នៅផ្ទះ ឈ្នះ​COVID-19! បន្លែលើទឹក កំពុងតែទទួលបានការគាំទ្រពីអ្នកបរិភោគ និងលក់បានតម្លៃថ្លៃ!!!

នាពេលបច្ចុប្បន្ននេះ បន្លែលើទឹក ឬហៅថា(ហៃដ្រូប៉ូនិក) កំពុងតែទទួលបានការគាំទ្រពីអ្នកបរិភោគ និងលក់បានតម្លៃថ្លៃផងដែរ ដោយសារការដាំដុះស្របតាមស្តង់ដារបច្ចេកទេស ខ្ពស់ និងជាផលិតផលសុវត្ថិភាពគ្មានជាតិគីមី។

ទន្ទឹមនេះ លោក នី ប៊ុនថា អាយុ ២៦ឆ្នាំ ជាកសិករដំាបន្លែលើទឹក(ហៃដ្រូប៉ូនិក) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា បន្លែលើទឹក(ហៃដ្រូប៉ូនិក)ជាប្រភេទបន្លែ ដាំលើប្រពន្ធ័ទឹក ដែលទាមទារនូវបច្ចេកទេសច្បាស់លាស់ដើម្បីជោគជ័យ ។ ប៉ុន្ដែបន្លែដាំបែបនេះមានភាពងាយស្រួលគ្រប់គ្រងជាងបន្លែលើដី ពាក់ពន្ធ័ទៅលើពពួកសត្វល្អិត ទទួលបានផលលឿន ជាពិសេសជួយកាត់បន្ថយកម្លាំងពលកម្ម ។

លោកបន្តថា ការដាំបន្លែហៃដ្រូប៉ូនិកមិនមានបញ្ហាប្រឈមអ្វីច្រើននោះទេ ប្រសិនបើកសិករ បានសិក្សាច្បាស់ពីបច្ចេកទេសក្នុងការដាំដុះនិងគ្រប់គ្រង ប៉ុន្តែគ្រាន់តែត្រូវការចំណាយដើមទុនច្រើន ក្នុងការរៀបចំរោងដំាតាមស្តង់ដារបច្ចេកទេស។

លោកបន្ថែមថា ទាក់ទងទៅនឹងការដាំបន្លែលើទឹកការលំបាកគឺតែងតែមានហើយ ប៉ុន្តែមានតិចតួច មិនមានច្រើននោះទេ តែសម្រាប់ផលលំបាកដែលធំបំផុតនោះ គឺពាក់ព័ន្ធជាមួយនឹងដើមទុន គឺការចំណាយក្នុងការរៀបចំ ដោយសារការដាំបន្លែលើទឹក យើងមិនអាចចាប់ផ្ដើម​ដោយខ្វះ ដើមទុនបានទេ គឺយើងត្រូវចំណាយច្រើន ហើយម៉្យាងទៀតគឺទាមទារនូវបច្ចេកទេស គឺត្រូវរៀន និងសិក្សាឱ្យបានច្បាស់លាស់។

លោកប្រាប់ទៀតថា មុននឹងចាប់ផ្តើមដាំបន្លែហៃដ្រូប៉ូនិកគឺលោកមានការគិតគូរយ៉ាងច្បាស់លាស់ ពីគុណភាពសុវត្ថិភាពបន្លែសម្រាប់អ្នកបរិភោគ ដែលជាគោលការណ៍ក្នុងនាមជាកសិករត្រូវ ប្រកាន់ខ្ជាប់ ហើយបន្លែប្រភេទនេះ អាចចាត់ទុកជាបន្លែសុវត្ថិភាព ដោយសារការដាំដុះគឺប្រើ បច្ចេកទេសទាំងស្រុង សូម្បីតែការត្រួតពិនិត្យទឹកគ្មានសារធាតុពុល ការពិនិត្យសីតុណ្ហភាព ការគ្រប់គ្រង គឺទាមទារការអនុវត្តន៍តាមបច្ចេកទេសទាំងអស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកបរិភោគ។

សូមបញ្ជាក់ថា រោងដំាបន្លែហៃដ្រូប៉ូនិករបស់កសិករ ប៊ុនថា មានផ្ទៃដី១៥ម៉ែត្រគុណ នឹង១៥ម៉ែត្រ ដំាបន្លែ ដូចជាប្រភេទស្ពៃស្លឹក និងប្រភេទសាលាដបរទេសប្រមាណ១០ប្រភេទ ដោយការដាំប្រើ រយៈពេលពី៣០ទៅ៤០ថ្ងៃអាចប្រមូលផលបាន ដែលស្ពៃមួយគីឡូក្រាមអាចលក់បានតម្លៃ ១៥,០០០រៀល និងប្រភេទសាលាដអាចលក់បានតម្លៃ២៥,០០០រៀល ៕

ដកស្រង់ពី៖ doctor-business.asia