ចង់ឆាប់មានកូនសាកធ្វើតាមក្បួនប៉ុន្មាននេះ……

ក្រោយ​រៀបការ​រួច ប្តី​ប្រពន្ធ​ខ្លះ​ចង់​បាន​កូន​ភ្លាម ឯ​ខ្លះ​ទៀត​មិន​ទាន់​ចង់​បាន​នោះ​ទេ ដោយ​ទុក​ពេល​វេលា​សន្សំ​លុយ​កាក់​ឲ្យ​បាន​ច្រើន។ ចំពោះ​អ្នក​ចង់​បាន​កូន​ឆាប់​នោះ តើ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​អាច​ជួយ​​ឲ្យ​ការ​បង្ក​កំណើត​ប្រពឹត្ត​ទៅ​រលូន មេ​ជីវិត​មាន​ទាំង​គុណ​ភាព និង​បរិមាណ?

ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បក​ស្រាយ​ថា ចង់​ឆាប់​មាន​កូន មិន​ទាក់​ទង​នឹង​ការ​នៅ​ជាមួយ​គ្នា​ញឹក​ញាប់ ឬ​មិន​ញឹក​ញាប់​នោះ​ទេ សំខាន់​គឺ​ប្តី​ប្រពន្ធ​រួម​ភេទ​នៅ​ពេល​មាន​មេ​ជីវិត​ញី​ធ្លាក់ អំឡុង​ថ្ងៃទី ១៣ ១៤ ១៥  ទៅ​តាម​រដ្ដ​រដូវ​របស់​ស្រីៗ។ ម្យ៉ាង​វិញ​ទៀត​ពេល​ដែល​អាច​មាន​កូន​បាន នៅ​ពេល​មេ​ជីវិត​បុរស​ល្អ ពោល​គឺ​ប្រុសៗ​តម​មិន​រួម​ភេទ ២-៣ថ្ងៃ ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​មាន​គ្រប់​គ្រាន់។

“ជា​ទូទៅ​មេ​ជីវិត​ញី​ម៉ោ​ថ្ងៃ​ទី​១៤ អ៊ីចឹង​បើ​យើង​នៅ​ជាមួយ​គ្នា​ញឹក​ញាប់​ម៉េច​ក៏​ដោយ ថ្ងៃ​ដើម​ខែ ម៉ោ​រដូវ​ហើយ ថ្ងៃទី៤ ទី៥ អី ក៏​អត់​មាន​កូន​ដែរ ហើយ​បើ​សិន​ជា​យើង​នៅ​ជាមួយ​​គ្នា​មិន​ញឹក​ញាប់​ទេ តែ​១ដង ថ្ងៃទី១៤ ថ្ងៃ​ដែល​មាន​មេ​ជីវិត​ញី​ចេញ​ម៉ោ នៅ​ជាមួយ​គ្នា​តែ ១ ដង ក៏​មាន​កូន​ដែរ”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​រលូន វេជ្ជបណ្ឌិត​ឯកទេស​សម្ភព រោគស្ត្រី និង​អេកូសាស្ត្រ​រូបនេះ ពន្យល់​ថា វា​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​តែ​មួយ​មុខ​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ច្បាស់​លាស់ កត្តា​សុខភាព​ប្តី​ប្រពន្ធ អាយុ​មិន​ចាស់​ពេក ពិសេស​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គ្រឿង​ស្រវឹង ឬ​បារី។

ចំពោះ​របបអាហារ​សម្រាប់​ស្ត្រី​វិញ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ណែនាំ​ឲ្យ​ផឹក​ទឹក​ដោះ ញាំ​យ៉ាអួរ ដែល​មាន​អ័រដ្រូសែន​ខ្ពស់​ជួយ​ឲ្យ​ការ​ផលិត​មេ​ជីវិត​របស់​ស្ត្រី​បាន​ល្អ និង​ជ្រើស​អាហារ​សុខភាព​ល្អ ដែល​មាន​សារធាតុ ៥ មុខ​សំខាន់ គឺ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន រ៉ែ និងអាស៊ីដ​ខ្លាញ់​ល្អ។

ឯ​បុរស​ក៏​ត្រូវ​បំប៉ន​អាហារ​សម្បូរវីតាមីន ដែល​សម្បូរ​នៅ​ក្នុង​បន្លែ​ផ្លែឈើ ជាតិរ៉ែ តាម​រយៈ​ការ​ញ៉ាំ ស៊ុត សាច់​មាន់ អយស្ទ័រ សាច់​គោ គ្រាប់​ធញ្ញជាតិ និង​អាស៊ីដខ្លាញ់​អូមេហ្កា ៣ ដែល​សម្បូរ​នៅ​ក្នុង​ត្រី​សមុទ្រ ពិសេស​ត្រីសាលម៉ុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ដកស្រង់ពី៖ hellokrupet