ស្មា​ញ​វែងអន្លាយពីភាពមិនអាចទៅរួចរវាងគេទាំងពីរ ស្របពេលដែលអនាគតនៅឆ្ងាយសែនឆ្ងាយ។ និយាយឲ្យចំទៅ គិតច្រើន​ជ្រុ​ល​​ដូច​ចៅចាក់ស្មុគ ទើបធ្វើឲ្យទំនាក់ទំនងបច្ចុប្បន្នទៅជាបែកបាក់ទាំងកណ្ដាលទី។

ការមិនព្រមបើកចិត្តយល់ពីគ្នាទៅវិញទៅមក ក៏ជាមូលហេតុនៃស្នេហាទីមួយបរាជ័យដែរ។ កុំថាឡើយត្រឹមតែជាសង្សារ សូម្បីប្តី​ប្រ​ពន្ធ ​បើមិនព្រមយល់ពីគ្នា មិនយូរមិនឆាប់គង់តែបែកបាក់គ្នាទេ។ ជាការពិតគ្រាន់តែស្រឡាញ់គ្នាស្មោះ មិនទាន់គ្រប់គ្រាន់នោះទេ បើគូស្នេហ៍មិនព្រមយល់ពីគ្នាទៅវិញទៅមក។ ការយល់ពីគ្នាសំដៅលើការមិនយល់ពីអារម្មណ៍គ្នា មិនដឹងថាដៃគូចង់បានអ្វី ចូល​ចិ​ត្តអ្វី ​ឬយល់តែអារម្មណ៍ខ្លួនឯងជាដើម។ ទោះជាស្នេហានោះចាប់ផ្តើមដោយភាពផ្អែមល្ហែមយ៉ាងណាក៏ដោយ វានឹងលែងមា​ន​ន័​យ​អ្វី​ទាំង​អស់នៅពេលដែលគូស្នេហ៍ចាប់ផ្តើមលែងចេះយល់ពីគ្នា។

បញ្ហាចម្បងមួយទៀត កាតព្វកិច្ចជាកូនល្អ ក៏ជាមូលហេតុសំខាន់មួយដែរ។ ពេលដែលនៅក្មេង អ្វីដែលឪពុកកម្តាយរំពឹងខ្លាំង​ជា​ង​គេ ​គឺការសិក្សា ​ដូច្នេះហើយដើម្បីធ្វើឲ្យអ្នកមានគុណសប្បាយចិត្ត កូនៗមានតែខិតខំរៀនសូត្រ។ ណាមួយនៅវ័យក្មេងមិនទា​ន់​ឯ​ក​រាជ្យ​ទាំងផ្នែកហិរញ្ញវត្ថុ និងចិត្តគំនិតនៅឡើយ។ យ៉ាងណាមិញ ចាស់ៗតែងតែយល់ថា​ ឲ្យតែមានស្នេហាគឺរៀនមិនចូលទេ ដូច្នេះ​ហើ​យទើបពេលពួកគាត់ដឹងថាកូនៗមានសង្សារគឺមិនបានទេ។ ដោយសារខ្លាចរៀនមិនបានលទ្ធផលល្អផង និងធ្វើអោយប៉ា​ម៉ាក់​មិន​ពេញ​ចិត្តផង ទោះស្រឡាញ់យ៉ាងណាក៏ត្រូវលះបង់ស្នេហានោះចោល។

ប្រសិនបើយើងជួបរឿងបរាជ័យក្នុងស្នេហាលើកដំបូង វាមិនមែនជារឿងចម្លែកនោះទេ ឈប់ឃុំខ្លួននឹងការឈឺចាប់ពីអ​តីតកាល​ទៀ​​តទៅ ទោះបីការចាប់ផ្តើមអាចនឹងមិនល្អ ប៉ុន្តែវាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ជីវិតគូទៅថ្ងៃក្រោយ៕

ដកស្រង់ពី៖ poraman