ទោសៈ គឺមានន័យថា កំហឹង សម្អប់ កំហុស ឬមានទោសខ្លាំង ។
ទោសៈ គឺកើតឡើងនៅពេល មានកហឹងទៅលើអ្វីមួយដែលកើតមាននៅក្នុងចិត្តរបស់មនុស្ស សត្វ ឫកើតឡើងពីការច្រណែនឈ្នានីស ការចងអាឃាដប៉ុនប៉ងព្យាបាទចំពោះអ្នកដទៃជាដើម ហើយវាអាចធ្វើអោយមានបញ្ហាដល់ខ្លួននិងអ្នកដទៃដោយមនុស្សហ៊ានធ្វើអ្វីទាំងអស់ទៅលើអ្នកដទៃព្រមទាំងខ្លួនឯងផងដែរទោសៈតែងតែធ្វើអោយមនុស្សលែងដឹងអី ដឹងតែចង់ឈ្នះ មិនដឹងខុសត្រូវ មិនមានសីលធម៌ អត់ស្គាល់បុណ្យ បាប ល្អ និងអក្រក់ អ្វីឡើយ។
មនុស្សដែលមានទោសៈភាគច្រើនគេអាចដឹងរយៈតាមទឹកមុខ និងកាយវិការ ដែលសម្ដែងចេញតាមសភាពដូចជា ធ្វើឱ្យមុខរបស់យើងប្រែពណ៌ជាក្រហម បេះដូងដើរញាប់ខុសពីធម្មតា ដៃជើងញ័រ មានអាការៈខុសពីធម្មតា មិនសូវញញឹម មិនសូវនិយាយស្ដីជាមួយអ្នកដទៃ តែបើនិយាយគឺនិយាយខ្លាំងៗនិង បោះបោក សម្ភារៈ។លើសពីនេះទៀតអ្នកខ្លះជេរប្រទេច ដាក់ផ្តាសាគេ ខ្លះវាយតប់គេ និងខ្លះទៀតអាចឈានទៅដល់ការសម្លាប់ជីវិតគេថែមទៀតផង។
លទ្ធផលនៃទោសៈ គឺតែងតែនាំមកនូវភាពអពមង្គល និងធ្វើឲ្យជីវិតជួបតែនូវភាពស្តាយក្រោយនៅក្នុងចិត្តអស់មួយជីវិតមិនសាបសូន្យឡើយ។
ត្រូវចេះអត់ធ្មត់ គ្រប់គ្រង់អារម្មណ៍កុំអោយឆាប់ខឹង។ ពេលមានអារម្មណ៍ខឹង យើងគួរតែរកវិធី សាស្រ្ដសម្រប់កាត់បន្ថយមានដូចជា៖ • ស្ដាប់បទចំរៀង • ទៅដើរលេង • ចៀងលេង • ទៅកន្លែងដែលយើងមានអារម្មណ៍ថាស្រស់ស្រាយ។ល៕ ទើបនាំមានផលល្អដល់ខ្លួន។
ដូចនេះ មនុស្សគ្រប់រូបគួរតែកាត់បន្ថយឬព្យាយាមលុបបំបាត់នូវទោសៈ នៅក្នុងខ្លួនអោយបានច្រើន ទើបធ្វើអោយខ្លួនឯងនិងអ្នកដទៃមានសុភមង្គលតរៀងទៅ។
បើសិនជាយើងស្អប់នូវអ្វីមួយហើយនោះ សូមកុំព្យាយាមធ្វើរឿងនោះចំពោះអ្នកដទៃ។
ការសន្សំរឿងគឺមានន័យថា ជាការប្រមូលផ្ដុំរឿងពីតូចទៅធំ ពីតិចទៅច្រើនគឺចង់និយាយអំពីការប្រមូលផ្តុំ, សន្សំរឿងរ៉ាវ, បញ្ហា(ជម្លោះ)ផ្សេងៗ ដែលធ្វើអោយពិបាកដោះស្រាយនិងស្មុគស្មាញ ធ្វើឲ្យមនុស្សមានរឿងមិនចេះចប់មិនចេះហើយ និងជាអំពើអសីលធម៌មួយដែលនឹងនាំទៅដល់ជម្លោះទាស់ទែង ការបែកបាក់គ្នាព្រមទាំងមិនសូវមានសេចក្ដីក្នុងខ្លួនឡើយ។
ការសន្សំរឿងគឺកើតទៅលើមនុស្សដែលមិនចេះស្រឡាញគ្នា មិនចេះអធ្យាស្រ័យគ្នាទៅវិញទៅមកហើយ វាច្រើនកើតចេញមកពីការមិនពេញចិត្ត, ភាពល្ងង់ខ្លៅ, ការចង់ប្រជែងយកឈ្នះនឹងនរណាម្នាក់ដោយខ្វះការពិរណា ខ្វះការគិត។
សភាពលក្ខណដែលយើងអាចដឹងថាជាមនុស្សប្រភេទសន្សំរឿងបានដោយអាកប្បកិរិយានិងសកម្មភាពដែលពួកគេកំពុងធ្វើដូចជា ចូលចិត្តធ្វើបាបគេហើយសប្បាយចិត្តខ្លួនឯង ពេលឃើញគេពិបាកវិនាស, ការនិយាយស្តីដោយមិនចេះគិត និយាយអ្វីមួយមិនពិតប្រាកដ, រករឿងអត់មូលហេតុ, ចង់តែឈ្នះហើយមិនដែលមើលឃើញកំហុសខ្លួនឯង, តែងតែចាប់កំហុសគេ, មិនសូវចុះសម្រុងជាមួយអ្នកដទៃ, មិនសូវមានអ្នកចូលចិត្តលេងជាមួយ, លើសពីនេះទៀតពេលទៅដល់កន្លែងណាមួយកើតឡើងនូវរឿងរ៉ាវនៅកន្លែងនោះភ្លាម។
ការសន្សំរឿងគឺគ្មានអ្វីផ្ដល់មកអោយល្អៗនោះទេ គឺផ្ដល់នូវសេចក្ដីវិនាសតែប៉ុណ្ណោះ គឺគ្មានហេតុផលណាដែលមនុស្សសន្សំរឿងទទួលនូវភាពល្អប្រសើរនោះទេ រមែងតែធ្វើអោយគេស្អប់, គេមើលងាយ, មិនសូវមានមិត្តភក្ដិ, បាត់បង់ភាពរីករាយសម្បូរសប្បាយ, ពុំសូវមានសេចក្ដីស្រឡាញ់ ការគោរព និងសេចក្ដីចំរើននោះឡើយ។
ត្រូវមានចិត្តអត់ធ្មត់ ចេះយោគយល់, អធ្យាស្រ័យគ្នា, មិនត្រូវប្រកាន់ច្រើន, មិនយករឿងបន្តិចបន្តួចមកលាក់់ទុកក្នុងចិត្ត, មិនត្រូវបង្កើតរឿងតូចទៅជារឿងធំ ហើយប៉ះពាល់ដល់អ្នកដទៃ។ ទើបនាំនូវភាពល្អប្រសើរ, សេចក្ដីសុខក្នុងខ្លួនបាន។
