ទម្លាប់ ៥ យ៉ាងជួយឲ្យជីវិតអ្នកប្រសើរឡើង

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ប្រសិនបើមិនបានរៀបចំខ្លួនឲ្យបានល្អអ្នកអាចនឹងធ្លាក់ចូលទៅក្នុងទម្លាប់មិនល្អដោយមិនដឹងខ្លួន ។ បើចង់កែខៃទម្លាប់មិនល្អក្នុងជីវិតរស់នៅប្រចាំ ថ្ងៃ និងចង់ឲ្យជីវិតរបស់អ្នកប្រសើរជាងមុន ម៉េចមិនសាកល្បងសម្របខ្លួនជាមួយទម្លាប់ ៥ យ៉ាងដែល យើង នឹងលើកយកមកបង្ហាញ ខាងក្រោមនេះទៅ។ ចង់ដឹងថាមានអ្វីខ្លះតោះអានបន្តទាំងអស់គ្នា

១. ត្រូវសាកល្បងអ្វីដែលថ្មី

ការស្វែងរកអ្វីដែលថ្មីសាកល្បងជារឿងមួយដែលធ្វើឲ្យជីវិតរបស់អ្នករីករាយ ។ មិនតែប៉ុណ្ណោះ ការធ្វើរឿងថ្មីមិនត្រឹមតែធ្វើឲ្យយើងចេះដឹងនិងស្គាល់អ្វីដែលថ្មីតែម៉្យាងនោះទេ តែវាក៏ផ្ដល់នូវគំនិ តប្លែកៗ ថ្មីៗ ដែលអ្នកអាចយកមកពិចារណាថ្លឹងថ្លែងផ្លាស់ប្ដូរខ្លួនឯងក្នុងនាមជាបុគ្គលម្នាក់ទៀតផង។

២. មិនត្រូវខ្លាចបរាជ័យឡើយ

បរាជ័យជាអ្វីដែលមនុស្សគ្រប់គ្នា មិនចង់ជួបប្រទះជាដាច់ខាត ប៉ុន្តែងាកមករកការពិតវិញ គឺ លោកអ្នកមិនអាចសង្ឃឹមថា ទទួលបានជោគជ័យគ្រប់កិច្ចការងារនោះទេ។ ដូច្នេះ នៅពេលដែលអ្នកជួបបរាជ័យអ្វីដែលត្រូវធ្វើគឺ មិនត្រូវបោះបង់ ឬអស់សង្ឃឹមឡើយ ផ្ទុយទៅវិញអ្នកត្រូវរៀនពីបរាជ័យនោះ។ ឧទាហរណ៍មួយសម្រាប់រឿងនេះគឺ លោក Jack Dorsey ដែលជាស្ថាបនិក និង នាយកប្រតិបត្តិនៃក្រុមហ៊ុន Twitter ។ ផ្ដើមដំបូងឡើយលោកត្រឹមជាបុគ្គលិកក្រុមហ៊ុនបច្ចេក វិទ្យាម្នាក់ប៉ុណ្ណោះ។ ក្រោយការសន្សំប្រាក់បានគ្រប់គ្រាន់លោកសម្រេចបើកក្រុមហ៊ុនមួយដោយខ្លួនឯង តែអ្វីៗមិនសមបំណងឡើយគឺ ក្រុមហ៊ុនរបស់លោកបានខាតឡុងចុងរហូតបិទទ្វារ។ នៅដំណាក់កាលនោះលោកបានលើកទឹកចិត្តខ្លួនឯងមិនឲ្យគិតអ្វី ដោយសុខចិត្តចូលបម្រើការឲ្យគេសន្សំប្រាក់ រង់ចាំឱកាសជាថ្មី ។ មិនយូរប៉ុន្មានលោកក៏បានបង្កើតក្រុមហ៊ុន Twitter ឡើងរហូតទទួលបានការគាំទ្រច្រើន ក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដូចបច្ចុប្បន្ននេះ។

៣. ស្វែងរកបរិស្ថានរស់នៅដែលអំណោយផល

បរិស្ថានរស់នៅជុំវិញអ្នកជះឥទ្ធិពល យ៉ាងសំខាន់ទៅលើការរៀបចំអត្តចរិត បុគ្គលិកលក្ខណៈ អាកប្បកិរិយា និងចំណេះដឹង។ បើបរិស្ថានរស់នៅជុំវិញខ្លួនអ្នកមិនល្អ ឧទាហរណ៍ដូចជា សម្បូរទៅដោយក្រុមបងតូចបងធំ ក្មេងហិតកាវ និងលេងល្បែងស៊ីសង ក្នុងរយៈពេលណាមួយអ្នកនឹងផ្លាស់ប្ដូរទៅតាមនោះតិច ឬច្រើនដោយមិនដឹងខ្លួន។ លើសពីនេះ បើទោះជាអ្នកមិនផ្លាស់ប្ដូរជាអវិជ្ជមានក៏លោកអ្នកគ្មានសេចក្ដីសុខក្នុងការរស់នៅផងដែរ។

៤. ត្រូវកំណត់គោលដៅរយៈពេលវែង

ការកំណត់គោលដៅសម្រាប់ខ្លួនឯងរយៈពេលវែង អាចឲ្យអ្នកដឹងថា អ្នកមានទិសដៅច្បាស់ លាស់សម្រាប់ឆ្ពោះទៅ មិនមែនរស់មួយថ្ងៃគិតមួយថ្ងៃនោះទេ។គោលដៅរយៈពេលវែងអាចជួយ ឲ្យអ្នក រៀបចំ បែងចែកសកម្មភាពប្រចាំថ្ងៃជាគោលដៅរយៈពេលខ្លី។ តែត្រូវចាំថាគោលដៅរយៈ ពេលខ្លីរបស់អ្នកត្រូវមានទំនាក់ទំនងគ្នា ដើម្បីសម្រេចគោលដៅរយៈពេលវែង តាមពេលវេលាដែលអ្នកបានកំណត់ដោយខ្លួនឯង។

៥. ធ្វើខ្លួនឯងឲ្យរីករាយ

ជីវិតអ្នកគឺ ត្រូវការភាពរីករាយដើម្បីឲ្យខ្លួនអ្នកមានសុភមង្គល។ ដូច្នេះត្រូវព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនអ្នករីករាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ មិនថា មានឧបសគ្គអ្វី អ្នកត្រូវព្យា យាមគិតអ្វីជាវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯង ព្រោះនៅពេលរីករាយ អ្នកនឹងធ្វើកិច្ចការជុំវិញខ្លួនងាយស្រួលជាងពេលណាទាំងអស់។

ជឿជាក់ថា ក្រោយពីបានអានទម្លាប់ទាំង ៥ ដែល យើងទើបនឹងបានរៀបរាប់ហើយ ប្រិយមិត្តនឹងព្យាយាមយកគំនិតទាំងនេះទៅពិចារណា សម្របក្នុងជីវិតរស់នៅប្រចាំថ្ងៃអ្នកធ្វើយ៉ាងណាឲ្យកាន់តែប្រសើរឡើង៕