ស្ពាយ​ប្រាក់​វាល់​លាន​ទៅ​សៀមរាប ប៉ុន្តែ​សាយ ស្នើ​សុំ​ជំនួយ​ម្ហូបអាហារ​ពី​សប្បុរសជន​រយៈ​ពេល​៥​ថ្ងៃ

ពិត ជាមានទឹកចិត្ដសប្បុរស និងស្មោះត្រង់មែន លោក សាយ កំពុងស្ពាយលុយវាល់លានទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប ប៉ុន្ដែលោកប្រកាសសុំជំនួយជាអាហាររយៈពេល៥ថ្ងៃ ដោយមិនប៉ះពាល់លុយជំនួយដែលប្រមូលបានឡើយ។

បាត់ មុខ មួយ រយៈ ខ្លី ក្រោយ ពី បញ្ចប់ បេសកកម្ម រត់ រយៈ ពេល ៩៩ ថ្ងៃ លើ ចម្ងាយ ផ្លូវ ជាង ២០០០ គីឡូម៉ែត្រ ថ្ងៃ នេះ លោក អ៊ួន បឋម និង ក្រុមការងារ រត់ ដើម្បី សប្បុរសធម៌ ជាមួយ សាយ ប្រកាស ធ្វើ ពិធី ប្រគល់ ជំនួយ ពី សប្បុរសជន ជូន មន្ទីរពេទ្យ កុមារ អង្គរ នៅ ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២១ ខាង មុខ នេះហើយ។

លោក អ៊ួន បឋម ហៅ សាយ និយាយ នៅ រសៀល ថ្ងៃ ទី២០ ខែ មករា នេះ ថា រូប លោក និង ក្រុម ការងារ កំពុង រៀបចំ ចេញ ដំណើរ ទៅ កាន់ ខេត្ត សៀមរាប ដើម្បី បិទ កម្មវិធី និង ប្រគល់ ថវិកា ជូន មន្ទីរពេទ្យ។ ទន្ទឹម គ្នា នេះ លោក ក៏ អំពាវនាវ ថា៖"មាន បងប្អូន ណា ចង់ ទទួល បាយ ទឹក ពួក យើង ទេ ដើម្បី ជួយ សម្រួល ដល់ ការ ចំណាយ ពួក យើង និង បាន ជួប ជជែក គ្នា លេង ផង"។

លោក អ៊ួន បឋម និង ក្រុម ការងារ ប្រមាណ ជា ១០ នាក់ នឹង ចំណាយ ពេល ៥ ថ្ងៃ ដើម្បី ស្នាក់នៅ ខេត្ដ សៀមរាប។ ចំពោះ ការ ស្នាក់នៅ ដើម្បី រង់ចាំ ដល់ ថ្ងៃ ធ្វើ ពិធី ប្រគល់ ថវិកា ជំនួយនេះ ត្រូវ បាន គេ ជួយ ហើយ គឺ ស្នាក់នៅ ក្នុង សណ្ឋាគារ មួយនៅខេត្ដសៀមរាប ហើយ លោក ក៏ បាន ថ្លែង អំណរគុណ ចំពោះ ម្ចាស់ សណ្ឋាគារ នោះដែរ។