មិនថមថយឡើយ! អង់គ្លេសពេលនេះបែរជាមានជំងឺកូវីដ១៩ រូបរាងថ្មីឆ្លងលើសមុន៧០%

(រាជធានីភ្នំពេញ)៖​ ការរកឃេីញវីរុសកូវីដ-១៩​ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ភាពធ្ងន់ធ្ងរគ្លីនិក​ ភាពផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់នានា​៖

ដោយសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ​ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានឆ្លៀតឱកាស ជម្រាបជូនបងប្អូនសាធារណជនទាំងអស់​ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន​ មានដូចតទៅ៖

១.​ ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩​ ដែលបានបំលែងខ្លួន (Mutation) នេះ​ ដែលធ្លាប់មានការចុះផ្សាយកន្លង​មកដែរ​ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩​ នេះ។

៣.​ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស​ បង្ហាញថា​ ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ​ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ​ ហេីយរហូតមកដល់បច្ចុប្បន្ននេះ​ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង​នេះនៅឡេីយ។ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប​ សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក​ ការឆ្លង​ ការផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង​ និងការតាមដានករណីឆ្លងឡើងវិញ​ (re-infection)​ផងដែរ។

៤.​ ខ្ញុំសុំបញ្ជាក់ជូនផងដែរថា​ ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ​ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។

៥.​ អ្វីដែលសំខាន់នៅពេលនេះ​ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩​ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក​ ដោយមជ្ឈមណ្ឌលកូវ៉ាក់​ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំង​ មុនការប្រេីប្រាស់នៅកម្ពុជានោះ​ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩​ (បំលែងបែបណាក៏ដោយ)​ យេីងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​ការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ ដោយគ្រប់ៗគ្នា​ ត្រូវចូលរួមអនុវត្តវិធានការ​ ៖

-​ ការពារ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។

-​ កុំ​៖​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កុំទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ពេលជួបគ្នាកុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ ឫកុំឱបគ្នា​ ជាដេីម។

-​ ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ដោយចេះកែប្រែឥរិយាបទ​ និងទម្លាប់នៃការរស់នៅ​ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩​ តាមការណែនាំខាងលេីនេះ។