អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីនៅកម្ពុជាបរិច្ចាគ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដី១កន្លែង មានទំហំ ១,៣៧២ម៉ែត្រការ៉េ និងមានតម្លៃជាង….

dir="auto">សូមបញ្ជាក់ នៅកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដឹងថា អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងទំហំ ១,៣៧២ម៉ែត្រការ៉េ តម្លៃជាង ៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះឧកញ៉ា គិត ម៉េង ដែលមុននេះខ្ញុំបានខ្ចីដីមួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េជាង ដែលឥឡូវនេះតម្លៃដីនេះប្រមាណជាង៨លានដុល្លារសហរដ្ឋអាមេរិក ល្ងាចនេះឧកញ៉ា គិត ម៉េង ក៏បានប្រគល់ដីនោះ មកឱ្យមូលនិធិនេះតែម្តង... ហើយមូលនិធិក៏បានកាត់ទៅជាទ្រព្យសម្បត្តិរបស់មូលនិធិនេះ ហើយក៏ត្រូវផ្ទេរមូលនិធិដែលផ្តល់ដោយឧកញ៉ា គិត ម៉េង នេះជាបណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ទីរពេទ្យគន្ធបុប្ជា នេះជាផ្នែកដ៏សំខាន់មួយ»។<

នៅក្នុងលិខិតរបស់អ្នកឧកញ៉ា គិត ម៉េង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលនោះបានឱ្យដឹងថា៖ «ក្នុងឱកាសនេះដែរ ខ្ញុំបាទសូមសម្តែងនូវមនោសញ្ចេតនាអបអរសារទរ ដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតដែល សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានសម្រេចធ្វើជាប្រធានកិត្តិយស “មូលនិធិគន្ធបុប្ផាកម្ពុជា”។ ដើម្បីរួមចំណែកដល់ការបង្កើតមូលនិធិដ៏ថ្លៃថ្លានេះឱ្យមាននីរន្តរភាព ចីរភាព និងមានរចនាសម្ព័ន្ធរឹងមាំ ព្រមទាំងដើម្បីពិធីចាប់ផ្តើមប្រកាសបើកកម្មវិធីមូលនិធិនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់សម្តេចតេជោ ឱ្យមូលនិធិមានទ្រព្យសម្បត្តិ និងទទួលបាននូវការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីប្រជាជន មហាជនជាតិ និងអន្តរជាតិ ខ្ញុំបាទសូមប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ដែលមាន តម្លៃ៨លានដុល្លារ សហរដ្ឋអាមេរិកជូន «មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលមានសម្តេចតេជោ ជាប្រធានកិត្តិយស»។

សូមបញ្ជាក់ថា ក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ចំពោះការបរិច្ចាគដីនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកដែលរកស៊ីមានបាននៅលើទឹកដីកម្ពុជា នឹងចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា៕

ប្រភព Dr. Beat Richner