ជីវិតរស់នៅសាមញ្ញបំផុតមេធំហ្វេសប៊ុក គ្មានអ្នកបម្រើឆ្វេងស្តាំសូម្បីម្នាក់

រូបភាពជាសេដ្ឋី​ក្នុងក្តីស្រមៃ​របស់អ្នកចង់ក្លាយជាអ្នកមានប្រហែលជា មានផ្ទះធំទ្រនំខ្ពស់ អ្នកបម្រើឆ្វេងស្ដាំ ឡានរាប់ភ្លេចជាដើម។​ ប៉ុន្តែមែនទែនទៅសម្រាប់សេដ្ឋី​បច្ចេកវិទ្យា​ដែលរកទ្រព្យរាប់ពាន់លានដុល្លារ​បានដោយខ្លួនឯងភាគច្រើនពួកគាត់រស់​នៅយ៉ាងសាមញ្ញបំផុត។

តួយ៉ាង​ស្ថាបនិក Facebook លោក Mark Zuckerberg និងភរិយាអ្នកស្រី Pricilla Chan ដែលមាននាម​ជាសេដ្ឋីពាន់លានដុល្លារ ដោយសារ​ការបង្កើត​ទ្រព្យដោយខ្លួនឯងនោះ រស់នៅផ្ទះធំ​ដោយ​មិនមានអ្នកបម្រើសូម្បីតែម្នាក់បើតាមវីឌីអូ​មួយចូលទៅដល់ក្នុងផ្ទះផ្ទាល់ចេញផ្សាយដោយទូរទស្សន៍អាមេរិក CBS។

នៅក្នុងវីឌីអូនោះផងដែរ ក៏បានបង្ហាញពីរបៀបដែល​ប្ដីប្រពន្ធ Mark និង Pricilla គាត់បីបាច់កូន ដោយមិនបានឱ្យកូន​ប្រើប្រាស់របស់របរបច្ចេកវិទ្យា​នោះទេ ប៉ុន្តែព្យយាមឱ្យកូនៗរបស់ពួកគាត់ធ្វើសកម្មភាព​ជាច្រើនក្នុងពិភពពិត ខុសពី​ក្មេងៗដទៃ​ដែលកំពុង​តែវក់នឹង​ហ្គេម ឬបណ្ដាញសង្គមនោះ។

មញ្ញរបស់សេដ្ឋីរូបនេះ​ សូម្បីតែពេលរៀបការ​ដែលជាថ្ងៃសំខាន់ក្នុងជីវិត​របស់គាត់ គាត់មិនបានចំណាយ​លុយទៅរៀបចំ​រោង​ធំដំអ្វីនោះទេ គ្រាន់តែជួបគ្នា​អ្នកជិតស្និត​ប៉ុន្មាននាក់តែប៉ុណ្ណោះ ហើយចញ្ចៀនរៀបការរបស់គាត់វិញមានតម្លៃ​ខ្ទង់២ពាន់ដុល្លារ​តែប៉ុណ្ណោះ។

ថ្វីត្បិត​ថា Mark Zuckerberg មិនមានអ្នកបម្រើឆ្វេងស្ដាំក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Facebook ចំណាយច្រើន​ទៅលើសុវត្ថិភាពរបស់គាត់រហូតដល់ទៅខ្ទង់​២២.៦លានដុល្លារ នេះបើតាមទស្សនាវដ្តី Forbes ក៏ព្រោះតែ​គាត់ជាបុគ្គលសំខាន់មួយរូបសម្រាប់ Facebook និង​ពិភពលោកទាំង​មូល៕

អត្ថបទដោយ៖ Sakada Techie