ប្រឡាយទឹកផ្លូវ៦០មនៅសៀមរាប ចាប់ផ្ដើមកែលំអរទៅជាសួនកំសាន្ដ ទាក់ទាញអ្នកទេសចរ

ប្រឡាយទឹកផ្លូវ៦០មនៅសៀមរាប ចាប់ផ្ដើមកែលំអរទៅជាសួនកំសាន្ដ ទាក់ទាញអ្នកទេសចរ។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមកែលំអរប្រឡាយទឹកផ្លូវ៦០ម៉ែត្រ ជាប់ផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អោយទឹកជាសួនកំសាន្ដមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយដើម្បីទាញអ្នកទេសចរទៅកំសាន្ដ។

ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីល្ងាចថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២១នេះថា ប្រឡាយទឹកនេះ មានទំហំទទឹងប្រវែង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចំង៉ាយជាង១៨០០ម៉ែត្រ អមសងខាងផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ដោយកែលំអរដំណាក់កាលទីមួយ ចាប់ផ្ដើមពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរាអង្គរឃ្យុងយូរ។អាជ្ញាធរនឹងរៀបចំកែលំអរប្រឡាយទឹក អមសងខាងផ្លូវ៦០មនេះ អោយទៅរបៀបជាកន្លែងសួនកំសាន្ដ ដែលមានផ្លូវថ្មើរជើង មានកន្លែងអង្គុយកំសាន្ដ មានផ្លូវកង់ មានទឹកនៅក្នុងប្រឡាយខួបប្រាំងខួបវស្សា អមទៅដោយទេសភាពពណ៌បៃតងស្រស់ត្រកាល ដែលអ្នករស់នៅអមសងខាងផ្លូវនេះ នឹងមានការពេញចិត្ដ ព្រមទាំងទទួលបានភាពរីករាយមុនគេនៅក្នុងទីក្រុងសៀមរាប ។ឯកឧត្ដមបានបន្ដថា កិច្ចការនេះ បានចាប់ធ្វើវាចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល១៨ខែ នឹងធ្វើហើយរួចរាល់ ក្រោយពេលដែលក្រុងសៀមរាប ទទួលបានផ្លូវរួចរាល់ចំនួន៣៨ខ្សែផងដែរ។

បើតាមឯកឧត្ដម ហង់ ពៅ គម្រោងកែលំអរប្រឡាយទឹកផ្លូវ៦០មនេះ នឹងធ្វើឡើងតាមដំណាក់កាលបន្ដទៀត រួមមានប្រឡាយទឹកចាប់ពីំចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែលឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី។ជាមួយគ្នានេះផ្លូវទេសចរណ៍នោះ ក៍មានសារមន្ទីរចំនួន៣ទៀតនៅអមផ្លូវ៦០ម នៃប្រឡាយទឹកនោះផងដែររួមមានសារមន្ទីរវាយនភណ្ឌវប្បធម៌អាស៊ី សារមន្ទីរកូរ៉េខាងជើង និងសារមន្ទីរនរោត្ដមព្រះសីហនុអង្គរ។ឯកឧត្ដមបន្ដថា ការកែលំអរប្រឡាយទឹកនេះ ដោយសារតំបន់នោះជាតំបន់ដែលអ្នកទេសចរណ៍ធ្វើដំណើរទៅទិញសំបុត្រផង និងទៅទស្សនាតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរផងដែរ។ក្រោយពីស្ថាបនារួចនឹងមានភាពស្រស់ស្អាតនិងទាក់ទាញអ្នកទេសចរណ៍៕

ដកស្រង់ពី៖ Siem Reap Daily News