ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន សម្រាប់លក្ខខណ្ឌប្រើប្រាស់ជាបន្ទាន់

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institue of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសាស្ត្រពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បាឲ្យដឹងថា ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ៕

ប្រភពៈ Khmernote Media