ទីក្រុងម៉ានីល ៖ មន្ត្រីប៉ូលីសហ្វីលីពីន ធ្លាប់បានប្រកាសថា នារីអាកាសចរណ៍ម្នាក់ដែលបម្រើការនៅលើយន្ដហោះ ត្រូវបានគេរកឃើញថា បានស្លា.ប់នៅវេលាថ្ងៃត្រង់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅក្នុងអាងងូតទឹក ក្នុងបន្ទប់ទឹកនៃសណ្ឋាគារមួយ នៅប្រទេសហ្វីលីពីន សង្ស័យត្រូវបានគេចាប់រំលោ.ភសម្លា.ប់ ក្រោយពីនាង Christine Angelica Dacera បានចូលស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ស៊ីធីហ្គាឌិន នៅទីក្រុងម៉ាកាទី នៃទីក្រុងម៉ានីល ដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ជាមួយមិត្តភក្តិប្រុសៗមួយក្រុម ។
មរណភាពរបស់ Christine Angelica Dacera គឺស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ!នាង Christine Angelica Dacera អាយុ២៣ឆ្នាំ ជានារីស្រស់ស្អាតម្នាក់ របស់ហ្វីលីពីន នាងជាកញ្ញាឯកចំណាត់ថ្នាក់លេខ២ នៃកាប្រកួត Miss Silka Davao 2017 និងជានារីអូតេសបម្រើការលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ philippine airlines ។ នាងជាកូនស្រី នៃឧត្តមសេនីយ៍ម្នាក់ នាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ និងបានបញ្ចប់សញ្ញាប័ត្រ ផ្នែកទំនាក់ទំនងនៅមហាវិទ្យាល័យហ្វីលីពីន ក្នុងទីក្រុងដាវ៉ាវ ។ នាងជាអ្នករាំ ដើរបង្ហាញម៉ូត និងប្រឡងបវរកញ្ញាឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅ Mutya ng Davao នៅឆ្នាំ២០១៩ ។ ក្នុងឆ្នាំ២០១៩ រូបនាងបានផ្លាស់ទៅរស់នៅទីក្រុងម៉ានីល ដើម្បីបម្រើការជានារីអូតេស ការងារឆ្នើមរបស់នាង ធ្វើអោយលេចធ្លោក្នុងក្រុមហ៊ុន ។ បើតាមម្តាយរបស់នាងឈ្មោះ សារ៉ុន ប្រាប់ថា ក្តីសុបិន្តរបស់នាង គឺនាំគ្រួសាររបស់នាង ដើរលេងជុំវិញពិភពលោក ។
តើមានអី្វកើតឡើងលើរូបនាងនៅយប់កើតហេតុ ?
ចម្លើយនោះ គឺនៅមិនទាន់ដឹងទេ ។ នៅយប់ឆ្លងឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ២០២០ បានជួលបន្ទប់មួយធ្វើពិធីជប់លៀងឯកជន នៅសណ្ឋាគារលំដាប់ផ្កាយ៤ ស៊ីធីហ្គាឌិន នៅទីក្រុងម៉ាកាទី នៃទីក្រុងម៉ានីល ដើម្បីអបអរឆ្នាំថ្មី ជាមួយមិត្តភក្តិមួយក្រុម ដែលមុនពេលទៅ Christine Angelica Dacera ក៏បាន ទូរស័ព្ទប្រាប់ម្ដាយ ដោយបញ្ជាក់ថា កុំអោយបារម្ភអី ព្រោះគ្រប់គ្នាក្នុងកម្មវិធី សុទ្ធតែមិត្តភក្តិអាចទុកចិត្តបាន ។
