ចប់ទី១២កុំដើរទាត់ខ្យល់យូរពេកមើលអាជីព ៣ ប្រភេទនេះរកលុយបានចាយខ្លួនឯង

ក្រោយប្រឡងបាក់ឌុបចប់មានយុវជនយើងច្រើនណាស់ ដែលមិនទាន់ដឹងថាខ្លួនឯងត្រូវរៀនអ្វី ឬធ្វើការងារអ្វី ដើម្បីរកលុយទៅបន្ដការសិក្សារបស់ខ្លួននៅថ្នាក់មហាវិទ្យាល័យ ។

គាប់ជូនគ្នា បើទើបចប់ទី១២ មិនទាន់ដឹងធ្វើការងារអ្វីនោះ ហើយចង់បានលុយយកទុករៀនទៀត អាជីព ៣ ខាងក្រោមនេះ កំពុងពេញនិយម និង រកលុយបានផ្គត់ផ្គង់ការរៀនសូត្រ មិនបាច់ហុចដៃសុំលុយអ្នកផ្ទះយកមកចាយរាល់ខែ ។

១. YouTube

មិនដឹងធ្វើអ្វី អ្នកគូរតែសម្លឹងមើល YouTube ។ លុយច្រើនណាស់នៅក្នុង YouTube រាល់ថ្ងៃដែលអ្នកមិនចេះច្នៃឲ្យចេញទៅជាលុយ ហើយមាន Content ច្រើនណាស់ដែលអាចកើបលុយពាន់ ឬ ម៉ឺនដុល្លារ/ខែ ដែរ ។

ចំណុចដែលអ្នកត្រូវដឹងមាន ២ បន្ថែមទៀត ៖

Content បរទេស បើអ្នកចង់រកលុយមែន ធ្វើវីដេអូឲ្យបរទេសមើលទៅ កុំធ្វើឲ្យខ្មែរមើល ព្រោះតម្លៃសេវាអ៊ីនធើណែតក្រៅប្រទេសបានតម្លៃថ្លៃ អញ្ចឹងវីដេអូរបស់អ្នកក៏បានលុយច្រើនតាមហ្នឹងដែរ ។

Content ខ្មែរ ចង់ល្បី ចង់ធ្វើធម្មតា អ្នកធ្វើ Content ខ្មែរទៅ ព្រោះស្រុកយើងក៏បានលុយដែរ តែត្រូវព្យាយាមយូរ អត់ធ្មត់ ហើយលុយបានមកក៏តិចដែរ ព្រោះតម្លៃសេវាអ៊ីនធើណែតនៅខ្មែរយើងថោកណាស់ មិនបានលុយច្រើនទេ ។

២. Online

អាជីពនេះ គ្មានលុយក៏ធ្វើបានដែរ គ្មានអ្វីពិបាកទេ ពិបាកតែរឿងដឹកជញ្ជូន ឬ ផ្ញើប៉ុណ្ណោះ ។ បើនិយាយដល់មុខរបរអនឡាញ មិនមែនគិតដល់អ្នកលក់ឡេមួយមុខនោះទេ គឺនៅមានផ្លូវរកស៊ី អនឡាញផ្សេងទៀតក្រៅពីគ្រឿងសម្អាង ដូចជា គ្រឿងអេឡិចត្រូនិច ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ប្រភេទអាហារ សម្ភារៈសិក្សា ឬ ផ្សេងៗជាច្រើនទៀត ដែលបច្ចុប្បន្នគឺលក់តាមអនឡាញអស់ហើយ ចុះហេតុអ្វីយើងមិនរក បើលុយនៅនឹងមុខទៅហើយ ។

អញ្ចឹងហើយបើគ្មានលុយចាយ រកស៊ីខាងនេះសិនទៅ លក់អ្វីក៏បានដែរ ឲ្យតែទីផ្សារត្រូវការ ត្រឹមបង្កើតផេក ឬ ហ្វេសប៊ូកផ្ទាល់ក៏បានដែរ ធានារកលុយបានចាយ ដំបូងពិបាកបន្ដិច តែយូរទៅលុយចូលឈប់ពិបាកហើយ ។

៣. Design + Photography

មុខរបរ ២ នេះរកលុយក្រៅបានចាយដូចគ្នា ទាមទារឲ្យអ្នកមានដុងដែរ បើស្រលាញ់គឺឆាប់ចេះ ហើយទៅរៀនបន្ដិចទៀត គឺអាចយកមកប្រើការបានហើយ តម្រូវការទីផ្សារច្រើនណាស់ ខ្វះតែអ្នកចេះ ។

ចាប់អាជីពឌីស្សាញ ធ្វើពីក្នុងមុងទៅក៏បានដែរ មិនចាំបាច់មានក្រុមហ៊ុនទៅធ្វើការ ទំនាក់ទំនងតាម Facebook ឬ Telegram ចប់រឿងបាត់ហើយ ។

ចំណែក Photography ជាជំនាញមួយបានលុយភ្លាមៗ គេពេញចិត្តបានលុយពេញហោប៉ៅ ហើយមិនត្រូវការសញ្ញាបត្រ ឬ ចប់សាកលវិទ្យាអ្វីនោះទេ ត្រឹមចេះជំនាញដែលគេត្រូវការជាការស្រេច ។

អញ្ចឹងរៀនយូរហើយ ឬ ទើបចប់ទី១២ កុំដើរទាត់ខ្យល់ឲ្យសោះ ប្រយ័ត្នខ្មាសគេ មើលរបរនេះទៅ ពិបាកបន្ដិចតែ មានលុយចាយខ្លួនឯង មិនបាច់ពឹងលុយអ្នកផ្ទះ ឬ សុំលុយបងប្អូនចាយ ហើយមួយទៀត ប្រយ័ត្នមួយអាទិត្យមិនទាន់រត់ចោលបាត់ បើដាក់ចិត្តធ្វើគឺ ធ្វើកុំឈប់ឲ្យសោះ ៕

ដកស្រង់ពី៖ business-cambodia