សុំស៊ែរម្នាក់១មក ប្រវត្តិសាស្រ្តរមណីយដ្ឋានវត្តភ្នំ សំណង់ដែល​……

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកម្ពស់ ២៧ម៉ែត្រ ដែលត្រូវបានស្ថាបនា​ឡើងនៅ​ឆ្នាំ​១៣៧៣ និងជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយ​ម្នាក់​ឈ្មោះ ពេញថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅ​អ្នកជិតខាង​មក​ជួយ​ទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំ​អ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធដិមាករនោះ។

នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយ​បាន​កសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុង​បរិវេណ​វត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែល​តម្កល់​ព្រះធាតុ​របស់ព្រះបាទពញាយ៉ាត និង ចេតីយ៏​សម្រាប់តម្កល់​ព្រះធាតុ​របស់​ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតីយ៏ និង ព្រះវិហារ នៅវត្តភ្នំ បាន​កសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសម្រស់ប្រសើរឡើងៗ ។

រមណីយដ្ឋានវត្តភ្នំមានកេរដំណែល និងស្លាកស្នាមប្រវត្ដិសាស្ដ្រជាច្រើន ដែលបន្សល់ ទុកតាំងពីការកកើត​រាជធានី​ភ្នំពេញ​ដំបូង​ក្នុង​សតវត្សរ៍​ទី១៤មកម្ល៉េះ។ ក្នុងចំណោមនោះ រូបសំណាក ព្រះបាទស៊ីសុវត្ថិ ដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញ ផ្នែកខាងត្បូង​ក៏ជា​កេរ​តំណែល ប្រវត្តិសាស្ដ្រមួយដ៏សំខាន់ផងដែរ ក្នុងសម័យកម្ពុជាស្ថិតនៅក្រោម រាជការអាណាព្យាបាលបារាំង។ ព្រោះថារូបសំណាកនេះ ជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃ ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ឌឲ្យមក​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ខ្មែរវិញ។ ព្រះបាទស៊ីសុវត្ថិ ត្រូវបានក្រុមជំនុំធំសម្រាប់ព្រះបរមរាជវាំង រៀបចំពិធីអភិសេក ឲ្យឡើងគ្រងរាជ្យសម្បត្តិ ក្នុងគ្រឹស្តសករាជ១៩០៦ បន្ទាប់ពីព្រះបាទនរោត្តម ទ្រង់ចូលសុវណ្ណគត។ កាលនោះព្រះបាទស៊ីសុវត្ថិមានព្រះជន ៦៤ព្រះវស្សា ។

មុនឡើងគ្រងរាជសម្បត្តិ ព្រះបាទស៊ីសុវត្ថិ គឺជាស្ដេចព្រះឧបរាជដ៏ក្លាហានមួយព្រះអង្គ ដែលមិន​ចេះខ្លាច​ញញើតឡើយ​ចំពោះ​ការនាំ​ទ័ព​ទៅ​ធ្វើសង្គ្រាម បង្ក្រាបពួកបះបោរ (គ.ស១៨៦១-១៨៨៤)។ បណ្តាប្រជារាស្ដ្រគោរពស្រឡាញ់ ព្រះអង្គជាក្សត្រ​ដែលមាន​ព្រះទ័យ​ទូលំទូលាយ ចេះរាក់ទាក់ និងយោគយល់អធ្យាស្រ័យល្អ ចំពោះអ្នកផងទាំងពួង។ ស្នាព្រះហស្តរបស់​ព្រះអង្គគឺទ្រង់បាន​កសាងវិទ្យាល័យ​មួយស្ថិតនៅ ខាងក្រោយ ព្រះបរមរាជវាំងមានឈ្មោះថា ” វិទ្យាល័យស៊ីសុវត្ថិ” នៅពេលដែលព្រះអង្គបានឡើងសោយរាជ្យ។

ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ក្រៅពីទ្រង់បានបង្កើត ព្រះរាជបណ្ណាល័យសម្រាប់តម្កល់សៀវភៅធម៌ និងក្បួនច្បាប់សម្រាប់ជនទាំងឡាយទៅសិក្សា ទ្រង់បានកសាង សាលាបាលី សម្រាប់បង្រៀនព្រះត្រៃបិដក កសាងសាលារចនា និងសារមន្ទីរសម្រាប់ជនទាំងឡាយទៅសិក្សាពង្សាវតា ហើយនិងបង្កើតឲ្យមានសាលាច្បាប់សម្រាប់ធ្វើរាជការ។ នៅមានព័ត៌មានមួយទៀតសំខាន់ណាស់ គឺកាលគ្រិស្តសករាជ១៩០៧ នគរសៀមបានចុះសន្ធិសញ្ញា ជាមួយរាជការអាណាព្យាបាលបារាំង ប្រគល់ខេត្តបាត់ដំបង ស៊ីសុផុន និងសៀមរាបមកឲ្យខ្មែរវិញ បន្ទាប់ពីខេត្តស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ ត្រូវបានសៀមប្រគល់មកឲ្យខ្មែរវិញម្តងរួចមក ហើយកាលពីគ្រឹស្តសករាជ១៩០៤។ គឺដោយសារស្នាព្រះហស្តរបស់ ព្រះបាទស៊ីសុវត្ថិទាំងអស់នេះហើយ ដែលនាំឲ្យមានការស្ថាបនា រូបសំណាកព្រះអង្គខាងលើនេះឡើងដើម្បីទុក្ខជានិមិត្តរូប តម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូងតាំងពីពេលនោះមក។ ប៉ុន្តែរូបសំណាក់ ដូចដែលបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម តាមសំណូមពររបស់អាជ្ញាធរក្រុងភ្នំពេញ នៅពាក់កណ្តាលខែមករា១៩៩៨។ រូបសំណាកចម្លងនេះសាងសង់ឡើងពីស៊ីម៉ងត៍។

ដកស្រង់ពី៖ spktliv