អ្នកគួរតែរាប់អានមិត្ត៣ប្រភេទនេះនឹងជួយអ្នកឱ្យរីកចម្រើន កុំសម្បូរតែមិត្តផឹកបើចង់មានស៊ី

គេថា «ចង់បានមិត្តល្អត្រូវសង្វាតរកអ្នកចេះពិភាក្សាពីរឿងអនាគត មិនមែនអង្គុយសំកុករង់ចាំតែមិត្តជល់កែវហៅផឹកនោះទេ» ការសេពគប់មិត្តអាចនឹងផ្លាស់ប្តូរនិស្ស័យរបស់បុគ្គលម្នាក់ពីអាក្រក់ទៅជាល្អ ឬអាចធ្វើឱ្យបុគ្គលនោះកាន់តែធ្លាក់ខ្លួនដុបដាបលើសដើមក៏មាន។

ការចំណាយពេលវេលាប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងសង្គម អ្នកគួរព្យាយាមបង្កើនមិត្តភាពដែលត្រូវចំនឹងគោលដៅរបស់អ្នក ដែលវាជាវិធីសាស្ត្រមួយជួយអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់វិវត្តន៍ខ្លួនក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ​ និងសង្គមជាតិទាំងមូល។

ខាងក្រោមនេះជាមិត្តបីប្រភេទដែលគួរតែរាប់អាន ដើម្បីជួយអ្នកឱ្យសម្លឹងឃើញអនាគតដ៏ភ្លឺស្វាង៖

១. មិត្តចូលចិត្តនិយាយពីជំនួញ និងការវិនិយោគ 

«បង្កើតចំណងឱ្យរកបានចំណេញ» ស្តេចវិនិយោគ Warren Buffett បាននិយាយថា «បើចង់ក្លាយជាអ្នកមានត្រូវស្វែងមិត្តជជែកអំពីជំនួញ» ក្នុងន័យនេះលោកក៏បានពន្យល់បញ្ជាក់ផងដែរថា បុគ្គលដែលចង់ឱ្យខ្លួនឯងជោគជ័យត្រូវនឹងបំណងប៉ងចង់បាន គេប្រាកដជាដើរទៅរកផ្លូវណាដែលទទួលបានភាពរីចម្រើនទៅមុខជាក់ជាមិនខាន។ ដោយហេតុថា ប្រសិនណាបើមនុស្សម្នាក់ស្ថិតនៅក្នុងក្រុមអ្នកស៊ីវីល័យចាយលុយទៅលើរបស់ទំនើបៗថ្លៃៗ បុគ្គលនោះក៏នឹងទន់ទោរទៅតាមក្រុមមិត្តភក្តិរបស់គេដែរ។ ផ្ទុយទៅបើអ្នកមានមិត្តដែលជាអ្នកចូលចិត្តខាងរកស៊ីវិញនោះ លក្ខណៈសម្បត្តិរបស់បុគ្គលនេះនឹងជួយអូសទាញអ្នកឱ្យចេះប្រើលុយដើម្បីទាញយកលុយឬប្រយោជន៍អ្វីដែលនាំឱ្យខ្លួនអភិវឌ្ឍន៍បាន។

២. មិត្តដែលមានចក្ខុវិស័យវែងឆ្ងាយមើលធ្លុះអនាគត

«ដើរតាមឃ្មុំរកឃើញផ្កា ដើរតាមអ្នកសិក្សារកឃើញចំណេះដឹង បើចង់ជីវិតកាន់រឹងប៉ឹងត្រូវដើរតាមអ្នកមានចក្ខុវិស័យវែងឆ្ងាយ» បុគ្គលដែលមានទស្សនៈវែងឆ្ងាយ សុទ្ធសឹងតែសម្លឹងឃើញពីគោលដៅជីវិតនាពេលខាងមុខស្របជាមួយនឹងដាក់ផែនការជីវិតរបស់ពួកគេ។ ដូចគ្នានេះដែរ បើក្រឡេកទៅមើលពី អធិរាជបច្ចេកវិទ្យា Bill Gate វិញ បើទោះបីជា លោកមានសមត្ថភាពខ្លាំងយ៉ាងណាក្ដី តែលោកមិនបោះចោលឡើយនូវការរៀនស្វែងយល់ពីបុគ្គលល្បីៗដោយរៀនសូត្រពីចក្ខុវិស័យរបស់ពួកគេ។ ជាពិសេសពីមិត្តជំនួញចាស់វស្សាលោក Warren Buffett ដែលជាជួយជំរុញ និងផ្តល់នូវទស្សនៈវិស័យល្អដល់លោក។

៣. មិត្តដែលមានជំនាញខ្ពស់ៗ និងបណ្ដាញទំនាក់ទំនងច្រើន

ការចងមិត្តភាព គឺជាយុទ្ធវិធីដ័សំខាន់បំផុតដែលមិនគួរមើករំលង ដោយចំណុចនេះដែរ គឺជាផ្នែកមួយដែល Warren Buffett ឱ្យតម្លៃខ្លាំងក្នុងមុខជំនួញរបស់លោក។ លោក Warren Buffett ជាបុគ្គលមួយដែលចូលចិត្តទំនាក់ទំនង និងចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ទៅកាន់មនុស្សជុំវិញខ្លួន រហូតដល់លោកជឿជាក់ថា ទំនាក់ទំនងជាផ្នែកមួយដែលជួយជ្រោមជ្រែងឱ្យរូបលោកវិវត្តន៍ខ្លួនក្លាយជាបុគ្គលជោគជ័យដូចសព្វថ្ងៃ។ ការទំនាក់ទំនង អាចជួយឱ្យ Warren Buffett អាចរកដៃគូសហការបានយ៉ាងងាយស្រួលខណៈពេលលោកចង់ប្រកបអាជីវកម្មកិច្ចការណាមួយ មួយវិញការចំណងទំនាក់ទំនងល្អជាមួយនឹងបុគ្គលជោគជ័យ ឬបុគ្គលល្បីៗបានកាន់តែច្រើននេះហើយ ជាធ្វើមនុស្សនៅជុំវិញភិពភលោកទាំងមូលជឿទុកចិត្ត និងឱ្យតម្លៃទៅលើដែលលោកមានជានិច្ច។

ដកស្រង់ពី៖ business-cambodia