របរមិនសូវមានអ្នកធ្វើច្រើន ចិញ្ចឹមតែមាន់យកស៊ុតសោះ អាចរកចំណូល…………

“ជោគជ័យមកទាល់ពេលនេះ មិនមែនមានន័យថា ខ្ញុំមិនធ្លាប់ជួបបញ្ហានោះទេ គឺខ្ញុំបានជួបច្រើនណាស់ ព្រោះដើមឡើយខ្ញុំបានចិញ្ចឹមមាន់លក់សាច់ ចិញ្ចឹមបានផលចំណេញមួយរយៈ ស្រាប់តែជួបបញ្ហាទីផ្សាមិនសូវល្អ ហើយខ្ញុំក៏ជាសម្រេចចិត្ដផ្លាស់ប្ដូរមកចិញ្ចឹមមាន់យកពងវិញ។ ហើយការចិញ្ចឹមមាន់យកពងនេះក៏មិនងាយស្រួលប៉ុន្មានដែរ វាទាមទាឲ្យយើងចេះបច្ចេកទេសច្បាស់។ ប៉ុន្ដែយ៉ាងណាក៏ដោយ មិនថាការរកស៊ីមុខរបរអ្វីទេ សុទ្ធសឹងតែមានហានិភ័យទាំងអស់ វាអាស្រ័យថាយើងធ្វើវាចេញពីបេះដូងឬធ្វើតាមតែចំណង់មួយឆាវ។  បើយើងធ្វើចេញពីសេចក្ដីស្រឡាញ់ពិតប្រាកដ ទោះជួបលំបាកយ៉ាងក៏មិនចុះចាញ់ ហើយស្វែងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងនោះ។” នេះជាប្រសាសន៍របស់ ឃុន គឹមសួ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង។

លោក ឃុន គឹមសួ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ម្ចាស់កសិដ្ឋានរូបនេះបានចាប់យករបរចិញ្ចឹមមាន់យកស៊ុតនេះតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយចិញ្ចឹមនៅលើផ្ទៃដីប្រមាណ ៣ ហិចតានិងមាន់ប្រមាណ ៣០០ ក្បាល។ ការចាប់ផ្ដើមដំបូងនេះ លោកបានចំណាយដើមទុនប្រហែល ១៥០០ ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដបាត់ដំបង។

id="app-clip-content-HondaClick">

យោងតាមប្រភពដដែលខាងលើបានឲ្យដឹងថា គិតមកទល់ពេលនេះ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់លោក គឹមសួ គឺដំណើរការបាន ១២ ឆ្នាំមកហើយ។ ដោយមានចាប់ផ្ដើមចិញ្ចឹមដំបូងនោះមានសាកល្បងតិចតួចប៉ុណ្ណោះ តែមានការរីកចម្រើន អាចទទួលបាលផលចំណេញច្រើនគួរសម ទើបលោកបានបន្ដពង្រីកអាជីវកម្មនេះបន្ដិចម្ដងៗ រហូតបច្ចុប្បន្នកសិដ្ឋានក្នុងខេត្ដបាត់ដំបងនេះបានពង្រីកខ្លួនរហូតដល់ មានរោងចិញ្ចឹមចំនួន ១២ រោង ទាំងតូចទាំងធំ នៅលើផ្ទៃដីប្រមាណ ១៣ ហិចតា។

ម្ចាស់កសិដ្ឋានចិត្ដស៊ូរូបនេះបានមានប្រសាសន៍ប្រាប់ឲ្យដឹងទៀត សព្វថ្ងៃនេះ កសិដ្ឋានរបស់លោកបានកើនឡើងមាន់រហូត ៦០០០០ ក្បាល និងអាចផ្គត់ផ្គង់ស៊ុតមាន់ទៅកាន់ទីផ្សារបានប្រមាណចន្លោះពី ៤០០០០គ្រាប់ ទៅ ៥០០០០គ្រាប់ ក្នុងមួយថ្ងៃ។ លោក ឃុន គឹមសួ ក៏បានបង្ហើបប្រាប់ពីចំណូលរបស់ខ្លួនដែលទទួលបានអាជីវកម្មចិញ្ចឹមយកស៊ុតនេះផងដែរថា លោកអាចទទួលបានចំណូលចន្លោះពី ៣០០០ ដុល្លារ ទៅ ៤០០០ ដុល្លារក្នុងមួយថ្ងៃ ហើយបើគិតពីចំណេញគឺអស់ប្រមាណពី ៧០ ទៅ ៨០ ភាគរយៈនៃចំណូលសរុប។

 

គួរបញ្ជាក់ផងដែរថា ត្បិតរបរចិញ្ចឹមមាន់យកពងនេះ លោក គឺមសួរ អាចរកចំណូលបានច្រើនក៏ពិតមែន ប៉ុន្ដែសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចំពោះរបរនេះ មិនគួរឆាប់ទៅប្រឡូកភ្លាមនោះទេ បងប្អូនត្រូវសិក្សាពីតម្រូវការទីផ្សារ ស្វែងម៉ូយចាំទទួលទិញ ពិសេសត្រូវសិក្សាបច្ចេកទេសក្នុងការចិញ្ចឹមឲ្យបានច្បាស់សិនទើបហានិភ័យនៃការខាតបង់មានកម្រិតទាប៕

ដកស្រង់ពី៖ business-cambodia