រាជធានីភ្នំពេញ ៖ នារីជាអតីតនិស្សិតពេទ្យឆ្មប ដែលជាប់អាហារូបករណ៍រៀននៅប្រទេសថៃម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅនឹងដើមពុទ្ធា នៅចំណុចក្នុងដីឡូតិ៍មួយកន្លែង បន្ទាបពីខំរៀនរហូតដល់មានជំងឺសរសៃប្រសាទ ហើយរត់គេចខ្លួនចេញពីផ្ទះបាត់ប្រមាណជាង២ខែមកហើយ ។ ក្រោយមកក៏បញ្ចប់ជីវិតខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍ មួយកន្លែងតាមផ្លូវកែវចិន្តា ក្រុម១២ ស្ថិតក្នុងភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ ។
រីរងគ្រោះខាងលើ ត្រូវបាននគរបាលឱ្យដឹងថា នាងមានឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅនៅផ្ទះលេខ១៤៦D ផ្លូវលំ ក្នុងភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
នគរបាលបានឱ្យដឹងបន្តថា នារីរូបនោះបានបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងដើមពុទ្ធាក្នុងព្រៃ ហើយត្រូវបានក្មេងៗក្នុងភូមិទៅបេះផ្លែពុទ្ធាក៏ប្រទះឃើញរត់ទៅប្រាប់ឪពុកម្តាយ រួចក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ហើយក្រោយមកស្គាល់ ក៏បានប្រាប់បងប្អូននារីរងគ្រោះរូបនេះតែម្តង ។
តាមបងស្រីនារីរងគ្រោះរូបនេះ បានឱ្យសមត្ថកិច្ចដឹងថា ប្អូនស្រីខ្លួន (នារីរងគ្រោះ) មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ ហើយរយៈពេលប្រមាណជិត២ខែក្រោយនេះ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងថា ទៅទីណានោះទេ ក៏ស្រាប់តែទទួលបានដំណឹងពីសមត្ថកិច្ចថា នាងបញ្ចប់ជីវិតខ្លួនឯងតែម្តង។
តាមព័ត៌មានឱ្យដឹងទៀតថា កន្លងមក នារីរងគ្រោះរូបនោះជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃ រហូតដល់ជិតចប់ទៅហើយ ប៉ុន្តែដោយសារតែការខិតខំរៀនខ្លាំងពេក បណ្តាលឱ្យនាងរលាកខួរក្បាល ក៏មានជំងឺសរសៃប្រសាទ ហើយត្រូវបានសាលាទាក់ទងមកក្រុមគ្រួសារឱ្យទៅទទួលយកមកស្រុកកំណើតវិញ និងបានបញ្ចប់ជីវីតខ្លួនឯងនៅពេលនេះតេម្តង។
ក្រោយពេលកើតហេតុ សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋាន វត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដកស្រង់ពី៖ BKK24H