មេដឹកនាំ Alibaba Group មហាសេដ្ឋី Jack Ma ត្រូវបានគេដកចេញពីបញ្…..!!!!

ស៊ាងហៃ៖ (CNA) មេដឹកនាំ Alibaba Group មហាសេដ្ឋី Jack Ma ត្រូវបានគេដកចេញពីបញ្ជី “កំពូលសហគ្រិនចិន” ដែលរៀបចំដោយ បណ្ដាញព័ត៌មានរដ្ឋចិន កាលពីថ្ងៃទី២ ខែកុម្ភៈ សប្ដាហ៍នេះ។

ការដកមហាសេដ្ឋីរូបនេះចេញពីបញ្ជី គឺកើតឡើងចំពេលដែលលោកមានបញ្ហាចម្រូងចម្រាសជាមួយនឹងរដ្ឋបាលក្រុងប៉េងកាំង ដែលពាក់ព័ន្ធនឹងពាក្យបណ្ដឹងស្ដីពីការប្រើប្រាស់អំណាចរបស់ខ្លួនធ្វើអាជីវកម្មផ្ដាច់មុខ។ ពាក្យបណ្ដឹងទាំងនេះកើតក្រោយពេលដែល Jack Ma បានធ្វើការរិះគន់ដោយចំហទៅលើប្រព័ន្ធគ្រប់គ្រងច្បាប់របស់រដ្ឋាភិបាលក្រុងប៉េងកាំង កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២០ ដែលជាហេតុធ្វើឲ្យមានការផ្អាកដំណើរការបោះ IPO លើកដំបូងរបស់ Ant Group ដែលមានតម្លៃប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក ពោលគឺនៅមុនប៉ុន្មានថ្ងៃ ដែលAnt Group ត្រៀមចុះបញ្ជីជាក្រុមហ៊ុនប្រភេទ Fintech ដែលធំជាងគេ។

កំពូលអ្នកជំនួញរូបនេះមិនត្រូវបានគេសរសេរអត្ថបទផ្សាយនៅទំព័រមុខទៀតទេ នៅក្នុងបណ្ដាញសារព័ត៌មាន Shanghai Securities News ប៉ុន្ដែគេសង្កេតឃើញលេចមុខម្ចាស់ Huawei លោក Ren Zhengfei ម្ចាស់ Xiaomi លោក Lei Jun និងម្ចាស់ BYD លោក Wang Chuanfu នៅលើទំព័រមុខជំនួសលោក Jack Ma វិញ។

ការផ្សព្វផ្សាយស្ដីពីការដកលោក Jack Ma ចេញនេះ គឺធ្វើឡើងចំពេលដែលក្រុមហ៊ុន Alibaba ធ្វើការបូកសរុបប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន នៅថ្ងៃទី២ ខែកុម្ភៈ៕

ប្រភពៈ ឡាយ ឧត្ដម|Cambonomic Times