សរុបមក ការសន្សំរឿងពុំបាននាំនូវប្រយោជន៍អ្វីឱ្យអ្នកបាននោះទេ ដូចនេះមនុស្សម្នាក់ៗគួរតែជៀសវាងនូវបាបកម្មមួយនេះ ហើយព្យាយាមសាងតែអំពើដែលល្អៗ ដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ ព្រមទាំងកសាងចិត្តគំនិតអោយបានល្អ។
ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក ។
រមិលគុណគឺសំដៅទៅលើទង្វើទាំងឡាយណាដែលអាក្រក់ មិនល្អ ការធ្វើមិនដឹងមិនលឺ ឫមិនអើពើនិងបានធ្វើទៅលើអ្នកណាម្នាក់ដែលមានគុណមកលើយើង គឺមានន័យថាគេបានធ្វើអំពើល្អមកលើយើង ប៉ុន្ដែបែបជាយើងមិនសងគុណ មិនដឹងគុណគេ ហើយព្រមទាំងចង់ឃើញគេវិនាសទៀតផង។
ការរមិលគុណគឺកើតឡើងនៅពេលដែលមនុស្សដឹងគុណមិនសងគុណ, ធ្វើមិនដឹងមិនលឺ ទៅលើមនុស្សដែលគេធ្វើអំពើល្អលើខ្លួន។មួយវិញទៀតជាមនុស្សដែលមើលគុណ ឃើញទោស មិនស្គាល់បុណ្យនិងបាប មិនស្គាល់គុណ មិនស្គាល់ទោសឡើយ។ ម៉្យាងទៀតគឺមិនសូវមានការយល់ដឹងពី អរិយធម៌ កង្វះនូវធម៌កតញ្ញូនៅក្នុងខ្លូនទើបធ្វើអោយមនុស្សមានការយល់ខុសថាអី្វគុណ អី្វទៅទោស បែបជាយល់ឃើញសថាជាខ្មៅ, ឃើញគុណថាទោស មិនតែប៉ុណ្ណោះថែមទាំងធ្វើអំពើរមិលគុណនេះឡើងទៀត។
មនុស្សរមិលគុណមានលក្ខណជាធម្មតាគឺជាមនុស្សដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន លោភលន់, គិតអ្វីដែលខ្លួនធ្វើត្រូវហើយមិនគិតឬមិនខ្វល់ពីអ្នកដែលបានខិតខំជួយយើង អ្នកដែលធ្វើអំពើល្អលើខ្លួនទេ។ជាធម្មតាជាមនុស្សដែលមិនចេះខ្មាសបាប មិនខ្លាចកម្មពៀរវេរា មិនស្គាល់ទោសដែលកើតពីការរមិលគុណ និងតែងតែធ្វើភ្លេច, មិនខ្វល់, មិនអើតពើរ។
យើងដឹងហើយថាការរមិលគុណគឺជាបាបកម្មឬជាអំពើមិនល្អដែលតែងតែផ្ដល់មកនូវភាពមិនល្អដល់ខ្លួន ហើយថែមទាំងធ្វើអោយគេមិនសប្បាយចិត្ត ខកចិត្តជាខ្លាំងដែលឃើញមនុស្សដែលខ្លួនខំជួយបែបជាធ្វើអំពើមិនល្អដាក់ខ្លួន, ធ្វើអោយគេស្អប់ខ្ពើម, មានបាបកម្មច្រើន។ម្យ៉ងទៀតតែងតែរស់នៅដោយក្តីរងទុក្ខវេទនា ទាំងផ្លូវកាយនិងចិត្តព្រោះចង់សងគុណអ្នកទាំងនោះវិញគឺវាហួសពេលទៅហើយ ដែលធ្វើឲពួកគេស្តាយក្រោយពេញមួយជីវិតរបស់ពួកគេ។
មិនត្រូវភ្លេចអ្នកដែលធ្វើអំពើល្អដាក់ខ្លួននោះទេ ធ្វើជាមនុស្សកុំរមិលគុណត្រូវចេះតបស្នងទៅលើគេវិញដោយចិត្តស្មោះ, ដឹងគុណសងគុណទើបវាល្អប្រសើរកក្នុងជីវិត។
តាមការបង្ហាញខាងលើ ការរមិលគុណគឺជាបាបកម្មមួយដែលយើងមិនត្រូវមាននៅក្នុងខ្លួនឡើយគឺដឹងគុណសងគុណទើបវាត្រឹមត្រូវ ហើយព្យាយាមកសាងតែនូវអំពើល្អនៅក្នុងខ្លួន និងព្យាយាមជៀសវាងនូវទង្វើបែបនេះ ដើម្បីអនាគតដែលមានតែភាពរីករាយនិងមិនស្តាយក្រោយនៅក្នុងជីវិត។
ក្រពើវង្វេងបឹង ។
លើកកម្ពស់ខ្លួនឯងជាទង្វើមួយដែលបុគ្គលនោះតែងតែនិយាយ ចេញមកលើសពីសមត្ថភាពខ្លួនឯង ហើយប្រៀបធៀបទៅអ្នកដទៃដោយប្រើទាំងកាយវិកា និងពាក្យសំដីថាគេមិនល្អដូចខ្លួន គឺមានន័យថានិយាយលើកតំកើនឬអួតខ្លួន ហួសពេក គិតថាខ្លួនហ្នឹងល្អ ខ្ពង់ខ្ពស់ដាច់គេ និងព្យាយាមធ្វើឱ្យអ្នកដទៃជឿចូលចិត្តថា ខ្លួនពិតជាល្អមែន តែធាតុពិតវិញនោះគឺពុំដូច្នោះឡើយ។
សេចក្ដីអំនួតនេះបានកើតនៅពេលដែលបុគ្គលនោះមិនស្គាល់ពីសមត្ថភាពខ្លួនឯងផ្ទាល់។មួយវិញទៀត អ្វីដែលជាហេតុធ្វើអោយមានការនិយាយ អួត និយាយលើកម្ពស់ខ្លួននេះឡើង គឺមិនចង់អោយគេមិនងាយខ្លួន ដែលជាមនុស្សអសមត្ថភាព មិនអាចធ្វើអ្វីបាន, ខ្លាចខ្មាស់គែ ទើបធ្វើអោយបុគ្គលមួយចំនួនប្រព្រឹត្តនូវបាបកម្មមួយនេះ ហើយឈានដល់ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃទៅ។
