បើករថយន្តកៀរអ្នកជិះម៉ូតូដួលបាក់ដងកាំបិត រួចដកកាំភ្លើងសួរ ជនរងគ្រោះថា «ហែងចង់យ៉ាងម៉េច ?…»

រាជធានីភ្នំពេញ៖ បុរសមានកាំភ្លើងសៀតនៅចង្អេះម្នាក់ បានផឹកស៊ីឡើងស្រវឹងធ្លាក់ភ្នែក រួចបើករថយន្តទៅកៀរអ្នកជិះម៉ូតូ បណ្តាលឲ្យដួលបាក់ឆ្អឹងដងកាំបិត និងរបួសប្រអប់ជើង ស្រាប់តែពេលនោះ ជនទំនើងជាអ្នកបើកបររថយន្តបានដកកាំភ្លើងពីចង្កេះកាន់គំរាម រួចសួរជនរងគ្រោះថា «ហែងចង់យ៉ាងម៉េច ?…»

បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនដំបូងគាត់ឃើញរថយន្តព្រូសបើកបរដោយបុរសម្នាក់ដែលមានកាំភ្លើងបានបើកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣ កៀនផ្សារធំថ្មី ហើយឃើញរថយន្តបានបើកកៀតម៉ូតូ បណ្តាលឲ្យដួល ហើយបានដកកាំភ្លើងពីចង្កេះ ហើយស្រែកថា «ហែងចង់យ៉ាងម៉េច!» ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី អ្នកដែលឃើញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រភបបន្តថា បន្ទាប់មកអ្នកដែលបង្កនៅតែបន្តសម្ញែងកាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថកិច្ចសុំដកទុកសិន តែជនបង្កប្រគល់ឲ្យតែសំបកកាំភ្លើងមិនប្រគល់គ្រាប់ឲ្យនោះទេ ហេយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង ។

អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហើយខ្លួនបានចេញពីផឹកស៊ីមួយកន្លែង ហើយបំណងបើករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកើតហេតុ

ចំណែក ក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូសិសទេដោយសុំត្រឹមតែឲ្យអ្នកបង្កសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង៕

ប្រភព: KBN