សូម​ត្រៀម​អាវរងាអោយហើយទៅ កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៤​អង្សា​សេពី…..

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២០ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៤ អង្សា​សេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ស្តី ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣០ ធ្នូ ដល់​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ខ្ពស់​ប្រទេស​ចិន ដែល​រំកិល​ចុះ​មក​ក្រោម និង​ខ្យល់មូសុង​ឦសាន ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ធាតុអាកាស​ចុះ​ត្រជាក់​សារ​ជា​ថ្មី ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ដល់​ថ្ងៃ​ទី​៣ ខែមករា ក្នុង​នោះ​នៅ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨​អង្សា​សេ និង​អតិបរមា​មាន​ពី​២៥-២៧​អង្សា​សេ ។ បណ្តា​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១ អង្សា​សេ និង​អតិបរមា មាន​ពី ២៦-២៨ អង្សា​សេ ។

ចំណែក​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៤-១៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៦-២៨ អង្សា​សេ ។ ដោយឡែក តំបន់​មាត់សមុទ្រ​វិញ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២ -២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ អង្សា​សេ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំ​បាវ​នាវ​ដល់​ប្រជាពលរដ្ឋ និង​សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន​ពិសេស វី​រៈ​កងទ័ព​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ។ ដោយឡែក​សម្រាប់​ប្រជា​នេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ៕

ដកស្រង់ពី៖ kohsantepheapdaily