មនុស្សដែលចូលចិត្តនិយាយអួត គឺជាមនុស្សចូលចិត្តយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃ ហើយនិយាយចង់ឈ្នះ និយាយលើកតំកើនខ្លួនដែលមិនដឹងសមត្ថភាពខ្លួនឯងច្បាស់ ហើយធ្វើអ្វីក៏ដោយគឺគិតថា ខ្លួនឯងអស្ចារ្យជាងគេរហូត ទោធាតុពិតយ៉ាងណាក៏ដោយ។
ផលនៃការលើកកម្ពស់ខ្លួននេះ គឺមិនសូវមានអ្នកចូលចិត្ត អត់អ្នករាប់រក បើមានក៏មិត្តភាពនោះមិនបានយូរអង្វេងដែរ ហើយមិនសូវចងមិត្តភាពជាមួយគេអោយបានច្រើន ព្រោះបុគ្គលនោះតែងតែគិតថាខ្លួនអស្ចារ្យជាងគេ គិតថាគ្មានណាគេដល់ខ្លួន, រវល់តែឈ្លក់វង្វេងចំពោះខ្លួនឯង។ចុងក្រោយមានតែការស្ដាយក្រោយប៉ុណ្ណោះ នៅពេលដែលយើងជួបបញ្ហាខ្លាំង ហើយគ្មានអ្នកណាមកជួយយើងបាន។
មិនត្រូវគិតថាមានតែខ្លួនឯងដែលអស្ចារ្យជាងគេនោះទេ ត្រូវចេះមើលពីអ្នកដទៃផង និងត្រូវរៀនពីគ្នាទៅវិញទៅមកស្ដាប់គ្នាទៅវិញទៅមក គឺមិនត្រូវមានគំនិតល្អអីតែម្នាក់ឯងនោះទេ។
ជាការពិតណាស់ការលើកកម្ពស់ខ្លួនឯងគ្មានមួយណា ឬទទួលលទ្ធផលល្អនោះទេ ហើយមិនមែនជាទង្វើល្អទៀតដែលទង្វើមួយដែលគេគិតថា យើងមើលឃើញតែសេចក្ដីល្អរបស់ខ្លួន ហើយមិនដែលមើលឃើញសេចក្ដីអាក្រក់របស់ខ្លួននោះទេ ព្រមទាំងមិនស្គាល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនដែលធ្វើអោយខ្លួនឯងនិយាយអួត ហួសពេកឬក៏បន្ទោសបន្ថោកគេទៀត។ ដូចនេះយើងត្រូវចៀសវាងពីវា អោយបានមិនគួរប្រព្រឹត្តទង្វើបែបនេះឡើយ។
ការចេះដឹងបន្តិចបន្តួច វាគ្រោះថ្នាក់ណាស់ ។
ច្រណែន មានន័យថា ការមិនពេញចិត្តដែលឃើញគេល្អជាងយើង គេមានជាងយើង គេបានក្ដីសុខជាងខ្លួន ហើយយើងក៏មានកូនចិត្តមួយគឺចង់បានដូចគេដែរ ហើយជាបាបកម្មមួយដែលធ្វើអោយមនុស្សហ៊ានប្រព្រឹត្តនូវអំពើសព្វគ្រប់បែបយ៉ាងដើម្បីអោយបានដូចគេ។
សេចក្ដីច្រណែនកើតឡើងគ្រប់កាលៈទេសៈ នៅពេលបុគ្គលនោះមានការលោភលន់ មានមហិច្ចតា មិនចេះស្កប់ស្កល់ក្នុងខ្លួន គឺមានន័យថា ជាមនុស្សដែលគិតដែលផលចំណេញ គិតអ្វីតែខាងបានមិនខ្វល់អ្វីទែ សំខាន់អោយតែបានឬចំណេញ ប៉ុន្ដែពេលឃើញគេបានលើសលើខ្លួនបន្ដិតបន្ដូចក៏មានចិត្តច្រណែនភ្លាម។
មនុស្សដែលមានការច្រណែនគឺជាមនុស្សដែលតែងតែមើលផលចំណេញ ផលល្អ ឬផលប្រយោគរបស់គេដែលច្រើនជាងខ្លួន ហើយជាមនុស្សដែលពោរពេញទៅដោយភាពលោភលន់ និងជាមនុស្សដែលចូលចិត្តសួរដេញដោលរឿងគេ សួរពីផលប្រយោជន៍គេ, មិនតែប៉ុណ្ណោះលួចតូចចិត្តច្រណែនហើយនិយាយពាក្យឌឺដងគេធ្វើអោយគេមិនសប្បាយចិត្ត។
ផលដែលទទួលបានពីការច្រណែន គឺមិនមានអ្វីល្អប្រសើរទេ តែងតែផ្ដល់នូវផលអាក្រក់ជានិច្ច។ ថែមទាំងធ្វើអោយមានការបែកបាក់សាមគ្គី, មិនសូវមានសេចក្ដីសុខ, មានភាពមិនស្រនុកក្នុងចិត្ត, មានជម្លោះ, មើលមុខគ្នាមិនសូវចំ, ចុងក្រោយមានតែសេចក្ដីអន្ដរាយ សេចក្ដីអាក្រក់មកដល់ខ្លួន។
មិនត្រូវមានភាពលោភលន់ មិនខ្វល់ជាមួយនឺងរឿងមានបានរបស់អ្នកដទៃ ត្រូវគិតថាពេលគេកំពុងរីកចំរើន យើងត្រូវតែសប្បាយចិត្ត ហើយយើងយកពេលវេលាដែលខំច្រណែនគេនេះមកខិតខិ មកបង្ហាត់ខ្លួន មកបន្លឿនខ្លួន រកស៊ី, ធ្វើការ, រកលុយប្រសើរជាងទៅរករឿងច្រណែនគេហើយយើងមិនបានអ្វីនោះ។
ដូចនេះការច្រណែន មិនបាននាំនូវសេចក្ដីសុខអ្វីឡើយ នាំតែសេចក្ដីក្ដៅក្រហល់ មិនសប្បាយចិត្តនិងនាំនូវភាពសៅហ្មងឯណោះវិញទេ។ហេតុនេះហើយ យើងគួរគប្បីខំជៀសវាងនូវទង្វើទាំងអស់នេះ ទើប ជីវិតយើងរស់នៅមានសេចក្ដីសុខសប្បាយ ព្រមទាំងទទួលបាននូវជីវិតមួយដែលគ្មានការច្រណែន ឈ្នានីសគ្នាទៅវិញទៅមក។
ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិភាព ។
កំណាញ់គឺសំដៅទៅភាពចិត្តអាក្រក់ ដែលមិនចង់អោយអ្វីមួយទៅអ្នកដទៃទោះរបស់នោះមិនសូវមានតម្លៃក៏ដោយ គឺចង់ទុករបស់នោះនៅនឹងខ្លួន មិនងាយចំណាញ ឬមានន័យថាជាអារម្មណ៍មួយដែលធ្វើអោយចិត្តមនុស្សមិនចង់អោយអ្វីមួយទៅនរណាម្នាក់ឡើយ, បើជារបស់ប្រើប្រាស់សុខចិត្តទុកដល់ខូចអស់។
កំណាញ់ គឺអាចកើតឡើងបានគ្រប់ពេលវេលា និងចំពោះមនុស្សភាគច្រើន,នៅពេលដែលមនុស្សមិនដែលស្គាល់ផលប្រយោគជន៍នៃការជួយគេ គឺខិតខំលាក់ មិនបញ្ចេញ ដោយមានគំនិតគិតថាខ្លាចជួយគេទៅគេល្អជាងយើង គេបានប្រសើរជាងខ្លួន ទើបមិនព្រមជួយ ហើយពេលខ្លះគេកំណាញ់អាចសមហេតុផលដែល ព្រោះគេគិតថារបស់នឹងមានសារៈសំខាន់សំរាប់ខ្លួន។
សភាពរបស់មនុស្សដែលកំណាញ់គឺសំដែងតាមរយៈកាយ វាចា និងចិត្ត គឺមានន័យថានៅពេលដែលមនុស្សកំណាញ់ធ្វើអ្វីមួយ គឺតែងតែធ្វើអ្វីលាក់មុខ លាក់ក្រោយមិនចង់អោយគេដឹងហើយគេមកខ្ចីឬ យក។មួយវិញទៀតជាមនុស្សដែលសន្សំនូវទ្រព្យសម្បត្តិដែលមិនអោយកូន ប្រពន្ធខ្លួនឯងចាយវាយឬ ធ្វើអ្វីជួយអ្នកដទៃ និងសូម្បីតែទិញអ្វីយកមកបរិភាគ។
ការកំណាញ់គឺមិនមានលទ្ធផលល្អទេ,មានតែគេស្អប់ខ្ពើមច្រើន ហើយអ្នកនិងទទួលបាននូវសេចក្ដីកំណាញ់នេះមកវិញ ព្រោះពេលដំបូងអ្នកកំណាញ់ដាក់គេ ហើយពេលក្រោយគេក៏ធ្វើសេចក្តីកំណាញ់នេះតបទៅគេវិញ។
ចូរធ្វើចិត្តអោយទូលាយមិនកំណាញ់ អ្វីដែលជួយបានគឺយើងត្រូវជួយ ត្រូវមានចិត្តល្អនិងត្រូវប្រកាន់នូវវប្បធម៌ចែករំលែក, ជួយចែករំលែកគ្នាទៅវិញទៅមក។
យើងបានដឹងហើយថាការកំណាញ់មិនមានអ្វីល្អទេ ហើយនាំតែសេចក្ដីទុក្ខដាក់ខ្លួន ដូចនេះយើងគួរតែគប្បីបោះបង់នូវភាពកំណាញ់នេះចោល ប្ដូរមកវិញនូវការធ្វើទានចំពោះគ្នាទៅវិញទៅមក។
ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន ។
លាក់ទោសកំហុសទុកគឺនៅពេលដែលមនុស្សយើងធ្វើអ្វីមួយខុស ហើយមិនចង់អោយគេដឹង និងមិនចេញមុខមកទទួលខុសត្រូវលើកំហុសនេះ, នៅតែព្យាយាមបិទបាំង លាក់ទុកក្នុងខ្លួននូវអំពើអាក្រក់របស់ខ្លួន មិនព្រមអោយគេដឺង។
ការលិចឡើងនូវទង្វើបែបនេះគឺនៅពេលដែលមនុស្សបានសាងអំពើមួយដែលអាក្រក់ ដែលមិនត្រឹមត្រូវ មិនល្អ មិនសមរម្យ ហើយមានចិត្តខ្លាចគេដឹង ខំប្រឺងលាក់ តាមវិធីសាស្រ្ដអ្វីក៏ដោយអោយតែកុំអោយគេដឹង ព្រោះខ្លាចគេថាយើងមិនល្អ, ខ្លាចគេស្អប់, ខ្លាចគេមើលងាយ, ហើយខ្លាចប៉ះពាល់ដល់ កត្តិយស ទើបមិនហ៊ានប្រឈមមុខនឹងការពិត។
ជាធម្មតាមនុស្សនៅពេលដែលមានទោសកំហុស មានទង្វើធ្វើមិនគប្បីទៅលើអ្វីមួយគឺមនុស្សនោះនៅមិនដែលសុខក្នុងខ្លួនទេ តែងតែមានលក្ខណៈភ័យខ្លាចព្រោះខ្លាចគេដឹងរឿងរបស់ខ្លួន ហើយធ្វើអ្វីឬនិយាយស្ដីគឺមានលក្ខណៈភ័យៗ ព្រមទាំងខិតខំនិយាយកុហកឬនិយាយរកលេសដោះសារផ្សេងៗ ដើម្បីឱ្យអ្នកដទៃគេយល់ គេជឿជាក់ថាខ្លួនជាមនុស្សល្អស្លូតត្រង់គ្មានកំហុស។
លទ្ធផលដែលទទួលបានគឺលើសពីលទ្ធផលដែលធ្វើរឿងនឹងអោយកើតឡើងទៀត ព្រោះនៅពេលដែលយើងធ្វើខុស យើងចេះទទួលខុសត្រូវ ហើយរកវិធីសាស្ដ្រដោះស្រាយវា ប៉ុន្ដែផ្ទុយទៅវិញអ្នកបែបជាមិនទទួលខុសត្រូវ ហើយមិនព្រមអោយគេដឹង នៅខំប្រឹងលាក់បាំងទៀត ដល់ចុងក្រោយគេដឹង គេកាន់តែស្អប់ថែមទៀត។
យើងគួរតែមានភាពទទួលខុសត្រូវក្នុងខ្លួនរាល់កំហុសទាំងអស់ដែលខ្លួនបានធ្វើ ហើយពង្រឹងសមត្ថភាពរបស់យើង កុំអោយពេលក្រោយមានកំហុសទៀត ហើយកុំខំបិទបាំងអំពើមិនល្អរបស់ខ្លួន ព្រោះមុននិងក្រោយគេគង់តែដឹង។
