វា​​ប្រា​កដមានមូលហេតុអ្វី​ទើប​ឈាន​ដក​កាំភ្លើង​បាញ់​​រះលើលោក​បែប​​នេះ?

រាជធានីភ្នំពេញ ៖ ​ គិតនៅ​ព្រឹកថ្ងៃទី​៣០ ធ្នូ នេះ សមត្ថកិច្ច​កំពុង​តាម​​ស្រាវជ្រាវ​បន្តយ៉ាង​យកចិត្តទុកដាក់ ​ដើម្បី​ស្វែងរកខ្មាន់កាំភ្លើងរូបនោះ ។ ​តើ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬក៏​ជា​ករណី​គំនុំ ទើប​ឈាន​ដល់​ការ​បាញ់​សម្លាប់​បែប​នេះ អាចដឹង​ច្បាស់បន្ទាប់​ពីឃាត់​ខ្លួន​​ជននោះបាន ។ ​

សូមរំលឹកថា បុរស​ជា​ខ្មាន់​កាំភ្លើង​បាន​បើករថយន្ត​បុក​ជាមួយ​រថយន្តជនរងគ្រោះ ​ដែល​ជា​​លោកនាយ​រង​ការិយាល័យ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ និងជាថៅ​កែ​ហាង​លក់បាយ(ក្បែរសាលាបាក់ទូក)ផង​​ ពីក្រោយ​រថយន្ត​របស់លោកបណ្តាលឱ្យ​រង​ការ​ខូច​ខាត​តិច​តួចទេ តែ​ដោះ​ស្រាយ​មិន​ត្រូវ​គ្នា ​ក៏ដក​កាំភ្លើង​បាញ់​៦​គ្រាប់​រង​របួស​ធ្ងន់ធ្ងរ​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏បាន​ស្លាប់តែម្តង។

ចំណែក​ខ្មាន់កាំភ្លើង​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​នៅ​​វេលា​ម៉ោង​១២​និង៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ធ្នូ នេះ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ជិត​ស្តុ​ប​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះខាងលើ ឈ្មោះ រ៉េ​ត ស៊ី​ណែ​ត ហៅ​ញ៉​ក់ ​អាយុ​៤០​ឆ្នាំ ជា​នាយ​រង​ការិយា​ល័យ​​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ (​រហស្ស​នាម​ទិវា​១២) បច្ចុប្បន្ន ស្នាក់​នៅ ម្ដុំ​សាលា​បាក់​ទូក សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា បើកបរ​រថយន្ត ម៉ាក Ford Raptor ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 2BD- 3738 ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ ដោយឡែក ​ជន​ដៃដល់​ជា​ខ្មា​ន់កាំភ្លើង​នៅ​មិនទាន់​​ស្គាល់​អត្តសញ្ញាណ​ទេ ​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A- 4546 បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បើករថយន្ត​ម៉ាក Ford Raptor​ពណ៌​ស មាន​គ្នា​២​នាក់​កូនចៅ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ជន​ដៃដល់​បើករថយន្ត​ម៉ាក លុ​ច​ស៊ី​ស​RX-300 ពណ៌​ខ្មៅ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្របគ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​រថយន្ត​បង្ក​ដែល​ជា​ជន​ដៃដល់​បាន​បើករថយន្ត​បុក​រថយន្ត​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច បែក​ស្តុ​ប​ចំហៀង​ខាងឆ្វេង​នឹង​កំ​ពិត​តិច

តួច ។

ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង បាន​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​១០​ម៉ែត្រ​ ដើម្បី​អែប​ខាង​ឈប់​ចរចា​គ្នា ដោយ​ភាគី​បង្ក​បាន​ចរចា​ជាមួយ​ជន​រង​គ្រោះ ។ ការ​ចរចា​គ្នា​នោះ​មាន​លោក​ចៅសង្កាត់​រង​កា​កាប​ទី​២ ដែល​នៅ​ក្បែរ​នោះ​បាន​មក​ជួយ​អន្តរាគមន៍​និង​ប្រជា​ពលរដ្ឋ​ផង​ដែរ តែ​ការ​ដោះស្រាយ​គ្នា​មិន​ត្រូវ ដោយសារ​ជន​រង​គ្រោះ​ចង់​ឲ្យ​ជន​បង្ក​យក​រថយន្ត​របស់​គាត់​ទៅ​ជួសជុល​អោយ ខណៈ​ពេល​ចរចា​គ្នា​មិន​ត្រូវ និង​មានការ​ជជែក​វែកញែក​គ្នា ​។

