ចិន បើកដៃឲ្យអ្នកវិទ្យាសាស្រ្តបរទេសសិក្សាសំណាកពីឋានព្រះចន្ទ ដែលខ្លួនប្រមូលបាន

ប៉េកាំង ៖ ប្រទេស ចិន នៅថ្ងៃចន្ទ បានអះអាងថា អ្នកវិទ្យាសាស្រ្តបរទេស នឹងមានឱកាសដើម្បីពិនិត្យមើលលើសំណាកពីឋានព្រះចន្ទ ដែលខ្លួនប្រមូលបាន អំឡុងបេសកកម្មរុករកឋានព្រះចន្ទរបស់យានអវកាស ឆាងអឺទី៥ របស់ខ្លួន។

អំឡុងព្រឹត្តិការណ៍មួយក្នុងទីក្រុង ប៉េកាំង អ្នកនាំពាក្យរបស់បេសកកម្មរបស់យានអវកាស ឆាងអឺ លោក ផ៉ៃ ចាវយ៉ូ (Pei Zhaoyu) លើកឡើងថា អ្នកវិទ្យាសាស្រ្តចិន កំពុងពិនិត្យមើលលើសំណាករឹងពីឋានព្រះចន្ទ ហើយមកទល់ពេលនេះ ទីភ្នាក់ងារអវកាសចិន ពុំទាន់ទទួលការដាក់ពាក្យសុំពីសំណាក់អង្គការបរទេស ដើម្បីសិក្សាលើពួកវានៅឡើយទេ។

យោងតាមទូរទស្សន៍ចិន CCTV លោក ផៃ ក៏បានដាក់ចេញបទបញ្ញាត្តិថ្មីសម្រាប់អ្នកចង់ដាក់ពាក្យសុំសិក្សាលើសំណាករឹងពីឋានព្រះចន្ទ ដោយសង្កត់ធ្ងន់ថា ការស្នើសុំ ត្រូវតែធ្វើឡើងក្រោមគោលដៅ សិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត។

សូមបញ្ជាក់ថា បេសកកម្មរុរកឋានព្រះចន្ទរបស់យានអវកាស ឆាងអឺ បានចុះចតត្រលប់មកកាន់ភពផែនដីវិញក្នុងតំបន់ម៉ង់ហ្គោលីភាគខាងក្នុង កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ដោយនាំយកសំណាករឹងពីឋានព្រះចន្ទលើកដំបូង គិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មក ។

ផែនការដែលបានដាក់ចេញដោយទីភ្នាក់ងារអវកាសចិន មានគោលដៅប្រមូលសំណាករឹង២គីឡូក្រាម តែទីបំផុតប្រមូលបានតែជាង១,៧គីឡូក្រាមប៉ុណ្ណោះ ពោលគឺតិចជាងផែនការ។ សម្រាប់បេសកកម្មរបស់យានឆាងអឺនេះ ប្រទេស ចិន ពុំបានបង្ហើបពីខ្ទង់ចំណាយលើកម្មវិធីរុករកអវកាសនេះឡើយ៕

ដកស្រង់ពី៖ CNC