ក្បួនលក់មួយធ្វើអោយ Kylie Jenner រកចំណូលបានជាង ៣០០លាន$

តំណាងចែកចាយបានក្លាយជាពាក្យមួយពេញនិយមក្នុងការរកស៊ីនាឆ្នាំ ២០២១ នេះ ដោយអ្នកខ្លះល្បីថាមានឡាន មានផ្ទះធំ ឡានទំនើប ទ្រព្យសម្បត្តិស្ដុកស្ដម្ភដោយសារតែពាក្យនេះ ហើយក៏មានអ្នកខ្លះរងគ្រោះ សល់ស្តុកពេញផ្ទះ ខាតទាំងលុយ ទាំងពេល ស្រួលមិនស្រួលជំពាក់បំណុលគេទៀតដោយសារតែពាក្យនេះដែរ។

ប៉ុន្តែមែនទែនទៅការរកស៊ីលើវិស័យគ្រឿងសម្អាងនេះ មានលើសតែពីពាក្យតំណាងចែកចាយ តួរយ៉ាងបើយើងក្រឡេកទៅមើលយីហោគ្រឿងសម្អាងរបស់ សេដ្ឋិនីសល់ទ្រព្យពាន់លានដុល្លារវ័យក្មេង Kylie Jenner វិញ គាត់អាចលក់បានចំណូលលើសពី ៣០០លានដុល្លារក្នុងមួយឆ្នាំ​ ដោយមិនបានរើសតំណាងចែកចាយសូម្បីតែម្នាក់។

មិនរើសតំណាងចែកចាយក៏ព្រោះតែគាត់មានច្រកផ្សេងនៅក្នុងការលក់ ហេតុដូច្នោះក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់ពីច្រកក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុនគាត់ Kylie Cosmetics ដែលសព្វថ្ងៃនេះត្រូវបានគេរាយការណ៍ថាកើនតម្លៃរហូតខ្ទង់ ៩០០លានដុល្លារទៅ ១ពាន់លានដុល្លារ។

ដំបូងបង្អស់យើងអាចមើលឃើញនឹងភ្នែកថា Kylie Jenner គាត់លក់ខ្លួនឯងតែម្ដង ពោលគាត់បានប្រើប្រាស់ប្រជាប្រិយភាពដ៏មានឥទ្ធិពលរបស់គាត់ដើម្បីជួយទាញយីហោក្រុមហ៊ុនឱ្យឡើង ហើយអ្នកជំនួញគ្រឿងសម្អាងជោគជ័យវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅលើបណ្ដាញសង្គម Instagram មានអ្នក Follow ច្រើនលើសលប់រហូត ១៨៩លាន Followers។

ផុស ​Instagram របស់​ Kylie Jenner ស្ទើរតែទាំងអស់មានអ្នកចុចឱ្យបេះដូងមិនក្រោម ១លាននាក់នោះទេហើយឥទ្ធិពលអ្នកចូលចិត្តតាមដានគាត់ដ៏ច្រើននេះ ធ្លាប់ប៉ះពាល់ដល់ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាមួយ ខាតមិនស្ទើរទេ ក្រោយគាត់និយាយថាគាត់មិនសូវចូលចិត្តផ្លេតហ្វមក្រុមហ៊ុននោះ។

ឥទ្ធិពលរបស់គាត់ធ្វើឱ្យ Followers របស់គាត់ចង់ដឹងតាមដានស្ទើរគ្រប់សកម្មភាពរបស់គាត់ ហើយបើគាត់បង្ហាញផលិតផលណាមួយ ផលិតផលនោះនឹងមិនពិបាកលក់នោះទេ ដែលនេះជាការប្រើប្រាស់ឈ្មោះខ្លួនឯងដើម្បីលើកស្ទួយយីហោរបស់ខ្លួនឯង។

ក្រៅតែពីនេះគាត់មានបណ្ដាញទំនាក់ទំនងរបស់គាត់ ក៏ដូចជាតារាល្បីៗផ្សេងៗទៀតនៅលើ Instagram ជាអ្នកជួយផ្សព្វផ្សាយឱ្យយីហោគាត់បន្ថែមទៀត ដើម្បីបង្ហាញថាផលិតផលនោះជាផលិតផលដែលមានតារាល្បីៗប្រើប្រាស់ច្រើ​ន។

ត្បិតថាមិនរើសតំណាងចែកចាយក៏ពិតមែន តែ Kylie Jenner ផ្ដល់សិទ្ធចែកចាយទៅឱ្យក្រុមហ៊ុន Ultra តែមួយគត់សម្រាប់ការលក់នៅតាមហាង រីឯប្រតិបត្តិការលក់តាមអនឡាញនិងវេបសាយស្ថិតក្រោមការគ្រប់គ្រងរបស់ Kylie Cosmetics ដដែល។

គូសបញ្ជាក់ផងដែរថា យីហោធំៗមិនបានរៀបតំណាងចែកចាយនេះ មិនមែនបញ្ជាក់ថា ការរកស៊ីរបៀបតំណាងចែកចាយមិនល្អនោះទេ គ្រាន់តែពេលគ្មានតំណាងចែកចាយ ម្ចាស់យីហោស្រួលគ្រប់គ្រងទៅលើគុណភាព កាត់បន្ថយបាតុភាពមិនប្រក្រតីមួយចំនួនដូចជាការលក់ខុសតម្លៃជាដើម មួយវិញទៀតដោយសារយីហោរបស់ Kylie Jenner ជាយីហោអន្តរជាតិ អាចនឹងធ្វើឱ្យមានភាពលំបាកក្នុងការគ្រប់គ្រងគុណភាពនៃសេវាកម្មក៏ដូចជាផលិតផល៕

ដកស្រង់ពី៖ business-cambodia