ជីរនាងវង ជារុក្ខជាតិម្យ៉ាង ដែលមានសារៈប្រយោជន៍ក្នុងការធ្វើជាគ្រឿងផ្សំម្ហូបអាហារ ឲ្យមានឱជារសឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះ ជីនាងវង ក៏ជារុក្ខជាតិមានប្រយោជន៍ក្នុងការព្យាបាលជម្ងឺច្រើនមុខផងដែរ។ ហើយជីរប្រភេទនេះ ខ្មែរយើងនិយមដាំនៅក្បែរផ្ទះ ឬនៅតាមរងធំៗ សម្រាប់យកទៅលក់នៅទីផ្សារបានយ៉ាងងាយ។
តើជីរនាងវងមានលក្ខណៈពិសេស និងគុណប្រយោជន៏អ្វីខ្លះ ?
តាមការស្រាវជ្រាវបានអោយដឹងថា ជីរនាងវងសម្បូរទៅដោយវីតាមីន A , វីតាមីន C , មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ថែមទាំងមានសារធាតុ Beta-Carotenes ដែលអាចជួយការពារសសៃឈាមពីការខូចខាត និងបង្ការហានិភ័យពីជម្ងឺមហារីកបានផងដែរ។
ជីរនាងវង ក៏ជារុក្ខជាតិដែលអាចបំបាត់ការឈឺចាប់ ប្រឆាំងនឹងមេរោគបាក់តេរីបានយ៉ាងប្រសើរ ថែមទាំងអាចព្យាបាលជម្ងឺសន្លាក់ឆ្អឹង និងការឡើងជាតិអាស៊ីត។ ម្យ៉ាងវិញទៀតអ្នកគួរតែទទួលទានជីរនាងវង ជាមួយនឹងខ្ញី ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺគ្រុន, ក្អក និងផ្តាសាយជាដើម។ លើសពីនេះទៅទៀត ជីរនាងវង គឺមានប្រសិទ្ធភាពបំផុតសម្រាប់ជួយលាងសម្អាតសសៃឈាម ដោយកម្ចាត់ចោលនូវសារធាតុកូឡេស្តឺរ៉ល់ ( LDL) ដែលជាខ្លាញ់អាក្រក់ បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះជីរនាងវងថែមទាំងអាចប្រើប្រាស់សម្រាប់កែរោគ និងជម្ងឺផ្សេងៗជាច្រើនមុខទៀតផងដែរដូចជា ៖ ជម្ងឺតម្រងនោម, ទល់លាមក, ឈឺក្បាល, និងរាគរូសជាដើម។
ចំពោះអ្នកដែលមានបញ្ហាឈឹក្រពះ ប្រភេទរុក្ខឱសថមួយប្រភេទនេះជួយព្យាបាលឈឺក្រពះបាន។
កំរិតប្រើ៖
-ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។
-គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ដកស្រង់ពី៖ អ៊ាង សុផល្លែត (Eang Sophalleth)