ដូច្នេះមនុស្សម្នាក់ៗ គួរគប្បីតែជៀសវាងនូវលាក់ទោសកំហុសទុកនេះអោយបាន ដើម្បីអោយមានសេចក្តីសុខនៅក្នុងខ្លួន។
ហ៊ានធ្វើហ៊ានទទួល ។
អួត គឺជាការនិយាយសរសើរខ្លួនឯង ដែលនិយាយរៀបរាប់ពីគុណសម្បត្តិអ្វីមួយរបស់ខ្លួនអោយគេបានដឹង បានលឺ ហើយក្នុងគោលបំណងចង់អោយគេសរសើរខ្លួន និងបញ្ឈឺមនុស្សម្នាក់ទៀត។
ការអួត គឺកើតនៅលើមនុស្សគ្រប់វ័យ គ្រប់កាលៈទេសៈទាំងអស់ នៅពេលដែលបុគ្គលនោះបានធ្វើអ្វីមួយដែលគិតថាខ្លួនឯងអស្ចារ្យ ដែលខ្លួនទទួលបាននូវភាពជោគជ័យ ដោយខិតខំដើរនិយាយសរសើរ លើកតំកើនខ្លួនឯង ដើម្បីអោយគេបានដឹងថាយើងពិតជាល្អ ជាមនុស្សដែលមានសមត្ថភាព និងមួយវិញទៀតគឺបានឌឺដងគ្នាដោយការនិយាយអួត។
ជាធម្មតាមនុស្សដែលចូលចិត្តអួតគឺជាមនុស្សដែលតែងតែនិយាយច្រើន ហើយនិយាយតែរឿងដែលល្អៗនៃខ្លួនឯងទៅប្រាប់អ្នកដទៃ, និយាយអួតហួសហេតុពេក គឺមានន័យថានិយាយលើកជើងតែខ្លួន ហើយជាមនុស្សមិនសូវខ្មាស់អៀនក្នុងការនិយាយអួត។ពេលខ្លះខិតខំតែងខ្លួន ប្រើប្រាស់របស់ថ្លៃៗ ទំនើបៗដើម្បីអោយគេដឹង, ខ្លាចគេមិនដឹងថាយើងអ្នកមានទ្រព្យ។ពេលខ្លះធ្វើខ្លួនដូចអ្នកចេះដឹង ហើយខំនិយាយ, ពោលពាក្យដែលល្អៗសម្រាប់ខ្លួនដែលហួសពីការពិតអោយគេបានដឹង, អោយគេកោត សរសើរ។
ការអួតលទ្ធផលគ្មានដែលល្អទេ តែងតែមានគេស្អប់ខ្ពើម ពេលខ្លះនិយាយឡើងគេស្ដាប់ឡើងធុញ, ពេលខ្លះគេមិនជឿទេ ថែមទាំងត្រូវបានគេមើលងាយ គេសើចចំអកទៀតផង, ហើយតែងតែទទួលបានផលពិបាកដល់ខ្លួនទៅវិញ។
មិនត្រូវមានអំណួតលើខ្លួនឯងពេកទេ, បើយើងធ្វើបានយើងស្ងាត់ស្ងៀមទៅគង់តែថ្ងៃមួយគេបានដឹងទេ បើគ្មានគេសរសើរ យើងសរសើរខ្លួនឯងទៅ។
ជាចុងក្រោយការនិយាយអួត,ការដែលមានមោទភាពចំពោះខ្លួនឯងពេក គឺរមែងទទួលបាននូវផលមិនល្អដូចបាននិយាយនៅខាងលើ ហើយត្រូវគិតថាអ្នកដទៃក៏គេមានសមត្ថភាព មានគុណសម្បត្តិរបស់គេដែរ។ដូចនេះយើងត្រូវព្យាយាមចេញអោយឆ្ងាយ និងជៀសវាងនូវទង្វើនេះ ព្រមទាំងស្វែងរកសាមគ្គីភាពនិងសុខសន្ដិភាពជូនសង្គមជាតិយើង។
ចេះឯង ឲ្យក្រែងចេះគេ ។
ចចេសគឺមានន័យសំដៅទៅលើ មនុស្សដែល, រឹងរូស, មាត់រឹង,មិនដែលស្ដាប់ពីអ្វីទាំងអស់គឺតែងតែ គិតបែបណាធ្វើបែបនឹងមិនខ្វល់ពីបំរាម ច្បាប់ វិន័យ គឺហាមមិនស្ដាប់តែម្ដង។
ការលិចឡើងនៃការចចេសរបស់មនុស្សគឺនៅពេលដែលបុគ្គលនោះខ្វះការគិតពិចារណា មិនដែលជឿនូវអ្វីដែលគេប្រាប់។ជាមនុស្សចូលចិត្តយល់តែចិត្តខ្លួនឯង ហើយយកគំនិតរបស់អ្នកដទៃចាត់ទុកថាគ្មានប្រយោជន៍ និងមិនដែលគិតហើយយកមកពិចារណា។
មនុស្សចចេសគឺជាមនុស្សដែលនិយាយមិនព្រមស្រប់តាមគំនិតអ្នកដទៃសោះ, និយាយតមាត់, និយាយយកតែឈ្នះ គឺគិតឬខ្វល់តែគំនិតខ្លួនឯងប៉ុណ្ណោះ។ ជាមនុស្សចរឹតរឹងត្អឹងចូលចិត្តធ្វើឌឺដងមិនស្តាប់ចាស់ទុំធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួន ហើយពុំចូលចិត្តស្តាប់ហេតុផលរបស់គេនោះទេ។
ការទទួលបានមកពីការចចេសគឺមានតែការស្ដាយក្រោយ, តែងតែជូបនូវបញ្ហាដែលគេបាននិយាយប្រាប់, ដល់ជូបបញ្ហានៅនឺងមុខបានដឹងថាអ្វីជាអ្វី, ចុងក្រោយមានតែវិនាសខ្លួនឯង, លំបាកតែខ្លួនឯង, ហិនហោចនូវរបស់អ្វីមួយពីខ្លួន។
យើងត្រូវស្ដាប់គេស្ដាប់ឯង ព្រោះគេបានឆ្លងកាត់បានមុនយើង, គេកើតមកមុនយើង គេដឺងរឿងរ៉ាវបានច្រើនជាងយើង។ ត្រូវចេះយកហេតុផល ឬគំនិតគេមកគិតពិចារណាថាគួរធ្វើឬមិនធ្វើ។
ដូចនេះ ការចចេសគឺជាបាបកម្មមួយដែលធ្វើអោយអ្នកដទៃឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្តគឺសិទ្ធសឹងតែជាបាបកម្មទាំងអស់។ ដូច្នះហើយមនុស្សទាំងអស់គ្នាគួរតែជៀសវាងអោយបាននូវអំពើបាបកម្មទាំងឡាយក៏ដូចជាបាបកម្មមួយនេះផងដែរ។