ស្រាប់តែ​ជន​ដៃដល់​ដែល​ជា​អ្នក​បើករថយន្ត​បង្ក​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់​ផ្ទួន​ៗ​គ្នា​រង​របួស ធ្ងន់ធ្ងរ​ហើយ ជន​ដៃដល់​បាន​ដេញ​បាញ់​៣​គ្រាប់​ទៀត​ ទៅ​លើ​អ្នក​រួម​ដំណើរ​ដែល​ជា​កូនចៅ ព្រមទាំង​ប្រជាពលរដ្ឋ​រួម​ទាំង​លោក​ចៅ​សង្កាត់​រង​កា​កាប​ទី​២ ដែល​នៅ​កន្លែង​កើតហេតុ បណ្តាល​ឲ្យ​ភ័យ​រត់​ជែង​ជើង​គ្នា​មិន​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​ផ្លា​ត​គ្រាប់​ទៅ​ត្រូវ​ផ្ទះសំណាក់​ជនជាតិ​ចិន​យីហោ សាំងហ៊រ​ទៀន នៅ​ក្បែរ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

ភ្លាម​នោះ​ ជន​ដៃដល់​បាន​រត់ឡើង​រថយន្ត​បើក​ចេញ​ទៅ ទើប​កូនចៅ​របស់​ជន​រង​គ្រោះ​បានរ​ត់ទៅ​ទាញ​កាំភ្លើង​ពី​ចង្កេះ​ជន​រង​គ្រោះ​បាញ់​សំដៅ​រថយន្ត​ជន​ដៃដល់​ចំនួន​៣​វិញ តែ​រថយន្ត​បង្ក​បើក​ចេញ​ទៅ​បាត់​ហើយ ។

ប្រភព​ព​ត៌​មាន​ពី​បុរស​អ្នក​រួម​ដំណើរ​ដែល​ជា​កូនចៅ​របស់​ជន​រង​គ្រោះ​បាន​បង្ហើប​អោយ​ដឹង​ថា មុន​កើតហេតុ​គ្រាន់តែ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរ​តិចតួច ដោះស្រាយ​មិន​ត្រូវ​គ្នា មានការ ជជែក​គ្នា​ស្រាប់តែ​ដៃដល់​ដែល​ជា​អ្នក​បើករថយន្ត​បង្ក​បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ ហើយ​បាញ់​សំដៅ​រូប​គាត់​និង​អ្នក​នៅ​កន្លែង​កើតហេតុ​ចំនួន​៣​គ្រាប់​ទៀត​ទើប​បើករថយន្ត​ចេញ​ទៅ​បាត់ ខណៈ​ពេល​ជន​ដៃដល់​បើករថយន្ត​ចេញ រូប​គាត់​បានរ​ត់ទៅ​ដក​កាំភ្លើង​ពី​ចង្កេះ​ជន​រង​គ្រោះ​បាញ់​ទៅ​លើ​រថយន្ត​ជន​ដៃដល់​ដែល​កំពុង​បើក​ចេញ​ចំនួន​៣​គ្រាប់​វិញ​ផង​ដែរ ។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ដេក​ដួល​ស្តូកស្តឹង​ឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​រថយន្ត​ស​ង្រោះ​ឯកជន​ដឹក​យក​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ​ ។ បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​មាន​ផ្នែក​ជំនាញ​ចរាចរណ៍ នឹង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​បាញ់​ចំ​ក្បាល​ចំនួន​១​គ្រាប់ ចំ​ដើមទ្រូង​ចំនួន​២​គ្រាប់ ។ នៅ​កន្លែង​កើតហេតុ​ ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​រក​ឃើញ​សំបក​កា​ទុ​ស្ស​​ចំនួន​៩​គ្រាប់ ។

ដោយឡែក សព​ជន​រង​គ្រោះ​បន្ទាប់​ពី​កើតហេតុ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ​ម្តុំ​សាលា​បាក់​ទូក​ខណ្ឌ 7​មក​រា​តែ​ម្តង ។

ដកស្រង់ពី៖ កាសែតកោះសន្តិភាព