បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១១នាក់ ដែលលួចឆ្លងដែន ទាំងប្រថុយប្រថាន ត្រូវបានទាហានថៃ ចាប់ខ្លួន កាលពីថ្ងៃទី៦មករា ឆ្នាំ២០២១ នៅបន្ទាត់ព្រំដែន ក្នុងឃុំ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងស្រុកថ្មពួក។
ពលករទាំង ១១នាក់នោះ មានប្រុស៧នាក់ ស្រី៤នាក់និងកុមារ ២នាក់។ មួយចំនួនមកពីខេត្តបាត់ដំបងនិងមួយចំនួន គឺជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ សមត្ថកិច្ចថៃក៏បានឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ផងដែរ ដែលកំពុងនាំពលករខ្មែរដើរឆ្លងផ្លូវជាតិជិតព្រំដែន បម្រុងយកទៅឡើងរថយន្ត។
ពេលសាកសួរ ក្រុមពលករប្រាប់ថាពួកគេមានបំណងទៅរកការងារធ្វើលើទឹកដីថៃព្រោះសម័យកូវីដនេះ នៅស្រុកកំណើត គ្មានការងារធ្វើ។
ស្ត្រីជនជាតិថៃ សារភាពថាគាត់ទទួលបានប្រាក់ឈ្នួលនាំផ្លូវពីពលករម្នាក់ ៣០០បាត ប៉ុន្តែមិនទាន់ដល់គោលដៅផង ស្រាប់តែត្រូវទាហានថៃ ក្រសោបចាប់ទាំងអស់តែម្តង។
ទាំងពលករខ្មែរ ទាំងស្ត្រីជនជាតិថៃ ត្រូវបានគេយកទៅពិនិត្យសុខភាពតាមវិធានការរបស់ក្រសួងសុខាភិបាលថៃ មុនប្រគល់បន្តទៅឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី៕
ដកស្រងពី៖kdamsre168