កសិករម្នាក់អាចរកប្រាក់ចំណូលពីចំបើងដែលធ្លាប់ទុកចោលបានខ្ទង់ម៉ឺន$ក្នុង១ឆ្នាំ

ប្រជាជនខ្មែរស្ទើតែ ៨០% ប្រកបរបរកសិកម្មធ្វើស្រែចំការ នៅរដូវច្រូតកាត់ម្តងៗយើងឃើញមានចំបើងជាច្រើនដែលគេទុកចោលនៅរ៉ាយប៉ាយលើផ្ទៃដីស្រែស្ទើតែគ្រប់ស្រែ។ ខណៈដែលចំបើងទាំង​នោះគឺជាប្រភពចំណូលមួយ ដែលពួកគាត់រកចំណូលបន្ថែមពីលើការធ្វើ​ស្រែចំការ។

ជាក់ស្ដែង លោក សង ស៊ីន គឺជាកសិករម្នាក់ រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រ និគម ខេត្តសៀមរាប បានប្រមូលចំបើងដែលគេធ្លាប់តែទុកចោល បង្កើតជាអាជីវកម្មថ្មី ហើយរកចំណូល​បានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ បើតាមទីស្នាក់ការសារពត៌មានកម្ពុជា (AKP) បានឲ្យដឹងថា បន្ទាប់ពីរដូវច្រូតកាត់រួចលោក សង ស៊ីន បានព្យាយាមប្រមូលចំបើងដែលប្រជាកសិករទុកចោលនោះមកធ្វើជាប្រយោជន៍ ដោយបច្ចេកទេសគ្រឿងចក្រមូលចំបើងនោះជាដុំដែលទម្ងន់ ១០ គីឡូក្រាមក្នុងមួយដុំ។

តាមប្រភពខាងលើ លោក សង ស៊ីន​ បានបញ្ជាក់ថា យើងអាចយកវាទៅកែច្នៃជាប្រយោជន៍បានយ៉ាងច្រើនមុខដូចជា ធ្វើចំណីគោ បណ្តុះផ្សិត និងធ្វើជីកំប៉ុសជាដើម។ កសិកកររូបនេះបានបន្តទៀតថា អាជីវកម្មប្រមូលចំបើងនេះគាត់បានធ្វើរយៈពេលប្រមាណជា ២ ឆ្នាំមកហើយ ដោយក្នុងមួយហិកតាគាត់អាចប្រមូលចំបើងបាន ៦០០ ដុំ ដោយក្នុង ១ ដុំមានទម្ងន់ ១០ គីឡូក្រាម និងមានតម្លៃ ៣០០០ រៀលក្នុង។

គួរបញ្ជាក់ផងដែរ អាជីវកម្មប្រមូលចំបើងរបស់ លោក សង ស៊ីន អាចផ្ដល់ចំណូលដល់គាត់ប្រមាណ៣០០០០​ ដុល្លាក្នុងមួយឆ្នាំ ហើយបន្ទាប់ពីទូទាត់ការចំណាយអស់ ៦០ ភាគរយនៃចំណូលសរុប ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះ ទទួលបានផលចំណេញប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ដកស្រង់ពី៖ business-cambodia