ច្រកទាំងនេះជួយឲ្យលុយហូរចូលហោប៉ៅទោះអ្នកកំពុងដេកក៏ដោយ!

ជាការពិតណាស់ គេថាពឹង​លើប្រភពចំណូលតែមួយប្រភពអ្នកមិនងាយក្លាយជាអ្នកមានឡើយ ហើយបើពឹងតែលើប្រាក់ខែវិញរឹតតែពិបាក ព្រោះថ្ងៃណាមួយពេលអ្នកមិនអាចធ្វើការបានតទៅអ្នកច្បាស់ជាជួបនូវបញ្ហាហិរញ្ញវត្ថុបើអ្នកមិនបានកសាងប្រភពចំណូលផ្សេងទៀតទេនោះ។

ជាជាងពឹងតែលើប្រាក់ខែ ដែលអ្នកមិនអាចបង្កើនទ្រព្យបានលឿន អ្នកគួរកសាងប្រភពចំណូលបន្ថែម ហើយជាប្រភេទចំណូលអកម្ម( passive income) ពោលគឺទោះជាអ្នកដេកក៏លុយហូរចូលហោប៉ៅដែរ។ ខាងក្រោមនេះគឺជាប្រភេទចំណូលអ្នកគួរកសាងចាប់ពីឥលូវដើម្បីបង្កើតប្រភពចំណូលអកម្មក្រៅពីប្រាក់ខែ។

១. ដាក់លុយនៅធនាគារ

បច្ចុប្បន្នយើងអាចនិយាយបានថាអ្នកធ្វើការមួយចំនួនគាត់សល់លុយគ្រាន់បើ តែពួកគាត់មិនចាប់ផ្ដើមអាវីកម្មឬវិនិយោគនៅឡើយ។ សម្រាប់បងប្អូនដែលសល់លុយតែមិនទាន់ដឹងរកស៊ីអីឬវិនិយោគលើអ្វី បងប្អូនអាចគិតគូដាក់លុយនៅធនាគារសិនក៏បានព្រោះការដាក់លុយនៅធនាគារក៏ចាត់ទុកថាជាការវិនិយោគដែរព្រោះអ្នកទទួលបានផលចំណេញតាមរយៈការប្រាក់។ ត្រង់ចំណុចនេះអ្នកគួរជម្រើសរើសគណនីសន្សំទទួលបានការប្រាក់ខ្ពស់នោះគឺគណនីសន្សំមានកាលកំណត់។

២. ដោះបំណុលឲ្យលឿន

មនុស្សជាច្រើនមិនបានគិតថាដោះបំណុលឲ្យបានលឿនគឹទម្រង់មួយនៃចំណូលអកម្មនោះទេ តែអ្នកត្រូវចាំថា កាលណាអ្នកបង់បំណូលកាន់តែតិចទៅឲ្យម្ចាស់បំណុលនោះអ្នកនឹងចំណេញលុយច្រើនក្នុងមួយខែៗ។ ដូច្នេះបើអ្នកខ្ចីលុយគេមករកស៊ី ហើយព្យាយាមដោះឲ្យបានលឿនតាមដែលអាចធ្វើបាន អ្នកអាចបង្កើ​នកាន់តែច្រើនព្រោះអ្នកនឹងមិនខ្ជះខ្ជាយលុយរបស់អ្នកទៅលើបង់ការប្រាក់នោះទេ។

៣. ធ្វើវីដេអូលើ YouTube

ជារៀងរាល់ថ្ងៃមានមនុស្សរាប់លាននាក់ចូលមើលវីឌីអូក្នុងយូធូ ដូច្នេះវាជាឱកាសល្អមួយក្នុងការបង្កើតចំណូលអកម្មតាមរយៈការធ្វើវីឌីអូលើយូធូ។ រាល់ពេលដែលមាននរណាម្នាក់មើលវីដេអូរបស់អ្នកការផ្សាយពាណិជ្ជកម្មអាចលេចចេញមកហើយអ្នកអាចរកប្រាក់បានពីការផ្សាយពាណិជ្ជកម្មទាំងនោះ។ គន្លឹះដើម្បីទទួលបានជោគជ័យជាមួយយូធូបគឺការបង្កើតអតិថិជននិងអ្នកមើលឱ្យបានគ្រប់គ្រាន់ កាន់តែច្រើនកាន់តែល្អ។

៤. សរសេរសៀវភៅ

នៅក្នុងសម័យឌីជីថល មនុស្សមានឱកាសអាចកសាងកេរ្តិ៍នៅលើបណ្ដាញសង្គម មាន Facebook និង YouTube ជាដើម។ ត្រង់នេះបើអ្នកមានជំនាញអីមួយឲ្យគេស្គាល់លើបណ្ដាញសង្គមហើយចាប់ផ្ដើមសរសេរសៀវភៅទាក់ទងនឹងជំនាញរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានចំណូលអកម្មពីសៀវភៅមិនខាន។

៥. ជំនាញ graphic design 

ជំនាញទាក់ទនឹង graphic design ក៏អាចបើកឱកាសឲ្យអ្នកកសាងចំណូលអកម្មបានដែរ។ មានវេបសាយមួយឈ្មោះថា Redbubble ដែលអនុញ្ញាតឲ្យអ្នកមានជំនាញ graphic design អាច upload ស្នាដៃdesign របស់ពួកគាត់ ដូចជា logo, អាវយឺតនិង artwork ផ្សេងទៀត ហើយពួកគាត់នឹងទទួលបានចំណូលពីស្នៃដៃដែលពួកគាត់បានupload។

៦. ចងការប្រាក់

ចំណូលអកម្មមួយប្រភេទនេះអាចនឹងមានហានិភ័យខ្ពស់ ប៉ុន្តែកម្រៃ ឬប្រាក់ចំណូលដែលអ្នកទទួលបានមកវិញក៏មានកម្រិតខ្ពស់ដូចគ្នា។​ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានជាយថាហេតុ អ្នកត្រូវធ្វើការសិក្សារឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្តយកលុយរបស់អ្នកវិនិយោគ ឬឲ្យបុគ្គលណាម្នាក់ខ្ចី។

៧. វិនិយោគលើដីធ្លីនិងផ្ទះ

ការវិនិយោគលើអចលនទ្រព្យដូចជាផ្ទះនិងដីគឺជាផ្លូវមួយឆ្ពោះទៅកាន់ការកសាងចំណូលអកម្មនិងសេរីភាពហិរញ្ញវត្ថុ។ បើបងប្អូនសល់លុយច្រើនមិនគួរទុកលុយកប់ចោលទេ។ បងប្អូនអាចសំឡឹងមើលឱកាសវិនិយោគលើដីធ្លីព្រោះវាជាប្រភពចំណូលអកម្មអ្នកអាចរកនៅ។ ឧទាហរណ៍ អ្នកអាចវិនិយោគទិញដីទុកយកចំណេញឬដាក់ជួលក៏បាន ហើយអាចវិនិយោគលើផ្ទះជួលក៏បាន៕

អត្ថបទដោយ៖ ហុង business-cambodia