ក្រោយពីកម្មវិធីជប់លៀងរួចរាល់ ស្រាប់តែមានមនុស្សទាក់ទងទៅបុគ្គលិកសណ្ឋាគារ នារសៀលថ្ងៃទី១ ខែមករា ២០២១ ប្រាប់ថា មានមនុស្សរងរបួស ហើយក៏បានជួយនាំមកបន្ទប់ពេទ្យរបស់សណ្ឋាគារ អ្នករបួសនោះគឺនាង Christine ត្រូវបានខាងបុគ្គលិកពេទ្យសណ្ឋាគារសង្គ្រោះបឋមដែរ តែរូបនាងនៅសន្លប់ស្ដូកស្ដឹង ទើបនាំគ្នាបញ្ជូនបន្តទៅមន្ទីរពេទ្យ ក្រោយមកគ្រូពេទ្យប្រាប់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ ។
រឿងនេះក្លាយជាព័ត៏មានធំ នៅលើបណ្តាញសង្គមក្នុងប្រទេសហ្វីលីពីន ភ្លាមៗប៉ូលីសបានបញ្ចេញព័ត៌មានមិនពេញលេញលើករណីនេះទេ គ្រាប់តែប្រកាសតាមការស៊ើអង្គេតជាជំហានដំបូងថា នាង Christine ជាជនរងគ្រោះ នៃការរំលោភ និងមនុស្សឃាត ដោយបន្ថែមថា បានប្រទះឃើញ ស្លាកស្នាមទឹកកាមក្នុងរាងកាយរបស់ Christine និងតាមដងខ្លួនមានស្នាមជាំ ។
ព័ត៏មាននេះបានធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសហ្វីលីពីន នាំគ្នាជជែកគ្នាយ៉ាងក្ដៅគគុក និងមានការសន្និដ្ឋានថា ជាករណីរំលោភរហូតស្លាប់ និងបានធ្វើការ បង្ហោះរូបភាពរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធ នឹងបុរសជាមិត្តភក្តិរបស់នាង Christine ចំនួន១១នាក់ និងមានការជេរប្រមាថ ដាក់បណ្ដាសា ថែមទាំងផ្ញើរសារប្រមាថទៅកាន់ក្រុមគ្រួសារ និងអ្នកដែលស្គាល់បុរសទាំង១១នាក់នោះទៀតផង ។ ការទាមទាររកយុត្តិធម៌ អោយនាង Christine ជាប់លំដាប់ទី១ លើបន្តាញសង្គមធ្វីតទ័រ ក្នុងប្រទេសហ្វីលីពីន ល្បីពេញពិភពលោក ព័ត៏មានភាគច្រើនចេញមកមានលក្ខណៈស្រដៀងៗគ្នាសង្ស័យថាមិត្តភក្តិប្រុសទាំងអស់នោះ ប្រដាក់គ្នារំលោភមិត្តភក្តិស្រីរហូតដល់នាងស្លាប់ ធ្វើអោយប្រជាជនពិភពលោកទទួលយកអត់បានចំពោះរឿងដែលកើតឡើងនេះ ។
