ការណែនាំរបស់ក្រសួងសុខាភិបាល​ សម្រាប់ការវិលត្រឡប់ទៅរកសភាពធម្មតានៃការរៀបចំពិធីនានា​ រួមទាំងការរៀបអាពាហ៍ពិពាហ៍​ តាមបែបគន្លងថ្មី​!!!

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​ ទី២៦ ខែមករា ឆ្នាំ២០២១នេះ បាន​​​ណែនាំ​ឲ្យ​រៀប​ចំ​​ការ​ប្រារព្ធ​កម្មវិធីបុណ្យ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ ត្រូវកំ​ណត់​ចំនួន​ភ្ញៀវ​ដែល​ដាក់​ឱ្យ​អង្គុយ​ក្នុង​មួយ​តុ​ត្រឹម​តែ​៥​នាក់​ប៉ុណ្ណោះ។​

ក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា នេះជាការ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ១៩​​នៅកម្ពុជា តាមរយៈកំណត់ចំនួនភ្ញៀវដែលដាក់ឱ្យអង្គុយក្នុងមួយតុត្រឹមតែ៥នាក់ និងត្រូវតែមានការរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យយ៉ាងតិច១.៥ម៉ែត្រឡើង​ទៅ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ រាល់​​​ការប្រារព្ធ​កម្មវិធីបុណ្យ កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ។

ក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដដែល​បញ្ជាក់​ថា ការ​ចេញ​សេចក្តី​ណែ​នាំនេះ គឺ​ដោយ​សារ​កន្លង​មក​ការ​អនុវត្ត​វិធានការ​ការបារ​ក្នុងកម្មវិធី​នានា​នៅ​មាន​កម្រិត​ទាប​នៅឡើយ។​

ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នៅ​បណ្តា​ខេត្ត​រាជធានី​ទាំង​នោះ​ ​ឲ្យ​ម្ចាស់​កម្មវិធី​ និង​អ្នក​ចូលរួម​ទាំងអស់​​អនុវត្ត​វិធានការ​សុខាភិបាល ដូចជា​ការ​បំពាក់​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យ​ប្រវត្តិ ដាក់​អាល់​កុល ឬជែល​លាង​ដៃ​នៅ​គ្រប់​ច្រក​ចូល ដាក់​បង្ហាញ​ស្លាក​សញ្ញា​ណែនាំ​ឲ្យ​ពាក់​ម៉ាស​​ និង​ណែនាំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​តាម​ដាន និង​ណែ​នាំ​ម្ចាស់​កម្មវិធី និង​អ្នក​ចូលរួម​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាដើម៕

 

ដកស្រង់ពី៖ newsroomcambodia