មាត់តែប្រកែក អម្រែកតែទទួល ។
ទុកខ្លួនជាវិសេសវិសាលជាងគេគឺជាទង្វើមួយដែល បុគ្គលមួយបានចាត់ទុកខ្លួនគេ ជាអ្នកខ្លាំងជាងគេ ជាអ្នកដែលគ្មានអ្នកណាប្រៀបដូច ឬជាការចាត់ទុកខ្លួនឯងខ្ពស់លើអ្នកណាៗទាំងអស់ ឫចាត់ទុកគេពុំបានស្មើរនឹងខ្លួននោះឯង។
ទង្វើបែបនេះ គឺកើតឡើងនៅពេលដែលមនុស្សនោះមានភាពឈ្លុកវង្វេងទៅលើខ្លួនឯងពេក គិតថាខ្លួនអស្ចារ្យជាងគេ មានទំនួលលើខ្លួនឯងពេក ដោយយល់ថាគ្មានអ្នកណាចេះដូចខ្លួន។
មនុស្សដែលទុកខ្លួនជាមនុស្សដែលវិសេសវិសាលជាងគេគឺមានអាការៈមួយដែលចេញមកគឺមានតែឯង, ធ្វើមើលតែឯងនឹងអស្ចារ្យជាងគេ, ចេះជាងគេណាស់, គ្មានណាស្មើដូច។ ជាមនុស្សមានអំនួតមានមោទនៈភាពចំពោះខ្លួនឯងខ្លាំងពេក ហើយចូលចិត្តនិយាយលើកសរសើរតែខ្លួនឯងប្រាប់អ្នកដទៃ ជាមនុស្សដែលមិនចេះស្ដាប់អ្នកណាទាំងអស់ ហើយនៅដែលមានគេប្រសើរជាងខ្លួន ក៏នៅតែមិនព្រមជឿឡើយ ទោះមានការពិសោធម្តងហើយម្តងទៀតៗ ក៏នៅតែពុំមិនជឿឡើយ។
លទ្ធផលដែលបានមកពីការចាត់ទុកខ្លួនជាវិសេសវិសាលជាងគេ គឺមិនដែលសប្បាយចិត្ត ព្រោះ មនុស្សបែបនេះ សម្បូរទៅដោយការស្អប់, ពុំសូវមានអ្នករាប់អាន, ជាមនុស្សដែលឯកា, ហើយមានតែភាពអាម៉ាស់ប៉ុណ្ណោះ។
ត្រូវគិតថាមនុស្សមានសមត្ថភាពរៀងៗខ្លួន មិនត្រូវគិតថាខ្លូនឯងល្អជាងគេពេក, ខំរាប់មិត្តភក្ដិ និយាយស្ដាប់គ្នាទៅវិញទៅមក ទើបវាប្រសើរ។
និយាយរួម បាបកម្មទុកខ្លួនជាវិសេសវិសាលជាងគេគឺមិនដែលបានផលល្អទេ។ដូចនេះយើងគួរតែងខិតខំ ជៀសវាងពី អំពើបាបទាំងអស់រួមទាំងអំពើបាបមួយនេះផង និងមិនប្រព្រឹត្តនូវអំពើអាក្រក់នាំគ្នា កសាងនូអំពើល្អវិញ គឺជាទង្វើមួយដ៏ល្អប្រពៃបំផុត។
ភ្នំមួយខ្ពស់ នៅមានភ្នំមួយទៀតខ្ពស់ជាងនឺងទៀត។
មើលងាយគេគឺជាការប្រមាទមើលងាយ និយាយថាអោយអ្នកដទៃទាំងដោយកាយ វាចា និងចិត្តថាថោកជាងខ្លួន ឫមិនសមសួនស្មើរខ្លួន យើងល្អតែគេអាក្រក់រហូត។
ការមើលងាយគេ គឺកើតនៅពេលដែលយើងមានសមត្ថភាពជាងអ្នកដទៃ ហើយបាននិយាយមើលងាយគេដែលអ្នកនោះធ្វើមិនបានដូចខ្លួន ឬកើតឡើងដោយសារតែចិត្តមនុស្សដែលមើលឃើញតែចំណុចអាក្រក់របស់គេ ហើយមើលងាយគេទៅតែម្តងទៅ ដោយមិនបានពិចារណាអ្វីសោះឡើយ។
ជាធម្មតាមនុស្សបែបនេះគឺតែងតែនិយាយអោយគេ និយាយមើលងាយគេ ចាំមើលតែកំហុសរបស់គេ, អំពើអាក្រក់របស់គេ, ចាំសើចចំអក ដោយមើលងាយថា គេមិនអាចធ្វើអ្វីបាន។
ផលដែលទទួលពីការមើលងាយគេគឺធ្វើអោយខ្លួនឯងភ្លេចខ្លួន បណ្ដោយខ្លួនឯងមិនខ្វល់ ប៉ុន្ដែអ្នកដែលត្រូវបានគេមើលងាយវិញគឺតែងតែខិតខំប្រឹងប្រែងដើម្បីអោយទទួលបាននូវជ័យជំនះ។ អ្នកមើល ងាយគេគឺមិនបានសប្បាយតាមផ្លូវចិត្ត ឫផ្លូវកាយឡើយ។
ត្រូវនិយាយលើកទឹកចិត្តគេ, កុំនិយាយបំបាក់ទឹកចិត្តគែ, បើគេធ្វើមិនទាន់បានយើងត្រូវជួយ ត្រូវជំរុញ ជួយណែនាំគេអោយបានល្អនិងធ្វើបាន។បើមិនជួយសរសើរ លើកទឹកចិត្ត សូមកុំនិយាយមើលងាយគេឡើយ។
ដូចនេះយើងម្នាក់ៗមិនគួរប្រព្រឹត្តនូវអំពើមើលងាយគេឡើយ។ យើងមើលងាយគេថ្ងៃនេះ តែនៅពេលក្រោយគេនឹងមើលងាយយើងវិញជាមិនខានឡើយ។ គ្មាននរណាម្នាក់ល្អអស្ចារ្យនោះឡើយ ដូច្នេះគួរលុបបំបាត់នូវការមើលងាយគេ ទើបទទួលបាននូវភាពសម្បូរសប្បាយ មានគេរាប់អានច្រើន។
គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
