ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថាការធ្វើតេស្តលើមនុស្សនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ផលិតនៅប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន២០នាក់នៅសប្តាហ៍នេះ។
បង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC វ៉ាក់សាំងនេះបានឆ្លងកាត់ការធ្វើតេស្តលើសត្វរួចទៅហើយ ហើយត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវៀតណាមនិងបរទេស។ សកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងលើមនុស្សដែលមានសុខភាពល្អចំនួន២០នាក់នៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។
ពួកគេមួយចំនួននឹងទទួលបានវ៉ាក់សាំងនៅថ្ងៃដំបូងខណៈការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តដែលនៅសល់នឹងត្រូវធ្វើឡើងក្នុងរយៈពេល២៤ទៅ៤៨ម៉ោងបន្ទាប់។បីខែបន្ទាប់ពីការសាកល្បងនេះចប់ សកលវិទ្យាល័យនេះត្រូវបានគេរំពឹងថានឹងអនុវត្តការសាកល្បងលើមនុស្សមួយដំណាក់កាលទៀតដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រហែល៤០០នាក់។
ក្រៅពី Nanogen មានក្រុមហ៊ុនចំនួន៣ផ្សេងទៀតកំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម។ ក្នុងចំណោមនោះ មានក្រុមហ៊ុនចំនួនពីរដែលកំពុងធ្វើការសាកល្បងលើសត្វនិងកំពុងធ្វើការវាយតម្លៃចាំបាច់៕
ដកស្រង់ពី៖ rorneat