ភ័យមិនស្ទើរ បុរសបើក Tesla ឆ្លងកាត់ទីបញ្ចុះសព ស្ងាត់ជ្រងំ បែរជាឧបករណ៍ចាប់សញ្ញាប្រាប់ថា មានមនុស្សនៅក្បែររថយន្តទៅវិញ (មានវីដេអូ)

បុរសម្នាក់បើកបររថយន្ដទំនើប ឆ្លងកាត់ទីបញ្ចុះសព ប៉ុន្តែស្រាប់តែឧបករណ៍ចាប់សញ្ញាឧបសគ្គ (Sensor) បង្ហាញថា មាននរណាម្នាក់កំពុងដើរក្បែររថយន្ត ទោះបីជាម្តុំនោះមានត្រឹមតែផ្នូរក៏ដោយ ។

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ គេហទំព័រ VarietyInfo បានបង្ហាញព័ត៌មានថា យុវជនម្នាក់បើករថយន្ដទំនើបម៉ាក Tesla ឆ្លងកាត់ទីបញ្ចុះសព ប៉ុន្តែក៏មានសញ្ញាអ្វីមួយមិនធម្មតាបានកើតឡើង ។

ដូចដែលមនុស្សជាច្រើនបានដឹងហើយថា Tesla គឺជារថយន្តអគ្គិសនីលំដាប់ពិភពលោក ជាមួយនឹងការអនុវត្ត និងបច្ចេកវិទ្យាជឿនលឿន ថែមទាំងមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិទៀតផង ដោយរថយន្តនេះអាចដំណើរការដោយខ្លួនវាទៅដល់គោលដៅ (Autopilot) ដោយប្រើបញ្ញាសិប្បនិម្មិត (Ai) ដើម្បីជួយជំរុញរថយន្តដំណើរការស្វ័យប្រវត្តិ ទន្ទឹមនឹងនោះវាក៏មានប្រព័ន្ធចាប់សញ្ញាឧបសគ្គនៅជុំវិញរថយន្ត ដែលនោះធ្វើឱ្យរថយន្ត Tesla ក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុត។

ទោះបីជាយ៉ាងណាក៏ដោយមានពេលខ្លះអ្នកប្រើប្រាស់ក៏មានការភ្ញាក់ផ្អើល ចំពោះភាពខុសប្រក្រតីរបស់ប្រព័ន្ធចាប់សញ្ញានោះផងដែរ។ នៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២១ មានគណនី TikTok ឈ្មោះ (iam3dgar) បានចុះផ្សាយឃ្លីបវីដេអូរថយន្តរបស់គាត់ដែល ចតនៅតំបន់បញ្ចុះសព ក្រោយពីមានសញ្ញាមិនប្រក្រតីបានកើតឡើង នោះគឺប្រព័ន្ធចាប់សញ្ញាឧបសគ្គបានបង្ហាញថា មនុស្សកំពុងធ្វើដំណើរជុំវិញរថយន្ត ប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលជុំវិញនោះ ឃើញថាគ្មានមនុស្សណាម្នាក់ ក្រៅពីផ្នូរនៅក្នុងទីបញ្ចុះសពនោះទេ។

បន្ទាប់ពីឃ្លីបវីដេអូនេះបានបង្ហោះនៅលើបណ្តាញសង្គម ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិថា ប្រព័ន្ធឧបករណ៍ចាប់សញ្ញាប្រហែលជាមានបញ្ហារហូតដល់ថ្នាក់ចាប់យកវត្ថុអ្វីម្យ៉ាង ហើយគិតថាជាមនុស្ស ហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនទៀត ក៏បាននិយាយថា រឿងនេះអាចជាឆាកសម្តែងរបស់ម្ចាស់ឃ្លីបវីដេអូក៏ថាបាន ។

ប៉ុន្តែក្រោយមកនៅថ្ងៃទី ១៩ មករា ឆ្នាំ ២០២១ គណនីដដែលនេះ បានបង្ហោះឃ្លីបវីដេអូនៃការបើកបរ Tesla របស់ខ្លួន សាកល្បងឆ្លងកាត់ទីបញ្ចុះសពយឺតៗម្តងទៀតដើម្បីពិនិត្យមើលថាតើ ប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែលរឺក៏អត់? តែពេលនោះប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែល ហើយពេលនោះនៅលើអេក្រង់រថយន្តបានបង្ហាញថា មានមនុស្សដើរទៅដើរមកទៀតផង ។

ទន្ទឹមនឹងនោះអ្នកលេងអ៊ីនធឺណេតជាច្រើន បានប្រាប់ម្ចាស់រថយន្ត ឲ្យមកធ្វើតេស្តិ៍នៅតំបន់បញ្ចុះសពនេះម្តងទៀតនៅពេលយប់ ប៉ុន្តែម្ចាស់រថយន្ត Tesla រូបនេះ នៅមិនទាន់ឆ្លើយតបយល់ព្រមនៅឡើយទេ ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.tiktok.com/@iam3dgar/video/6919301240652434694

https://www.tiktok.com/@iam3dgar/video/6916346237901933830

ដកស្រង់ពី៖ sakkarach