ប្រជែងយកឈ្នះគឺជាការដណ្ដើមយកអ្វីមួយដែលគេចង់បាន ហើយមិនចង់ចាញ់គេឡើយ ដែលជាសកម្មភាពមួយ ប្រព្រឹត្តតាមរយៈផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្តក្នុងគោលបំណងឱ្យគេទទួលបានជ័យ ជំនះព្រមទាំងស្គាល់ថាខ្លួនជាមនុស្សខ្លាំងឬគ្រាន់បើ។
ការប្រជែងយកឈ្នះនេះ កើតមកពីការខឹង សេចកី្តច្រណែន ជាពិសេសមានកត្តាជាច្រើនដូចជា ដើមហេតុពីការឈ្លោះគ្នាឫមានគំនុំគុំគួនគ្នា, ការដណ្តើមគ្នាដើម្បីចង់បានអ្វីមួយ, ការច្រណែន ហើយមិនព្រមអោយមាននរណាម្នាក់ល្អជាងខ្លួន ទើបបានជាខំប្រជែងយកឈ្នះ។ពេលខ្លះគឺបណ្តាលមកពីមិនចូលចិត្ត ឬខឹងនឹងគេហើយក៏តាំងព្យាយាមយកឈ្នះគេតែម្តងទៅ។ការប្រជែងយកឈ្នះលគឺ ចង់យកឈ្នះលើមនុស្សគ្រប់គ្នាទាំងអស់តាមគ្រប់វិធីសាស្រ្តផ្សេងៗដែលធ្វើទៅបាន។
ជាធម្មតាមនុស្សប្រភេទនេះតែងតែនិយាយចេញមកដឹងថាចង់ឈ្នះតែម្ដង និយាយចង់រករឿង និយាយជំទាស់គ្រប់ពេល ហើយមិនបានគិតពិចារណាអ្វីឡើយ គឺមានចិត្តមួយចង់តែឈ្នះ។ព្រមជាប្រភេទមនុស្សដែលចង់បានមុខមាត់ ហើយមិនចង់អោយអ្នកណាម្នាក់មកកន្លងលើខ្លួនបាន ហេតុនេះទើបបានជាព្យាយាមប្រឆាំង ជំទាស់គេរហូត។
ការប្រជែងយកឈ្នះគឺមិនបានទទួលនូវផលអ្វីដែលល្អសម្រាប់យើងនោះទេ ហើយទោះបីជាយើងឈ្នះបានមកនូវអ្វីទាំងអស់មែនតែជីវិតយើងក៏មិនបានសេចក្តីសុខដែរដោយសារតែយើងសប្បាយនៅលើគំនទុក្ខរបស់គេនោះ។ គ្មានលទ្ធផលនៃបាបកម្មណាមួយដែលនឹងទទួលបានផលល្អឡើយ។
ត្រូវព្យាយាមយល់ពីគ្នាទៅវិញទៅមក ត្រូវចេះយកគំនិតរបស់អ្នកដទៃមកគិតពិចារណាខ្លះៗទើបយើងមានភាពប្រសើរ និងរីកចម្រើន។
ដូចនេះ ការប្រជែងយកឈ្នះគឺជាបាបកម្មមួយដែលយើងត្រូវជៀសវាងអោយបាន ដើម្បីការពារកុំអោយមានលទ្ធផលមិនល្អសម្រាប់ជីវិតយើងគ្រប់គ្នា។
ចាញ់បានជាព្រះ ឈ្នះបានជាមារ ។
ស្រវឹងលង់ក្នុងគំនិតមានន័យបថា ការលង់ ឈ្លក់វង្វេងក្នុងការគិតនិងក្ដីសុបិត្តរបស់ខ្លួន, ជឿស៊ប់ចំពោះខ្លួនឯង ហើយតែងតែគិតថាគំនិតរបស់ខ្លួនល្អឥខ្ចោះ ដែលគ្មានអ្នកណាប្រៀបបាន។
ការលិចឡើងនៃបាបកម្មនេះគឺ ជឿជាក់លើផ្នត់គនិតខ្លួនឯងពេក ព្រមទាំងមិនស្ដាប់យោបល់របស់អ្នកណាទាំងអស់។លើសពីនេះ កើតឡើងដោយសារខ្វះការគិតពិចារណា ដោយគិតថាគំនិតរបស់ល្អត្រឹមត្រូវជានិច្ច ព្រមទាំងមិនយល់ពីគុណសម្បត្តិនៃគំនិតរបស់អ្នកដទៃចំពោះខ្លួនឯង ជាហេតុធ្វើអោយពួកគេបាត់បង់ការត្រួតពិនិត្យ និងការពិចារណាកលក្នុងខ្លួន។
ជាធម្មតាមនុស្សដែលស្រវឹងលង់ក្នុងគំនិតគឺតែងតែជាមនុស្សដែលគិតពីគំនិតរបស់ខ្លួនបានដែលម្ខាងនៃគំនិតហើយមិនព្រមស្ដាប់ការពន្យល់ ឬផ្ដល់យោបល់ឡើយ។ មួយវិញទៀត មនុស្សបែបនេះបានបង្ហាញតាមកាយវិកាមិនល្អ មានអំនួត និងមានការជឿជាក់ទៅលើការគិត ឬគំនិតរបស់ខ្លួនផង បូករួមនឹងការជឿជាក់គ្មានព្រំដែនរបស់ពួកគេ ជាហេតុនាំអោយពេលខ្លះ ការគិតទាំងនោះគឺជារឿងឥតប្រយោជន៍ ហើយបំផ្លាញអ្នកដទៃទៀតផង។
លទ្ធផលដែលទទួលបានពីបាបកម្មស្រវឹងលង់ក្នុងគំនិតគឺមានការស្ដាយក្រោយ និងមានវិប្បដិសារីអស់មួយជីវិត ពីព្រោះមុននឹងធ្វើអ្វីមួយត្រូវមានការគិតពិចារណាជាមុនសិន និងត្រូវមានការផ្លាស់ប្ដូរគំនិតជាមួយអ្នកដទៃ និងយកយោបល់គេមកគិតខ្លះបានធ្វើទៅបានល្អ។
ត្រូវចេះគិតពិចារណាមុននិងធ្វើអ្វីមួយ, មិនត្រូវយល់ថាគំនិតរបស់ត្រូវរហូតនោះទេ, ត្រូវចេះស្ដាប់យោបល់របស់គេ, ផ្លាស់ប្ដូរគំនិតគ្នា,ស្វែងយល់ពីគំនិតរបស់គេ កែតម្រូវគំនិតឬកែតម្រូវគំនិតគេវិញ។
ដូច្នេះមនុស្សម្នាក់ៗគួរតែចេះស្ដាប់ហេតុផលរបស់គេ,គិតពិចារណហេតុផលរបស់គេ និងជៀសវាងនូវអំពើបាបទាំងនេះ ព្រោះវាជាទង្វើខុសនូវគន្លងដែលមិនល្អ។
ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
ការធ្វេសប្រហេស គឺជាការមិនយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយដែលត្រូវធ្វើ, ធ្វើដោយអោយរួចពីដៃ ធ្វើអោយតែបាន ឬជាការធ្វើដោយមិនប្រុងប្រយ័ត្ន ហើយមិនបានគិតពីការងារដែលកំពុងធ្វើនោះ។
ការធ្វេសប្រហែសគឺកើតឡើងនៅពេលដែលមនុស្សណាម្នាក់ធ្វើអ្វីមួយដែលមិនប្រុងប្រយ័ត្ន ហើយមិនយកចិត្តទុកដាក់ក្នុងការងារដែលខ្លួនដែលកំពុងធ្វើ។មួយវិញទៀតធ្វើការងារបណ្ដែតបណ្ដោយមិនព្រមធ្វើអោយហើយ, ប្រងើយកន្ដើយទៅការងារដែលខ្លួនកំពុងធ្វើ, ពេលខ្លះមិនធ្វើអោយគ្រប់ជ្រុងជ្រោយដែលអាចធ្វើអោយមានកំហុស និងចន្លោះនៅថ្ងៃក្រោយ។
ជាធម្មតាមនុស្សបែបនេះតែងតែធ្វើអ្វីមិនសូវបានជោគជ័យទេ តែងតែមិនចូលចិត្តធ្វើអ្វីមួយមិនពេញដៃពេញជើង តែងតែធ្វើហីហី មិនដឹងមិនលឺសំខាន់ធ្វើម៉េចអោយតែធ្វើហើយ, មិនបានគិតពិចារណានិងមិនយកចិត្តទុកដាក់ទៅលើការងារដែលកំពុងធ្វើនោះទេ ហើយតែងតែបង្កអោយកំហុសរាល់ពេល និងជាច្រើនលើកជាច្រើនសារ។
លទ្ធផលគឺមិនដែលបាននូវអ្វីដែលល្អសម្រាប់ខ្លួន និងគ្រួសារឡើយ តែងតែបង្កើតនូវបញ្ហារាល់ពេល។បើធ្វើការងារនៅក្រុមហ៊ុនរបស់គេ ច្បាស់ជាមានគេស្ដីបន្ទោសហើយ, មិនសូវមានការទុកចិត្តពីមនុស្សដែលដាក់ការងារអោយយើងធ្វើ។មួយវិញទៀត អាចនឹងត្រូវវិនាសអស់ទ្រព្យសម្បត្តិក៏មាន ព្រោះគេមិនដែលគិតពិចារណានិងប្រយ័ត្នក្នុងការថែរក្សាវា ព្រមទាំងមានវិប្បដិសារីក្នុងជីវិត។
ដំណោះស្រាយដែលល្អបំផុតគឺធ្វើអ្វីមួយត្រូវមានការទទួលខុសត្រូវ, យកចិត្តទុកដាក់, មានការប្រុងប្រយ័ត្នក្នុងការធ្វើ។
មនុស្សម្នាក់ៗកើតមកហើយតែងតែមានកំហុស ឫការធ្វេសប្រហែសនេះឯង ដូច្នេះដើម្បីអោយកំហុសរបស់ខ្លួនបានប្រសើរឡើង គឺយើងត្រូវធ្វើយ៉ាងណាអោយចេះកែកំហុស ហើយព្យាយាមធ្វើអ្វីដែលល្អដើម្បីប៉ះប៉ូវនូវកំហុសឆ្គងទាំងឡាយដែលបានប្រព្រឹត្តចោលៗអោយអស់ ទើបកើតមានឡើងនូវ សុភមង្គល។
ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
មានន័យថាសំដៅទៅលើ មនុស្សដែលមានចិត្តទន់ជ្រាយ នៅពេលដែលគេប្រើពាក្យសរសើរ របៀបបញ្ជោ ហើយមានអាការៈ និងលក្ខណះ ឬសភាពរីករាយ ហើយគិតនឺងថាពាក្យនឺងល្អប្រសើរ សម្រាប់ខ្លួនណាស់។
បាបកម្មជោរគឺ កើតឡើងនៅពេលដែល មនុស្សដែលឆាប់សប្បាយរីករាយ ភ្លើតភ្លើន ត្រេកអរខ្លាំង ចំពោះពាក្យដែលគេបានសរសើរ និយាយល្អអោយ របៀបបញ្ជោយើង ហើយមិនបានគិតពិចារណា ហើយជោរទៅតាមផ្លូវមិនល្អតាមពាក្យសម្ដីផ្សេងៗ។
មនុស្សដែលមានលក្ខណៈបែបនេះ គឺជាមនុស្សដែលសម្ដែងនូវកាយវិកា ដែលតាមពាក្យគេនិយាយ តាមពាក្យគេថាដែលមិនបានគិតពិចារណាឡើយ គឺនៅពេលដែលគេនិយាយបែបនេះគឺធ្វើបែបនឺងកាន់តែខ្លាំងដែលគេថាជោរតាមពាក្យគេនិយាយ។
លទ្ធផលដែលទទួលបានពីការជោរ គឺអាចធ្វើអោយពួកគេមានការស្តាយក្រោយគ្រប់ពេលវេលា ដោយសារតែការជឿតាមការបញ្ជោ និងងាយរងនូវការលួមលោងរបស់គេ, ជនខិលខូច, ងាយត្រូវគេបោកប្រាស់ ហើយធ្វើអោយយើងមានបញ្ហា ជាមិនខាន។
មិនត្រូវជឿទៅលើពាក្យសម្ដីគេផ្ដេសផ្ដាស់ទេ ហើយត្រូវចេះគិតពិចារណាពេលគេនិយាយមកលើយើង ហើយធ្វើអ្វីដែលយើងគិតថាល្អ។
ជោរគឺជាបាបកម្មមួយដែលនាំអោយចិត្តមនុស្សកើតនូវសេចក្តីក្រហល់ក្រហាយនៅក្នុងខ្លួន ដែលជាហេតុធ្វើអោយពួកគេប្រព្រឹត្តនូវអំពើដែលនាំអោយសៅហ្មងក្នុងចិត្ត។ ដូច្នេះមនុស្សម្នាក់ៗគួរតែព្យាយាមយ៉ាងណា លុបបំបាត់នូវបាបកម្មជោរនៅក្នុងចិត្តរៀងៗខ្លួន។
គិតមុនគូ ។