សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិថានឹងចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជូនជនរួមជាតិថា សម្តេចនឹងចាក់វ៉ាក់សាំងដែលជំនួយរបស់មិត្តចិនមុនគេ ដើម្បីដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើ Facebook ផ្លូវការរបស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាស់ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែ។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំ រាប់សឹបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិដោយសម្តេចបានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន បានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសមកដល់រដ្ឋាភិបាលនៃព្រះរាជាណាក្រកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការចូលរួមជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

សម្តេចតេជោ បានប្រកាសទទួលយកជំនួយឧបត្ថម្ភប្រកបដោយចិត្តស្មោះបរិសុទ្ធនេះ ដោយហេតុផលថា បណ្តាប្រទេសជាច្រើននៅលើពិភពលោក និងប្រជាជនរាប់លាននាក់ ព្រមទាំងមេដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ដោយមិនចាំបាច់មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកនោះទេ ។ ការសម្រេចចិត្តរបស់សម្តេចតេជោ ត្រូវបានធ្វើឡើងដោយសមស្របទៅនឹងសភាពការណ៍ជាក់ស្តែងនៃការគំរាមកាន់តែខ្លាំងឡើងៗ និងប្រឈមហានិភ័យកាន់តែខ្ពស់នៃជំងឺកូវីដ១៩ ទាំងនៅក្នុងពិភពលោក នៅក្នុងតំបន់និងនៅក្នុងប្រទេសកម្ពុជា ។

ដកស្រង់ពី៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា