ទំលាប់ចំលែក!!កុលសម្ព័ន្ធមួយក្នុងពិភពលោក មិនដែលងូតទឹកម្ដងក្នុងមួយជីវិត

កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា ជាប់ព្រំប្រទល់ ស៊ូដង់ខាងត្បូង និង អេត្យូពី ប្រើប្រាស់ទឹកដើម្បីផឹកតែប៉ុណ្ណោះ ពោលគឺមិនប្រើប្រាស់ទឹកដើម្បីងូតនោះទេ។

កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា មានប្រជាជនសរុបប្រហែល២៥០.០០០នាក់។ នេះគឺជាតំបន់មួយដែលពិបាករស់នៅបំផុតក្នុងពិភពលោក ដោយមានសីតុណ្ហភាពពេលថ្ងៃឡើងដល់ ៤៥អង្សាសេ។

ដោយសារអាកាសធាតុមិនអំណោយផល ដីនៅទីនេះមានសភាពសោះកក្រោះ ហើយប្រជាជននៅទីនេះ ចិញ្ចឹមជីវិតដោយមុខរបរសិប្បកម្ម និងចិញ្ចឹមសត្វអូដ្ឋ។ ភាគច្រើន ពួកគេរស់នៅក្នុងផ្ទះតូចៗដែលធ្វើអំពីស្បែកសត្វ ឈើ និងស្លឹកឈើ។

កុលសម្ព័ន្ធនេះ ក៏មានវិធីតុបតែងខ្លួនប្រកបដោយភាពចម្លែកខុសគេ។ ពួកគេទាំងប្រុសទាំងស្រីពាក់ក្រវិលធ្វើអំពីលោហធាតុ។ ទន្ទឹមនឹងនេះ ពួកគេក៏ពាក់អង្កាំ ឬកងជុំវិញក។

ចំពោះស្ដ្រីវ័យចំណាស់ ពួកគេថែមទាំងពាក់ក្រវិលលើបបូរមាត់។ កុលសម្ព័ន្ធនេះ មានស្បែកពណ៌ខ្មៅ ហើយពួកគេតែងលាបខ្លាញ់សត្វ ឬប៊ឺរលាយជាមួយដីក្រហម ទៅលើស្បែកដើម្បីការពារកំដៅ។

សម្រាប់ជនជាតិនេះ បើនារីណាមិនពាក់កងក នោះពួកគេនឹងមិនមានមន្តស្នេហ៍ចំពោះបុរសហើយមិនអាចមានប្ដី។ ពួកគេពាក់កងកជាប្រចាំ ដោយមិនដោះចេញ លុះត្រាតែឈឺ ឬស្លាប់។

កម្លោះជនជាតិ Turkanna នៅពេលពេញវ័យ សុទ្ធតែត្រូវធ្វើកម្មវិធីមួយតាមទំនៀមទម្លាប់។ ពួកគេត្រូវសម្លាប់សត្វណាមួយដោយកាំបិតស្រួច។ បើសិនបានសម្រេច ប្រធានព្រឹទ្ធាចារ្យ នៃកុលសម្ព័ន្ធនេះនឹងយកខ្លាញ់ និងលាមកសត្វនោះ មកលាបលើខ្នងកម្លោះនេះ ដើម្បីសុំសេចក្ដីសុខ៕

ដកស្រង់ពី៖ themorningasia