ប៉ូលីសជាតិហ្វីលីពីន ក៏បានប្រកាសអោយដឹងដែរថា បានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ នាំមកសាកសួរពាក់ព័ន្ធការស្លា.ប់របស់នារីរងគ្រោះ ខណៈជនសង្ស័យផ្សេងទៀត កំពុងគេចខ្លួន ។ អ្នកទាំង៣នាក់ ជាមិត្តស្និទស្នាលបំផុតរបស់ Christine ត្រូវបានចោទប្រកាន់ពីបទរំលោ.ភសេពស.ន្ថវៈ និងមនុស្សឃាត រួមមានឈ្មោះ ទី-១ John Pascual dela Serna អាយុ ២៧ឆ្នាំ, ទី-២ Rommel Daluro Galido អាយុ ២៩ឆ្នាំ និងទី-៣ John Paul Reyes Halili អាយុ ២៥ឆ្នាំ ។
ពីមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា ក្លាយជាជនសង្ស័យទៅវិញ ?ប្រភពពីខាងសណ្ឋាគារ បានផ្ដល់ព័ត៏មានថា នាង Christine មកចូលស្នាក់ នាយប់ថ្ងៃ៣១ ធ្នូ ដោយមកជាមួយមិត្តភក្តិប្រុសៗចំនួន ៣នាក់ គឺ Rommel Daluro Galido, John Pascual dela Serna និង Gregorio Angelo de Guzman ហៅ Jigo ។
លោក Rommel ជាអ្នកបម្រើកាលើយន្តហោះ ក្លាយជាជនសង្ស័យម្នាក់ក្នុងចំណោម១១នាក់ លោក Rommel ជាមិត្តជិតស្និទ្ធជាងគេរបស់នាង Christine ទាំងពីរអ្នកស្រលាញ់គ្នាណាស់ រហូតដល់នាងបង្ហោះរូបលើអ៊ីនស្តាក្រាម ថា Rommel ជាមិត្តស្និទ្ធស្នាលបំផុតរបស់នាង និងថា នាងគិតមិនចេញទេថា ជីវិតវាទៅជាបែបណា បើសិនគ្មានមិត្តល្អម្នាក់នេះនៅក្បែរនោះ ។
លោក Rommel រូបនេះហើយជាអ្នកទូរស័ព្ទហៅបុគ្គលិកសណ្ឋាគារ និងបានប្រាប់ទៅប៉ូលីសថា ពួកគេមកបើកបន្ទប់រៀបចំ ជប់លៀងនៅសណ្ឋាគារនេះ ក្រោយពីលោកភ្ញាក់ដឹងខ្លួននៅម៉ោង១០ព្រឹក ឃើញនាង Christine គេងក្នុងអាងទឹក រូបគេគិតថា នាងប្រហែលស្រវឹងដេកលក់គេក៏យកភួយទៅដណ្ដប់អោយ ហើយក៏ត្រឡប់មកគេងបន្ត ។ ក្រោយមករូបលោក ក្រោកមកម្ដងទៀត នៅពេលរសៀល ឃើញ Christine គេងនៅកន្លែងដដែល និងឃើញស្បែកចាប់ផ្ដើមប្ដូរពណ៌ខៀវជាំ ទើបលោកនិងបុគ្គលិកសណ្ឋាគារព្យាយាមសង្គ្រោះបឋម មុនពេលបញ្ជូននាងទៅមន្ទីពេទ្យ តែវាហួសពេលទៅហើយ ។
ជនជាប់ចោទម្នាក់ទៀត គឺលោក Gregorio Angelo de Guzman ហៅ Jigo រូបគេមានម្ដាយជាអ្នកជំនួញ និងតារាចម្រៀងជើងចាស់ដ៏ល្បី ក្នុងជំនាន់ទសវត្សរ៍៧០ Jigo អតីតជាអ្នកបម្រើលើយន្តហោះ ដែលបច្ចុប្បន្ន ជាគ្រប់គ្រងក្លឹប និងជាគ្រូបង្វឹកហាត់ប្រាណ ។ លោក Jigo ជាមនុស្សភេទទី៣ ដែលបើកជំហរមករហូត។អំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ ABS-CBN លោកបានបដិសេធថា មិនមានចំណែកពាក់ព័ន្ធ នឹងការស្លាប់របស់នាង Christine ទេ ហើយលោកថែមទាំងបានជួយសង្គ្រោះបឋមអោយនាងទៀតផង ។
