ជួយស៊ែរទុកម្នាក់មួយទៅមិនអស់លុយទេ!!! ការជួយសង្គ្រោះអ្នកស្ទះផ្លូវដង្ហើម(ស្លាក់)!

ការជួយសង្គ្រោះអ្នកស្ទះផ្លូវដង្ហើម(ស្លាក់)!

ការស្ទះផ្លូវដង្ហើមគឺជាការស្ទះវត្ថុអ្វីមួយ(គ្រាប់ឃ្លី គ្រាប់ផ្លែឈើ…)ដែលបណ្តាលឲ្យជនរងគ្រោះមិនអាចដកដង្ហើមបាន និងអាចបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតដោយកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។src="https://www.flashnews.asia/wp-content/uploads/2021/01/117329919_1907591399383839_295387986255431052_n.jpg" alt="" width="960" height="876" />

ក) រោគសញ្ញានៃការស្ទះផ្លូវដង្ហើម៖

- ថប់ដកដង្ហើមមិនរួច

- មិនអាចនិយាយរួច

- សំឡេងដង្ហើមលឺងឹតៗ

- ស្លេកស្លាំង

- ស្វាយមុខមាត់

ខ) គោលដៅនៃការជួយសង្គ្រោះ

- ជួយអោយជនរងគ្រោះមានចលនាដង្ហើមឡើងវិញ

- ធ្វើអោយផ្លូវដង្ហើមចំហរស្រឡះ

- យកឧបសគ្គឬវត្ថុចេញពីផ្លូវដង្ហើម

- កាយវិការអនុវត្តអោយបានទាន់ពេលវេលា

គ) វិធីសង្គ្រោះ ៖

ការសង្គ្រោះតាមវិធីសាស្ត្រហែមលិច(Heimlich):

- អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ

- ក្តាប់ដៃដាក់នៅលើតំបន់ពោះប្រវែងពីរធ្នាប់ដៃពីផ្ចិត ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺដាក់លើកឡើង

- បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើពោះ ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះអោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ។

១) ករណីជនរងគ្រោះមានមាឌធាត់ធំ៖

• ដាក់ជនរងគ្រោះដេកផ្ងារ អ្នកសង្គ្រោះលត់ជង្គង់កន្ធែកជើងនៅពីលើ រួចយកគល់បាតដៃដាក់លើតំបន់ពោះ ប្រវែង ២ធ្នាប់ដៃពីផ្ចិត និងដៃមួយទៀត គងលើគល់បាតដៃទីពីរ រួចសង្កត់ទៅក្រោម រុញទៅលើ ត្រង់ចំនុចក្រោមចុងដង្ហើមចំនួន៥ដង ។

• ការសង្កត់ ឬ កន្ត្រាក់នីមួយៗត្រូវធ្វើឡើងអោយបានខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើអោយរបស់ដែលស្លាក់នោះ ចេញមកក្រៅ។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ។

២) ករណីជនរងគ្រោះសន្លប់៖

• ដាក់ជនរងគ្រោះដេកលើផ្ទៃរាប

• សង្កត់ទ្រូង ៣០ដង រួចត្រួតពិនិត្យដុំស្ទះ មើលឡើងវិញ

• បើឃើញដុំស្ទះចេញ យកម្រាមចង្អុលដៃខ្វេះយកចេញ

• បន្តការសង្កត់ ៣០ដងទៀត បើដុំស្ទះមិនទាន់ចេញ

• បើដុំស្ទះចេញហើយ ដាក់ជនរងគ្រោះដេកផ្អៀងសុវត្ថិភាព បើសិនជាអ្នកជំងឺ អាចដកដង្ហើមបានដោយខ្លួនឯង

៣) ករណីជនរងគ្រោះជាស្ត្រីមានផ្ទៃពោះ៖

• អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ

• ក្តាប់ដៃដាក់នៅលើដើមទ្រូង ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺលើកឡើង

• បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើដើមទ្រូង ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះ អោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ឬ ជនរងគ្រោះបាត់ស្មារតី។

៤) ករណីជនរងគ្រោះជាលើទារក៖

• ការយកវត្ថុស្លាក់ឬស្ទះនៅក្នុងផ្លូវដង្ហើម គឺចាំបាច់ត្រូវប្រើវិធីសាស្ត្រទាំងតប់ខ្នង និងសង្កត់ទ្រូង

• លុតជង្គង់ ឬអង្គុយដោយដាក់ទារកនៅភ្លៅសណ្តូកតាមបណ្តោយពីក្បាលជង្គុងមកលើភ្លៅ

• ដាក់ទារកសំយ៉ុងក្បាលចុះក្រោមដោយអោយទ្រូង និងពោះនៅស្របគ្នានឹងកំភួនដៃ ហើយប្រើបាតដៃទ្រក្បាល និងចង្កាទារក

• ការពារកុំសង្កត់បំពង់កទារក ដោយយកដៃដែលទ្រទារកមកដាក់លើភ្លៅរបស់អ្នក

• ប្រើគល់បាតដៃសង្កត់រុញ ៥ដង ចំចំនុចកណ្តាលនៃឆ្អឹងស្លាបប្រជៀវ

• បន្ទាប់ពីការទះខ្នង ៥ដង ត្រូវដាក់ដៃទំនេរមកលើខ្នងទារកលើកំភួនដៃ និងបាតដៃទប់ក្បាលទារក ហើយទារកនឹងត្រូវបានបីលើកឡើងនៅចន្លោះដៃទាំងពីររបស់អ្នកសង្គ្រោះ ដោយដៃម្ខាងទ្រទប់មុខនឹងចង្កា ចំណែកដៃម្ខាងទៀតទ្រខ្នង និងក្បាលរបស់ទារក។

• ផ្ងាទារកដោយទ្រក្បាល និងកដោយប្រុងប្រយ័ត្ន

• ទ្រទារកទប់នឹងភ្លៅដោយរក្សាក្បាលទាបជាងខ្លួន

• ដាក់ម្រាមដៃពីរនៃដៃទំនេរម្ខាងទៀតទៅលើ ចុងឆ្អឹងសន្ទះទ្រូង

• សង្កត់ទៅលើចុះក្រោមក្នុងកំរិត ១វិនាទីម្តង ក្នុងបំណងបញ្ចេញវត្ថុដែលស្លាក់ចេញមកក្រៅ

• ធ្វើដដែលឡើងវិញនូវការទះខ្នង និងរុញសង្កត់ចុងឆ្អឹងសន្ទះទ្រូង៥ដង រហូតវត្ថុដែលស្លាក់របូតចេញ ឬទារកបាត់ស្មារតី។

ដកស្រង់ពី៖ គ្រូពេទ្យ Krupet