ដើមឈើជាច្រើនដើមនៅសួនកាណាឌីយ៉ាអាយុកាលជាង ៣០០ឆ្នាំនឹងត្រូវកាប់ចេញ ដោយសារ…

ភ្នំពេញ៖ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើមឈើធំៗ៣ដើម នៅលើសួនកាណាឌីយ៉ា នៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានអាយុកាល ជាង៣០០ឆ្នាំហើយនោះ នឹងត្រូវអាជ្ញាធររាជធានីកាប់យកចេញនៅ សប្តាហ៍ក្រោយ ដោយសារតែដើមឈើទាំងនោះ ពុកគល់ប្រហោងក្នុង ព្រោះបើទុកយូរនឹងនាំឲ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះថា “ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយ ។ ដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ”។

លោកបន្តឲ្យដឹងថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ក្រៅពី៣ដើមនោះ អង្គភាពនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់ បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការ លើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង៕

ដកស្រង់ពី៖ ដើមអម្ពិល