ផ្ដល់បទសម្ភាសទាំងទឹកភ្នែក លោក Jigo បានប្រាប់ថា បេះដូងលោកមិនដែលមានសម្ពន្ធ័ភាពជាមួយនារីៗទេ ព្រោះជាខ្ទើយ តើទៅជារឿងករណីរំលោភសម្លាប់ដោយរបៀបណា ?លោកបានអះអាងថា ខ្ញុំកំពុងគិតពីពេលនោះមក ហេតុអ្វីបានជាដាស់មិនភ្ញាក់ ? នាង Christine ដេកក្នុងអាងងូតទឹក នៃបន្ទប់សណ្ឋាគារ ។ ខ្ញុំហត់ហើយ បបូរមាត់ខ្ញុំស្ងួតអស់ហើយ.. ខ្ញុំបានប៉ះនាង.. នាងនៅក្តៅទន់ នៅពេលយើងទាញនាងចេញពីអាងងូតទឹក ។
លោកបានកត់សម្គាល់បន្ថែមទៀតថា ប្រហែលជាមានបុរសប្រហែលជា ៦នាក់ទៅ៨នាក់ ដែលបានចូលរួមក្នុងពិធីអបអរពិធីចូលឆ្នាំថ្មី ពួកគេក៏ជាខ្ទើយដែរ ។ពិធីជប់លៀងឯកជន អ្នកចូលរួមសុទ្ធបុរសៗខ្ទើយ ?ក្រោយមកមានប្រជាជនហ្វីលីពីនដែលជាអ្នកស្គាល់នាង Christine និងបុរសទាំង១១នាក់នោះ ចេញមកនិយាយដូចគ្នាថា មនុស្សប្រុសទាំង១១នាក់នោះ ជាខ្ទើយ (ភេទទី3 ) និងពិធីជប់លៀងនោះ ជាការជប់លៀងបុរសខ្ទើយ ដែលមានមនុស្សស្រីម្នាក់បានចូលរួម ពួកគេទាំង១១នាក់ហ្នឹង មិនបានស្រលាញ់ស្រី ពួកគេមានភាពជាមនុស្សស្រី ច្រើននាង Christine ទៅទៀត ។
បន្តបន្ទាប់មក ក៏ចាប់ផ្ដើមមានប្រជាជនហ្វីលីពីនខ្លះដែលធ្លាប់បង្ហោះសារជេរប្រមាថលើជនសង្ស័យ ក៏បានលប់ផុសចេញ និងមានអ្នកខ្លះបានសរសេរថា ការទាមទារយុត្តធម៌អោយនារីរងគ្រោះជារឿងដែលត្រូវធ្វើ តែការដែលមិនទៅលាបពណ៌មនុស្សល្អបរិសុទ្ធ ក៏ជារឿងសំខាន់ដូចគ្នា ។ ដូច្នេះ សូមទុករឿងនេះអោយប៉ូលីស និងតុលាកាទៅ ។
ជាមួយគ្នានេះដែរ ក៏មានមតិភាគច្រើនទៀត យល់ថា ទោះបីជាខ្ទើយ ពុំអាចថា មិនប្រព្រឹត្តល្មើសផ្លូវភេទលើមនុស្សស្រីនោះទេ ។ ហើយមតិទាំងអស់ជឿថា យប់នោះប្រាកដជាមានហេតុការណ៍មិនល្អណាមួយកើតឡើងលើរូបនាងមិនខាន ក្នុងខណៈដែលគ្រួសាររបស់ Christine ជឿថា កូនស្រីត្រូវគេដាក់ថ្នាំ ។លទ្ធផល នៃការធ្វើកោសលវិច័្ចយ
លទ្ធផល នៃការធ្វើកោសលវិច័យ របស់ប៉ូលីសម្ដងនេះបានបង្ហាញថា នាង Christine បាត់បង់ជីវិត ដោយប៉ោងដាច់សរសៃឈាមខួរក្បាល និងមិនបាននិយាយដល់រឿងទឹកកាម ដែលធ្លាប់និយាយថា ប្រទះឃើញក្នុងរាងកាយនាងកន្លងមកនោះទេ ដែលធ្វើអោយអ្នកនិយមលេងនៅលើបណ្តាញសង្គមហ្វីលីពីន ក្ដៅម្ដងទៀត លើកនេះនាំគ្នារិះគន់ មន្ត្រីប៉ូលិសយ៉ាងចាស់ដៃ ។
