វ៉ាក់សាំងកូវីដ១៩នឹងចាក់ជូនជនជាតិថៃពាក់កណ្ដាល ហើយពាក់កណ្ដាលទៀតគឺត្រូវ…

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ជាថ្មីថា ពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសថៃ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃនៅឆ្នាំនេះ ខណៈ​ប្រជាជនថៃពាក់កណ្ដាលផ្សេងទៀតនឹងទទួលបានវ៉ាក់សាំងដែលមានតម្លៃសមរម្យនិងផលិតក្នុងស្រុក។​​

នៅពេលប្រទេសថៃ ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជាលើកដំបូងនៅខែក្រោយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានផ្តល់ព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនៅលើទំព័រ Facebook របស់លោក។ លោកក៏បានប្រកាសផងដែរអំពីផែនការរយៈពេលវែង ដើម្បីធានាថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងដែលមានតម្លៃសមរម្យនិងផលិតក្នុងស្រុក។​

លោកនិយាយថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងចំនួន ២០០,០០០ដូសដំបូងដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នៅខែកុម្ភៈហើយពួកគេត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខនិងមនុស្សចាស់ដែលមានហានិភ័យខ្ពស់។​​

វ៉ាក់សាំងចំនួន៨០០,០០០និងមួយលានដូសទៀត នឹងមកដល់នៅចុងខែមីនានិងមេសា។ កាលពីមុន រដ្ឋាភិបាលបានកុម្ម៉ង់ទិញចំនួន២៦លានដូសពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ហើយថ្មីៗនេះបានស្វែងរកថ្នាំបង្ការចំនួន៣៥លានដូសទៀត។​

លោកបានធានាថា អាជ្ញាធរនិងវិស័យសុខាភិបាលសាធារណៈ បានរៀបចំសម្រាប់ការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំងកូវីដក្នុងស្រុក។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience បានទទួលសម្បទានពីសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង។ ក្រុមហ៊ុននេះ គ្រោងនឹងផលិតវ៉ាក់សាំងចំនួន២០០លានដូស ជារៀងរាល់ឆ្នាំ។​

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលនឹងមិនហាមឃាត់វិស័យឯកជនពីការនាំចូលវ៉ាក់សាំងឡើយ៕​

ដកស្រង់ពី៖ rorneat