ដើម្បីលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ ក្រសួងសំរេចចេញណែនាំ ៣ចំណុច

ដើម្បីលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ និងលើកកំពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម ក្រសួងមហាផ្ទៃបានធ្វើការណែនាំ៣ចំណុច ដល់អ្នកបញ្ជាយានយន្តគ្រប់គ្នា កន្លែងកែច្នៃ និងដល់អាជ្ញាធរគ្រប់ថ្នាក់ដែលពាក់ព័ន្ធត្រូវដឹង និងអនុវត្តឲ្យបានហ្មត់ចត់។ នេះបើតាមសេចក្តីណែនាំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

សេចក្តីណែនាំដោយក្រសួងទាំង ៣ ចំណុចនោះរួមមាន៖

១) គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ឲ្យបញ្ឈប់សកម្មភាពបង្កសំឡេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ដោយត្រូវយកយានយន្តទៅបំពាក់បំពុងស៊ីម៉ាំងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ដើម្បីធានាកម្រិតសំឡេងមិនឲ្យលើសពីការកំណត់ ហើយទន្ទឹមនោះ ត្រូវអប់រំសីលធម៌ សុជីវធម៌ ក្នុងការបញ្ជាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីជៀសវាងការធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងសង្គម។

២) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការចុះត្រួតពិនិត្យ និងធ្វើការអប់រំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឲ្យបញ្ឈប់រាល់ការកៃច្នៃយានយន្តខុសបច្ចេកទេស។ ក្នុងករណីបន្តលបលួចកែច្នៃត្រូវចាត់វិធានការណ៍រដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។

៣) កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការរដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ណែនាំដល់កម្លាំង ដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំបាត់ឲ្យបាននូវរាល់ការប្រើប្រាស់រថយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជាយានយន្តបង្កសំលេងរំខានដល់ប្រជាពលរដ្ឋដោយត្រូវ៖

- យកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវទីប្រជុំជន និងធ្វើការឃាត់អប់រំជាបឋមឲ្យបញ្ឈប់សកម្មភាពព្រមទាំងធ្វើកិច្ចសន្យាយករថយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះត្រូវណែនាំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ជាយានយន្ត និងចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីជៀសវាងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងសិទ្ធិក្នុងការរស់នៅដល់ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរក្នុងសង្គម។

- ណែនាំដល់កម្លាំងមានសមត្ថកិច្ចត្រូវបំពេញតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងគ្មានការលើកលែង។

ដើម្បីកាន់តែលំអិតសូមបងប្អូនពិនិត្យនូវសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃទាំងស្រុងខាងក្រោម៖​

ដកស្រង់ពី៖ business-cambodia