ដោយឡែក ឯកសារមួយច្បាប់មានអ្នកថត យកមកបង្ហោះ ចែករំលែកយ៉ាងគគ្រឹកគគ្រេង ក្នុងឯកសារនោះ បានបង្ហាញថា នាង Christine ស្លាប់ដោយសារជំងឺ និងបង្ហាញទៀតថា សន្ទះព្រហ្មចារី បានដាច់តែវាជាស្លាកស្នាមចាស់ដែលជាទៅហើយ ដំបៅក្នុងទ្វារមាសត្រូវបានជាសះស្បើយមានន័យថា វាមានតាំងពីប៉ុន្មានថ្ងៃមុន និងមិនមានការបញ្ជាក់ពីទឹកអាសុជិក្នុងនោះទេ ក្រោយពីឃើញឯកសារនេះ ក៏មានមនុស្សមួយចំនួនចាប់ផ្ដើមជឿថា Christine គ្មានសញ្ញានៃការចាប់រំលោភទេ នាងស្លាប់អាចបណ្តាលមកពីការធ្លុះធ្លាយសរសៃឈាម ។ មតិខ្លះថា មានរឿងនៅពីក្រោយខ្នង អាចនាងប្រើថ្នាំ ឫមួយមានគេសម្លាប់នាងពិតមែន ប៉ុន្តែយ៉ាងណា វានៅតែជា អាថ៌កំបាំង ។
រឿងរ៉ាវគួរអោយសង្ស័យផ្សេងៗទៀត ក៏នៅមានបន្តបន្ទាប់ពីមានការចែកចាយវីដេអូ ពីកាមេរ៉ាសុវត្តិភាពរបស់សណ្ឋាគារ រកឃើញថា នាង Christine នៅជាមួយមិត្តភក្តិប្រុសច្រើននាក់ មានការឱប គៀកស្នា និងរូបភាពដែលនាងដោះស្បែកជើងកាន់ទៀត ប៉ុន្តែវានៅជារឿងគួរអោយសង្ស័យនៅឡើយ ថាតើវាកើតរឿងអ្វីអោយប្រាកដក្នុងរូបភាពនោះ ?ការចាប់យករូបភាពរបស់ទូរទស្សន៍ CCTV បានបង្ហាញពីម៉ោងនៅថ្ងៃឆ្លងចូលឆ្នាំថ្មី នៅក្នុងរូបថតមួយថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១ និង៣៨នាទី នាង Christine ត្រូវបានគេឃើញកាន់ស្បែកជើងរបស់នាង និងកែវស្រា នៅក្បែរបុរសពីរនាក់ នៅខាងក្រៅបន្ទប់លេខ 2209 ។ នៅក្នុងការចាប់យកអេក្រង់មួយផ្សេងទៀត នាថ្ងៃទី១ ខែមករា ម៉ោង៣និង២២នាទី នាង Christine ត្រូវបានគេឃើញដើរដោយជើងទទេ ជាមួយបុរសបីនាក់ ។
ចុងក្រោយ មានរូបភាពធ្លាយពីជនជាប់សង្ស័យម្នាក់ ដែលបានចូលរួមក្នុងកម្មវិធីជប់លៀង បង្ហាញជារូបភាព ដែលនាង Christine អង្គុយក្អួតក្នុងបន្ទប់ទឹក ហើយលើកម្រាមដៃ ២ដាក់កាមេរ៉ា ដោយពេលដែលថតនោះ គឺម៉ោង ០៦និង៣៩នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នេះសឲ្យឃើញថា នាងនៅមានជីវិត ក្នុងអំឡុងពេលនោះ ។ទោះជាយ៉ាងណា រង់ចាំមើលរឿងមួយនេះ ជាមួយកោះសន្តិភាពបន្តទៀត អ្វីដែលជាអាថ៌កំបាំង ? ហើយមរណភាពរបស់នារីអាកាសចរណ៍ហ្វីលីពីនដ៏ស្រស់ស្អាតរូបនេះដោយសារអ្វីឲ្យច្បាស់លាស់ ?
ដកស្រង់ពី៖ កោះសន្តិភាព