កូវីត១៩​មិនមែនជាបញ្ហាធំរបស់អ៉ីស្រាអែលឡើយ!! អ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីស៉ីរីបង្កឲ្យស្លាប់កងទ័ពស៉ីរីនិងក្រុមសកម្មប្រយុទ្ធជាច្រើននាក់

អ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីស៉ីរីបង្កឲ្យស្លាប់កងទ័ពស៉ីរីនិងក្រុមសកម្មប្រយុទ្ធជាច្រើននាក់

ក្រុមឃ្លាំងមើលស្ថានការណ៍សង្រ្គាមនៅប្រទេសស៉ីរីកាលពីថ្ងៃពុធនេះបានរាយការណ៍ថា អ៉ីស្រាអែលបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសជាថ្មីម្តងទៀតលើទឹកដីស៉ីរី ដែលបានបង្កឲ្យក្រុមសកម្មប្រយុទ្ធ និងកងទ័ពរដ្ឋាភិបាលស៉ីរីយ៉ាងហោច២៣នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយអាល់ចាហ្សីរ៉ាស់ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នកឃ្លាំមើលខាងលើបានឲ្យដឹងថា ការវាយប្រហារដ៏ក្តៅគគុកថ្មីនេះពីសំណាក់យោធាអ៉ីស្រាអែល ត្រូវបានធ្វើឡើងទៅលើគោលដៅ ដែលជាទីតាំងរបស់កងកម្លាំងស៉ីរី និងសម្ព័ន្ធមិត្តគឺក្រុមសកម្មប្រយុទ្ធដែលមានអ៉ីរ៉ង់នៅពីក្រោយ នៅឯតំបន់ស្ថិតតាមបណ្តោយព្រំប្រទល់រវាងប្រទេសស៉ីរីនិងប្រទេសអ៉ីរ៉ាក់។

គួរបញ្ជាក់ថា យោងតាមប្រភពខាងលើ កងទ័ពស៉ីរីនិងក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផ្សេងទៀត ក៏បានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈវាគឺជាការវាយប្រហារលើកទីពីរហើយរបស់អ៉ីស្រាអែលទៅលើទឹកដីស៉ីរី បើគិតក្នុងឆ្នាំ២០២១នេះ។ ក្រុមអ្នកឃ្លាំមើលដដែលបានបន្ថែមថា ក្នុងឆ្នាំ២០២០ អ៉ីស្រាអែលបានធ្វើការវាយប្រហារសរុប៣៩លើក ទៅលើទីតាំងយោធារបស់ស៉ីរី ដែលបានសម្លាប់ទាហានស៉ីរី និងក្រុមសកម្មប្រយុទ្ធសរុប២១៧នាក់៕

ដកស្រង់ពី៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា