ដោយសារគំលាតសុវត្ថិភាព! នាសម័យកូវីដ១៩នឹងផ្លាស់ប្តូររូបរាងការប្រគុំតន្រ្តីទៅជាបែបនេះ

ក្រុមតន្ត្រី Flaming Lips បានរៀបចំការប្រគុំតន្ត្រីរក្សាគម្លាតសង្គមមួយ ដែលក្រុមនេះនិងអ្នកគាំទ្ររបស់ពួកគេបានរុំព័ទ្ធដោយពពុះប្លាស្ទិកនីមួយៗក្នុងអំឡុងពេលនៃការសម្តែង។

វីដេអូពីការសម្តែងបានបង្ហាញមនុស្សស្ថិតនៅខាងក្នុងពពុះជ័រចំនួន ១០០។ ព្រឹត្តិការណ៍នេះត្រូវគេនិយាយថាជាការសាកល្បងសម្រាប់ការប្រគុំតន្រ្តីនាពេលអនាគតក្នុងសម័យកូវីដ១៩ ហើយបង្កើតជាផ្នែកមួយនៃវីដេអូចម្រៀងថ្មីរបស់ពួកគេ។ ជនជាតិអាម៉េរិកជាង ៨ លាននាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ និងស្លាប់ ២១៩.២៨៥ នាក់។

ក្រុមតន្ត្រីមកពីទីក្រុងអូក្លាហូម៉ាបានលេងពីរបទពីអាល់ប៊ុមថ្មីរបស់ពួកគេឈ្មោះថា American Head នៅសាលតន្ត្រី The Criterion ដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៣.៥០០ នាក់នៅឯទីក្រុងកំណើតរបស់ពួកគេកាលពីយប់ថ្ងៃចន្ទសប្តាហ៍មុន។

មេក្រុម លោក វេន ខូន បានចែករំលែកឃ្លីបវីដេអូពីការសម្តែង ដោយសរសេរថា “យ៉េស!!!”។ គាត់ក៏បានបង្ហោះរូបភាពនៅលើទំព័រ Instagram របស់គាត់ផងដែរ ដែលបង្ហាញពីពពុះជ័រមុនពេលពួកវាត្រូវសប់បំប៉ោង។

លោកបានប្រាប់ទូរទស្សន៍ CNN ថា “ខ្ញុំគិតថាគ្មាននរណាម្នាក់នឹកស្មានដល់ទេកាលពីពាក់កណ្តាលខែមីនាថាការប្រគុំតន្ត្រីនៅតែអាចធ្វើបាននៅ៨ខែក្រោយ”។

គំនិតនៃការប្រគុំតន្ត្រីបែបនេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធី The Late Show ជាមួយពិធីករស្តេហ្វិន ខូលបឺត កាលពីខែឧសភា។

លោកខូន ដែលបានប្រើពពុះផ្ទាល់ខ្លួនរបស់គាត់ដើម្បីឱ្យអ្នកគាំទ្រសប្បាយតាមចិត្តតាំងពីឆ្នាំ ២០០៤ បានបន្ថែមថា “ខ្ញុំចូលចិត្តរូបរាងរបស់វា ពីព្រោះអ្នកអាចរំភើបតាមចិត្តចង់ អ្នកអាចស្រែកតាមចិត្ត ហើយអ្នកមិនអាចចម្លងមេរោគទៅអ្នកនៅក្បែរខ្លួនបានទេ”៕

ដកស្រង់ពី៖ rorneat