ជប៉ុនច្នៃម្ជុលខ្ទាស់ ជាគ្រឿងអលង្ការ ឯតំលៃវិញថ្លៃហួសស្មាន!!!

ក្រោយពីម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុនមួយនេះ បានចេញលក់គ្រឿងអលង្ការ ច្នៃប្រឌិតពិសេសដែលបាន សាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលកន្លងមក ដោយសារតែវាមានរូបរាងដូចជា “ជ័ររឹតខ្សែភ្លើង” ឥឡូវនេះពួកគេមានសាងភាពភ្ញាក់ផ្អើលថ្មីម្តងទៀតហើយ ជាមួយនឹងការ​រចនាថ្មីដែលមើលទៅស្រដៀងនឹងវត្ថុម្យ៉ាងដែលយើងធ្លាប់ស្គាល់។

Ambush គឺជាម៉ាកសម្លៀកបំពាក់និងគ្រឿងអលង្ការល្បីមកពីប្រទេសជប៉ុន ដែលបង្កើតឡើងដោយ Yoon Ahn អ្នករចនានារីជនជាតិកូរ៉េកាត់អាមេរិកាំង និងបានបង្កើតម៉ាកយីហោនេះរួមគ្នាជាមួយស្វាមីរបស់នាង វាគឺជាម៉ាកយីហោដែលមានរចនាបទ Street Fashion និងទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័សបំផុត ជាមួយនឹងស្ទីលរចនាប្លែកៗ ហើយសម្លៀកបំពាក់និងគ្រឿងអលង្ការ របស់ Ambush បានក្លាយជាម៉ាកយីហោពេញនិយមពីសំណាក់បុគ្គលល្បីៗដូចជា A$AP Rocky និង Kanye West ជាដើម។

ចំណុចលេចធ្លោនៃម៉ាកយីហោនេះ គឺជាការរចនាប្លែកៗ ហើយជារឿយៗគេតែងតែឆ្នៃប្រឌិតចេញពី របស់របរដែលនៅក្បែរខ្លួនមនុស្ស មករចនាចេញជាម៉ូដគ្រឿងអលង្ការទាន់សម័យ ជាពិសេសត្រូវបានរចនាឡើង ស្របទៅតាមអ្នកប្រើប្រាស់គ្រប់ភេទ គ្រប់វ័យទាំងអស់ រីឯភាពរឹងមាំគឺកាន់តែគួរឲ្យចាប់អារម្មណ៍ ព្រោះរាល់បំណែកត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ក្រោមស្តង់ដារលំដាប់ពិភពលោកទៀតផង ។

ហើយកាលពីពីរបីថ្ងៃមុននេះ អ្នកនិយមលេងអ៊ីនធឺណេត បានចាប់អារម្មណ៍និងការឆ្នៃម៉ូតថ្មីទៀតហើយ ដោយសារតែក្រឡេកមើលដំបូង គ្រប់គ្នានឹងគិតថាជា គ្រឿងអលង្ការសាមញ្ញនិងថ្លៃថ្នូរបំផុត ប៉ុន្តែនៅពេលអ្នកពិនិត្យមើលកាន់តែជិតវាហាក់ដូចជា “ម្ជុលខ្ទាស់” ដែលភាគច្រើនយើងតែងតែប្រទះឃើញតាំងពីយូរយារណាស់មកហើយ ។ ហើយប្រសិនបើយើងនាំវាមកប្រទាក់គ្នា ពួកវាក៏អាចក្លាយជាខ្សែកបានផងដែរ ជឿជាក់ថាក្នុងចំណោមមិត្ដអ្នកអានទាំងអស់គ្នា ប្រាកដជាធ្លាប់បានធ្វើរឿងនេះដែរ មែនទេ?

រឿងរ៉ាវនេះវាបានធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថា នេះអាចជារឿងលេងសើចទេដឹង? ប៉ុន្តែនៅពេលដែលក្រុមការងារប្រចាំគេហទំព័រសករាជយើងខ្ញុំបានពិនិត្យមើល ហើយក៏បានរកឃើញថា នៅលើគេហទំព័រ Ambush ពិតជាមាន គ្រឿងអលង្ការនេះយ៉ាងពិតប្រាកដមែន ដែលគ្រឿងអលង្ការទាំងនេះមានឈ្មោះថា SAFETY PIN ។ ខ្សែដៃម្ជុលខ្ទាស់ នេះធ្វើពីប្រាក់ ៩២៥ ដែលវាមានភាពរឹងមាំ និងជាប់ធនបានយូរ មិនតែប៉ុណ្ណោះវាក៏មានភាពស្រស់ស្អាតភ្លឺរលោង និងមានភាពធន់ បើទោះជាវាមាន លក្ខណៈស្រដៀងទៅនឹងម្ជុលខ្ទាស់ទូទៅក៏ដោយ ។

ប៉ុន្តែសម្រាប់តម្លៃវិញ គឺមិនដូចជាម្ជុលខ្ទាស់ ដែលយើងធ្លាប់ឃើញនោះទេ ពីព្រោះខ្សែដៃនេះមានតម្លៃ ៨៩២ ដុល្លារ រីឯខ្សែកមានតម្លៃ ១.០៣៣ ដុល្លារ ហើយក្រវិលមានតម្លៃចាប់ពី ៤១៣ ដុល្លារដល់ ៥២៣ ដុល្លារ ៕

ប្រភព៖ Ambush